ប្រស្នាវិន័យប្បញ្ញត្តិ,ថ្នាក់ត្រី ភាគ២, សំណួរនិងចម្លើយ បាតិមោក្ខ, និស្សគ្គិយបាចិត្តិយ ៣០ សិក្ខាបទ, សំណួរ ចម្លើយ និស្សគ្គិយបាចិត្តិយ ៣០
ប្រស្នាវិនយប្បញ្ញត្តិ
ជំនួយដល់អ្នករៀនធម្មវិន័យ
ថ្នាក់ត្រី ភាគ ២
ឧបត្តិកថា
ប្រស្នាវិនយប្បញ្ញត្តិភាគ ១ ដែលបានបោះពុម្ពផ្សាយចេញរួចស្រេចហើយ ទុកដូចជាហាន
ទី១ មានសិក្ខាកាមកុលបុត្រនិយមរាប់អានជាច្រើនការនិយមរាប់អាននេះជាវត្ថុបំណងដ៏ខ្ពង់ខ្ពស់របស់ខ្ញុំ និងហេតុនាំឲ្យខ្ញុំមានកម្លាំងខំប្រឹងសរសេរប្រស្នាវិនយប្បញ្ញត្តិភាគ ២ នេះដែលទុកដូចជាជំហានទី ២ រឹតតែខ្លាំងឡើងទៀត ឥឡូវនេះប្រស្នាភាគ ២ នេះ បានសម្រេចដូចបំណងខ្ញុំហើយ, ប្រស្នានេះកើតឡើងដោយវីរិយភាពរបស់ខ្ញុំដែលខំប្រឹងពេញកម្លាំង ដើម្បីទុកជាទីរំលឹកដល់បុញ្ញកម្មដែលបានកសាងក្នុងពេលនៅចាំវស្សាឆ្នាំរោងចត្វាស័ក ព.ស.២៤៩៥ ខ្ញុំមានចិត្តត្រេកអរដ៏ក្រៃលែងចំពោះព្រះតេជគុណព្រះគុណ ព្រះគ្រូរតនាមុនី សោ ប៉ឹម ដែលជាទីប្រឹក្សារបស់ខ្ញុំយ៉ាងហ្មត់ចត់ ក្នុងការរៀបរៀងប្រស្នានេះ ទាំងសូមអរគុណចំពោះលោកមហា ៣ អង្គ (គឺមហា ដាំ សោម កាលនៅជានិស្សិតសាលាបាលីរង,ដាំ យ៉ាន កាលនៅនិស្សិតសាលាបាលីជាន់ខ្ពស់, ឡុង យន់ កាលនៅជានិស្សិតសាលាបំពេញវិជ្ជាធម្មវិន័យ) ដែលខំយកព្រះទ័យទុកដាក់ក្នុងការជួយសរសេរចម្លង ដោយសុទ្ធចិត្តដរាបដល់បានសម្រេចគោលបំណងរបស់ខ្ញុំ ។
ខ្ញុំសូមលើកយកភាគផល ដែលកើតអំពីបុញ្ញកម្មដ៏ប្រសើរ (គឺការកសាងសៀវភៅប្រស្នា) នេះ ជូនចំពោះទៅវិញ្ញាណក្ខន្ធរបស់លោក លាក់ ធន់ ដែលត្រូវជាបិតារបស់ខ្ញុំដែលអនិច្ចកម្មទៅហើយ សូមឱ្យលោកទទួលយកចំណែកតាមភាគផលនេះ ហើយសូមឱ្យបានសោយសេចក្ដីសុខចម្រើនជានិរន្តតទៅ ។
ក្នុងការរៀបរៀងធម្មកថានេះ ខ្ញុំសូមអភ័យទោសអំពីសំណាក់លោកអ្នកប្រាជ្ញទាំងឡាយត្រង់សេចក្ដីដែលឆ្គាំឆ្គង និងមិនរាបសាខ្លះ ។
ព្រះគ្រូសង្ឃសុមេធ ធន់ វ៉ាន់ (ធម្មប្បញ្ញោ)
ថ្ងៃទី ១៥ កញ្ញា ២៤៩៥ គ.ស.១៩៥២
វត្តឧណ្ណាលោម ភ្នំពេញ
ប្រស្នាវិនយប្បញ្ញត្តិ
ភាគ ២
តតិយបារាជិក
១- ស. ភិក្ខុដាក់ថ្នាំដល់អ្នកជំងឺដោយខុសទំនង អ្នកឈឺក៏ស្លាប់ទៅ
តើត្រូវមនុស្សវិគ្គហៈដែរឬទេ?
ឆ. កាលដែលដឹងថាជាមនុស្សវិគ្គហៈ និងមិនជាមនុស្សវិគ្គហៈនោះត្រូវសម្គាល់ដោយចេតនា, បើភិក្ខុប្រកបដោយករុណាដល់មនុស្សឈឺមិនមានចិត្តអាឃាតទេ ដាក់ថ្នាំខុសព្រោះភន្ដ័ច្រឡំមិនត្រូវមនុស្សវិគ្គហៈទេ ។
២- ស. ភិក្ខុ ន ធ្វើពេទ្យវះដំបៅពិសភិក្ខុ មោ ដើម្បីមើលឱ្យជា តែវះទៅដំបៅនោះក្លាយទៅជាដំបៅពិស ភិក្ខុ មោ ក៏ដល់នូវមរណភាព តើភិក្ខុ ន ត្រូវបារាជិកព្រោះមនុស្សវិគ្គហៈដែរឬទេ ?
ឆ. មិនត្រូវទេ ព្រោះក្នុងសិក្ខាបទតតិយបារាជិកនោះ បើភិក្ខុមានចិត្តក្លែងទើបត្រូវ ។
៣- ស. ភិក្ខុ ក លបប្រហារជីវិតភិក្ខុ ខ ស្លាប់ តែមិនមានអ្នកណាដឹងឮទេ, បើតាមច្បាប់អាណាចក្រមិនត្រូវទោសទេ, ចុះច្បាប់ពុទ្ធចក្រ
តើភិក្ខុ ក នោះត្រូវទោសឬទេ ?
ឆ. មិនដូចជាច្បាប់អាណាចក្រ, ភិក្ខុ ក នោះនឹងដាច់ចាកភិក្ខុភាវៈ បើធៀបដោយច្បាប់អាណាចក្រត្រូវទោសដល់ប្រហារជីវិត ឯការធ្វើ
ទោសក្នុងពុទ្ធចក្រ មិនត្រូវមានអ្នកដទៃធ្វើទោសឱ្យទេ ត្រូវម្ចាស់ខ្លួនឯងដាក់ទោសខ្លួនឯង វៀរលែងតែមនុស្សអាក្រក់លើសលប់ដល់អ្នកដទៃចាប់បានហើយ
ទើបត្រូវមុខក្រសួងអ្នកដទៃធ្វើទោសឱ្យមានបណ្ដេញចេញអំពីពួកជាដើម ។
៤- ស. មនុស្សកាចចង្រៃព្រះពុទ្ធជាម្ចាស់ទ្រង់សំដែងទោសក្នុងវិន័យយ៉ាងធ្ងន់បំផុតតើកំណត់
ទុកត្រឹមណា ? មានសិក្ខាបទអ្វីជាកំណត់ ? មានសេចក្ដីថាដូចម្ដេច ?
ឆ. ត្រឹមតែដាច់ចាកភិក្ខុភាវៈ គឺសំដែងទោសដល់បារាជិកជាយ៉ាងធ្ងន់បំផុត មានបារាជិកទី ៣ ជាកំណត់ សេចក្ដីថា ភិក្ខុណាក្លែងសម្លាប់មនុស្សឱ្យស្លាប់ ភិក្ខុនោះត្រូវអាបត្តិបារាជិក ។
៥- ស. ចុះតតិយបារាជិកនេះ មានអង្គប៉ុន្មាន ? អ្វីខ្លះ ?
ឆ. មានអង្គ ៥ គឺ
១.មនុស្សជាតិបាណោ សត្វមានជាតិជាមនុស្ស ,
២.បាណសញ្ញិតា ដឹងថាមនុស្សមានជីវិត,
៣.វធកចិត្តំ ចិត្តចង់សម្លាប់,
៤.ឧបក្កមោ ព្យាយាមនឹងសម្លាប់ដោយប្រយោគផ្សេងៗ,
៥.តេន មរណំ មនុស្សស្លាប់ដោយព្យាយាមនោះ ។
៦- ស. ចុះភិក្ខុប៉ុន្មានពួក ដែលមិនត្រូវអាបត្តិក្នុងសិក្ខាបទនេះ? គឺអ្វីខ្លះ ?
ឆ. ភិក្ខុ ៦ ពួកគឺៈ
១. អសញ្ចិច្ច ភិក្ខុមិនក្លែង
២. អជានន្តស្ស ភិក្ខុមិនដឹង,
៣. នមរណាធិប្បាយស្ស ភិក្ខុមិនប្រាថ្នាឱ្យស្លាប់
៤. ឧម្មត្តកស្ស ភិក្ខុឆ្កួត,
៥. ខិត្តចិត្តស្ស ភិក្ខុមានចិត្តរវើរវាយ,
៦. វេទនដ្ដស្ស ភិក្ខុដើមបញ្ញត្តិ ។
ចប់តតិយបារាជិក
ចតុត្ថបារាជិក
៧- ស. យ៉ាងដូចម្ដេចហៅថាពោលអួតឧត្តរិមនុស្សធម្ម ?
ឆ. ពោលអួតឧត្តរិមនុស្សធម្មនោះ គឺអួតធម៌ដែលជាពួក ឬធម៌របស់មនុស្សដ៏ក្រៃលែងពុទ្ធសាសនា ដូចអួតថាខ្លួនបានសម្រេចមគ្គផលដល់ថ្នាក់សោតាជាដើម យ៉ាងនេះហៅថាពោលអួតឧត្តរិមនុស្សធម៌ ។
៨- ស. បើមិនមានពុទ្ធប្បញ្ញត្តិ ហាមទេ គឺបណ្ដោយឱ្យភិក្ខុពោលអួតឧត្តរិមនុស្សធម៌ តើនឹងមានផលដូចម្ដេចខ្លះ?
ឆ.មានផលអាក្រក់ពោលគឺសេចក្ដីសាបសូន្យប៉ុណ្ណោះឯងទុកថាជាការប្រទូស្ដចំពោះ
ព្រះពុទ្ធសាសនាយ៉ាងក្លៀវក្លា ការអួតឧត្តរិមនុស្សធម៌ ការកន្លងលោកធ្វើឱ្យមនុស្សមានបញ្ញាតិចវង្វេងជឿតាមសេចក្ដីដែលមិនពិត តែធ្វើឱ្យមនុស្សនោះបានទទួលសេចក្ដីអន្តរាយព្រោះសេចក្ដីជឿក្នុងវត្ថុដែលខុស ។ ការខុសនេះមានអំណាច នឹងអាចទំលាយជីវិតរបស់អ្នកនោះក៏មាន, ចំណែកខាងអ្នកមានបញ្ញាច្រើន គេបានត្រិះរិះមិនជឿបានដោយងាយៗ ទេ ឈ្មោះថាធ្វើសេចក្ដីចូលចិត្តរបស់អ្នកនោះ មិនឱ្យជឿនឹងឈ្មោះថាអស់សេចក្ដីជ្រះថ្លាក្នុងព្រះពុទ្ធសាសនា កាលបើមិនមានអ្នកដែលមានសតិបញ្ញា រាប់អានកាន់ពុទ្ធសាសនាហើយ ពុទ្ធសាសនាក៏នឹងសាបសូន្យ ចុះទៅព្រោះមានការរាប់កាន់យកនឹងសេចក្ដីជ្រះថ្លា សុទ្ធតែពួកដែលល្ងង់ខ្លៅប៉ុណ្ណោះ ឯពួកអ្នកដែលល្ងង់ខ្លៅមិនមានវិជ្ជាការចេះដឹងហើយ តើនឹងយកអ្វីធ្វើជាឧបការចំពោះព្រះពុទ្ធសាសនាបាន ? ព្រោះពួកនោះនាំគ្នាប្រព្រឹត្តកាន់សុទ្ធតែផ្លូវខុសទាំងអស់, កាលបើដូច្នោះមិនត្រូវសង្ស័យឡើយ ឯព្រះពុទ្ធសាសនាដែលនឹងស្ថិរស្ថេរចីរកាលតាំងនៅដរាបដល់សព្វថ្ងៃនេះបាន ក៏ព្រោះតែសេចក្ដីជឿត្រូវរបស់មនុស្សទួទៅ
ទើបព្រះពុទ្ធសាសនាអាចឡើងទៅកាន់សេចក្ដីចម្រើនបាន ។
៩- ស. ភិក្ខុមិនមានសទ្ធាអួតថាមានសទ្ធា តើត្រូវអាបត្តិអ្វី?
ឆ. បើអួតលោកិយសទ្ធា ដែលហៅថាចលស្សទ្ធា (សទ្ធាកម្រើក) ត្រវអាបត្តិបាចិត្តិយៈ ព្រោះពោលមុសាវាទ, បើអួតលោកុត្តរសទ្ធាដែលហៅថា អចលស្សទ្ធា (សទ្ធាមិនកម្រើក) ត្រូវអាបត្តិបារាជិកព្រោះពោលអួតឧត្តរិមនុស្សធម៌ ។
១០- ស. បារាជិកទី ៤ ភិក្ខុត្រូវដោយដឹងខ្លួនថាធ្វើ ឬមិនដឹងខ្លួនក៏ត្រូវដែរ? សម្គាល់បានដូចម្ដេច?
ឆ. ដឹងខ្លួនថាធ្វើទើបត្រូវ សង្កេតដោយអង្គដែលមានចេតនាអួតដោយប្រាថ្នាលាភ, បើមិនបុគ្គលមិនដឹងខ្លួនហើយអួត ដោយប្រាថ្នាលាភទើបដឹងបានមិនដឹងក៏មិនត្រូវទោស ។
១១- ស. សិក្ខាបទទីប៉ុន្មានខ្លះដែលប្រើឱ្យគេធ្វើក៏ត្រូវដែរ?
ឆ. សិក្ខាបទទី ២ និងទី៣ ប្រើឱ្យគេធ្វើក៏ត្រូវដែរ ។
១២- ស. បារាជិកទាំង ៤ នោះ ភិក្ខុត្រូវដោយកន្លងគ្រប់ទាំង៤ ឬកន្លងណានីមួយក៏ត្រូវដែរ ឬលុះតែកលន្លងដល់ ៤ គ្រាទើបត្រូវបារាជិក?
ឆ. មិនដូច្នោះទេ ឱ្យតែកន្លងសិក្ខាបទណា ១ សូម្បីតែម្ដងក៏ត្រូវបារាជិកដែរ ។
១៣- ស. ក្នុងបារាជិកទាំង ៤ នោះ ភិក្ខុមិនធ្វើខ្លួនឯងទេ តែប្រើឱ្យគេធ្វើ តើត្រូវអាបត្តិបារាជិកឬទេ?
ឆ. ត្រូវអាបត្តិបារាជិកក៏មាន គឺសិក្ខាបទទី ២ និងហទី ៣ ក្រៅពីនោះមិនជាអ្វី ។
១៤- ស. ចុះសិក្ខាបទទី ៤ នេះ មានអង្គប៉ុន្មាន? គឺអ្វីខ្លះ?
ឆ. មានអង្គ ៥ គឺៈ
១. ឧត្តរិមនុស្សធម្មំ អត្តនិ អសន្ដតា ឧត្តរិមនុស្សធម៌មិនមានក្នុងខ្លួន
២. បាបិច្ឆតាយ តស្ស អារោចនំ អួតដោយប្រាថ្នាលាភ ប្រាថ្នាសេចក្ដីសរសើរ,
៣. អនញ្ញាបទេសោ មិនអាងអ្នកដទៃ
៤. យស្ស អារោចេតិ តស្ស មនុស្សជាតិកតា ប្រាប់ដល់អ្នកណា
អ្នកនោះមានជាតិជាមនុស្ស,
៥. តំ ខណំវិជាននំ គេដឹងច្បាស់នូវសេចក្ដីក្នុងខណៈនោះ ។
១៥- ស. ចុះភិក្ខុប៉ុន្មានពួកមិនត្រូវទោសក្នុងសិក្ខាបទនេះ? គឺអ្វីខ្លះ?
ឆ. ភិក្ខុ ៦ ពួកមិនត្រូវទោសគឺៈ
១. អធិមានេន ភិក្ខុនិយាយស្មានថាខ្លួនបានមគ្គផល,
២. អនុល្លបនាធិប្បាយុស្ស ភិក្ខុនិយាយពីមគ្គផលឥតមានចង់ពោលកុហក,
៣. ឧម្មត្តកស្ស ភិក្ខុឆ្កួត,
៤. ខិត្តចិត្តស្ស ភិក្ខុមានចិត្ករវើរវាយ,
៥. វេទនាដ្ដស្ស ភិក្ខុមានវេទនាធ្ងន់គ្របសង្កត់
៦. អាទិកម្មិកស្ស ភិក្ខុដើមបញ្ញត្តិ ។
ចប់ចតុត្ថបារាជិក ចប់បារាជិក
សង្ឃាទិសេស
១៦- ស. ពាក្យដែលហៅថាសង្ឃាទិសេសនោះ តើប្រែដូចម្ដេច? អធិប្បាយដូចម្ដេច?
ឆ. ប្រែថាសេចក្ដីល្មើសមានសង្ឃនិងកម្មខាងដើម និងកម្មដ៏សេស អធិប្បាយថា សង្ឃជាអ្នកប្រាប់ទោសឱ្យនូវកម្មនោះឯង សង្ឃនោះឯងជាអ្នករម្ងាប់អាបត្តិ ។
១៧- ស. ភិក្ខុដេកសង្កត់អង្គជាតិដោយតាំងចិត្តថា កាលណាលក់ហើយនឹងយល់សប្ដិឃើញនូវអារម្មណ៍ដ៏ល្អ សុក្កៈ នឹងឃ្លាតចេញ កាលបើដេកលក់ហើយយល់សប្ដិសុក្កៈឃ្លាតចេញ តើភិក្ខុនោះត្រូវអាបត្តិអ្វី ?
ឆ. ត្រូវអាបត្តិសង្ឃាទិសេស ព្រោះការដែលធ្វើយ៉ាងនោះ ក៏ឈ្មោះថាធ្វើដោយព្យាយាម ដែលប្រព្រឹត្តទៅក្នុងកាយនិងចិត្ត ។
១៨- ស. ភិក្ខុខៀវ ត្រូវភិក្ខុ ស ប្ដឹងថា ធ្វើកាយសំសគ្គៈនឹងស្រី ឯពាក្យចោទមានកំណត់គួរស្ដាប់យកជាការពិតបាន តើវិន័យធរនឹងកាត់ទោសឱ្យត្រូវអាបត្តិអ្វី ? ដោយសិក្ខាបទណា ?
ឆ.បើអ្នកឆ្លើយមិនទទួល មានពាក្យកំណត់ដូច្នោះក៏កាត់ទោសបាន អាងអនិយតសិក្ខាបទទាំងពីរ ឬគេចោទចំពោះអាបត្តិណាឱ្យកាត់ទោសចំពោះអាបត្តនោះ កាត់ទោសឱ្យត្រូវអាបត្តិសង្ឃាទិសេសដោយសង្ឃាទិសេសទី ២ ។
១៩- ស. ភិក្ខុត្រូវបង្គាប់ឱ្យគេចាប់ត្រូវកាយស្ដ្រី តើត្រូវអាបត្តិអ្វី?
ឆ. បើត្រូវគេបង្គាប់ឱ្យចាប់ហើយចាប់ត្រូវបើចាប់ត្រូវ ដោយមានសេចក្ដី
តម្រេក គួរកាត់ឱ្យត្រូវអាបត្តិសង្ឃាទិសេសបើចាប់ដោយមិនមានសេចក្ដី
តម្រេកមិនគួរកាត់ឱ្យត្រូវអាបត្តិអ្វីទេ ។
២០- ស. ស្ដ្រីដែលវត្ថុនៃសង្ឃាទិសេស ក្នុងសិក្ខាបទទី ២ និងទី ៣ តើដូចគ្នាឬផ្សេងគ្នា ?
ឆ. ផ្សេងគ្នាក្នុងសិក្ខាបទទី ២ ស្ដ្រីដែលវត្ថុឱ្យកើតអាបត្តិសង្ឃាទិសេសមិនកំណត់ថាស្ដ្រីពួកណាទេ ដោយហោចទៅសូម្បីស្ដ្រីដែលទើបកើតមកក្នុងថ្ងៃនោះ ភិក្ខុមានសេចក្ដីតម្រេកចាប់ដៃឬត្រង់កន្លែងណានីមួយក៏ត្រូវអាបត្តិសង្ឃាទិសេសដែរ, ឯក្នុងសិក្ខាបទទី ៣ សំដៅយកស្ដ្រីដែលដឹងសេចក្ដីច្បាស់លាស់ ។
២១- ស. ស្វាមីនិងភរិយាខឹងគ្នា ភិក្ខុព្យាយាមដឹកនាំឱ្យគេល្អនិងគ្នាដរាបដល់បានសម្រេចតើត្រូវអាបត្តិអ្វី ?
ឆ. មិនត្រូវអាបត្តិអ្វីទេ ព្រោះគេមិនទាន់បានដាច់ចាកគ្នាគ្រាន់តែក្រោធខឹងដល់គ្នានឹងគ្នាប៉ុណ្ណោះ តែបើភិក្ខុនោះចូលចិត្តថាមិនគួរហើយចេះតែខំព្យាយាមធ្វើក៏គង់មិនផុតពីអាបត្តិទុក្កដដែរ ។
២២- ស. សិក្ខាបទទី ៦ និងទី ៧ នៃសង្ឃាទិសេសមានសេចក្ដីផ្សេងគ្នាយ៉ាងណា ?
ឆ. ផ្សេងគ្នាយ៉ាងនេះ សិក្ខាបទទី ៦ សេចក្ដីថាកុដិមិនមានអ្នកណាជាម្ចាស់របស់ភិក្ខុធ្វើដោយខ្លួនឯងក្ដី ប្រើគេឱ្យធ្វើក្ដី ចំពោះទីនៅរបស់ខ្លួនគប្បីធ្វើឱ្យត្រូវប្រមាណ គឺបណ្ដោយ ១២ ចំអាម ទទឹង ៧ ចំអាមដោយចំអាមព្រះសុគត បើធ្វើឱ្យលើសពីនេះទៅ ត្រូវអាបត្តិសង្ឃាទិសេស, ឯសិក្ខាបទទី៧ កុដិមានទាយកជាម្ចាស់របស់ភិក្ខុធ្វើឱ្យលើសប្រមាណក៏បាន
តែត្រូវឱ្យសង្ឃសំដែងទីឱ្យមុនហើយ សឹមធ្វើមិនត្រូវអាបត្តិទេ ។
២៣- ស. បើមានទាយកមកនិយាយចំពោះភិក្ខុថា ខ្ញុំព្រះករុណាមានសទ្ធាចង់សាង
កុដិ បើលោកម្ចាស់ចង់បានទំហំប៉ុណ្ណា ខ្ញុំព្រះករុណាធ្វើប៉ុណ្ណោះប្រគេន ទាំងបានសុំ
ឱ្យសង្ឃសំដែងទីឱ្យហើយស្រេច ភិក្ខុបានប្រាប់ទាយកថា ចង់បានកុដិនេះបណ្ដោយ ១៤ ចំអាម ទទឹង ៩ ចំអាមព្រះសុគត(គឺលើសកំណត់) តើភិក្ខុនោះត្រូវអាបត្តិអ្វី ?
ឆ. មិនត្រូវអាបត្តិអ្វីទេ ព្រោះកុដិនោះមានទាយកជាម្ចាស់របស់ធ្វើឱ្យលើសប្រមាណបាន ។
២៤- ស. ភិក្ខុសាងសាលារៀនធ្វើត្រឹមត្រូវតាមខ្នាត តែមិនបានឱ្យសង្ឃសំដែងទីឱ្យហើយជាមុន តើភិក្ខុនោះត្រូវអាបត្តិត្រង់សិក្ខាបទទី ៦ ឬទី ៧ នៃសង្ឃាទិសេសដែរឬទេ ? ឬក៏គួរសរសើរភិក្ខុនោះទៅវិញ ?
ឆ.មិនត្រូវអាបត្តិអ្វីឡើយ, គួរតែសរសើរលោកនេះថាជាអ្នកទំនុកបម្រុងកិច្ចការដែលគួរ
ប្រកប បើសាលារៀននោះ ជាសលារៀនជាភាសាជាតិទុកថាជាអ្នកជួយបំភ្លឺសតិបញ្ញា
របស់មនុស្សឱ្យភ្លឺស្វាងក្នុងប្រទេសជាតិ, បើសាលារៀនខាងផ្លូវធម្មវិន័យ ទុកថាជា
អ្នកជួយបន្ដអាយុនៃព្រះពុទ្ធសាសនា ។
២៥- ស. ចុះសិក្ខាបទទី ៦ នៃសង្ឃាទិសេស យ៉ាងដូចម្ដេចហៅថា ភិក្ខុត្រូវអាបត្តិព្រោះមិនធ្វើ ? យ៉ាងដូចម្ដេចហៅថាត្រូវព្រោះធ្វើ ?
ឆ.ត្រូវអាបត្តិព្រោះមិនធ្វើ គឺមិនបានសុំឱ្យសង្ឃសំដែងទីឱ្យជាមុន, ត្រូវព្រោះធ្វើគឺធ្វើក្នុងទីដទៃអំពីទីដែលសង្ឃសំដែងឱ្យ ឬធ្វើឱ្យកន្លងហួសប្រមាណ ។
២៦- ស. ចុះសិក្ខាបទទី ៨ និងសិក្ខាបទទី ៩ នៃសង្ឃាទិសេស តើមានសេចក្ដីអធិប្បាយប្លែកគ្នាដូចម្ដេច ?
ឆ. សិក្ខាបទទី ៨ មានសេចក្ដីអធិប្បាយថា អ្នកចោទក៏មិនបានឃើញគេត្រូវបារាជិកទេ មិនបានឭមនុស្សដទៃនិយាយប្រាប់ឱ្យជឿទេ មិនបានរង្កៀសព្រោះអាការក្លែងចោទដោយពិតៗ ទេ, សិក្ខាបទទី ៩ មានសេចក្ដីអធិប្បាយថា ភិក្ខុយកសេចក្ដីដទៃរបស់ភិក្ខុដទៃមកដាក់ឱ្យភិក្ខុមួយរូបទៀត ដែលមានឈ្មោះដូចគ្នាឱ្យចូលចិត្តតាមសេចក្ដីចោទ គឺចោទមិនមានមូលនោះឯងគ្រាន់តែមិនចោទដោយពិតៗ ថាធ្វើយ៉ាងនោះៗ ទេ បើរួមឱ្យខ្លីមកគឺធ្វើសេចក្ដីចូលចិត្តរបស់ភិក្ខុទាំងឡាយ ឱ្យមូលទៅលើភិក្ខុដែលខ្លួនបំណងចោទនោះ ។
២៧- ស. រឿងចោទដោយមិនមានមូលក្នុងសិក្ខាបទទី ៨ នឹងចោទដោយលេសក្នុងសិក្ខាបទទី ៩ នៃសង្ឃាទិសេស តើប្លែកគ្នាយ៉ាងណា ? ដូរអធិប្បាយ ?
ឆ. រឿងចោទដោយមិនមានមូលក្នុងសិក្ខាបទទី ៨ នោះអ្នកចោទក៏មិនបានឃើញគេត្រូវបារាជិកទេ មិនបានឮអ្នកដទៃប្រាប់ឱ្យជឿទេ មិនមានសេចក្ដីរង្កៀសព្រោះការក្លែងចោទដោយពិតៗ ទេ, ចោទដោយអាងលេសក្នុងសិក្ខាបទទី ៩ នោះ គឺយកសេចក្ដីរបស់ភិក្ខុដទៃ មកដាក់ឱ្យភិក្ខុមួយទៀតដែលមានឈ្មោះដូចគ្នាឱ្យពោលថា (ខ្ញុំម្ចាស់ចូលចិត្តយ៉ាងនេះ) គឺបានដល់ចោទមិនមានមូលនោះឯង គ្រាន់តែចោទដោយពិតៗ ថាធ្វើជានិយាយថាបានឃើញ ឬបានឮគេនិយាយប្រាប់ថាភិក្ខុរូបពណ៌យ៉ាងនោះៗ ធ្វើយ៉ាងនោះៗ ពោលដោយរួបរួមទៅគឺធ្វើដោយសេចក្ដីចូលចិត្តរបស់ភិក្ខុទាំងឡាយ ឱ្យមូលទៅលើរូបភិក្ខុដែលខ្លួនចោទនោះឯង ។
២៨- ស. យ៉ាងណាហៅថាអាបត្តិមិនមានមូល ? ភិក្ខុចោទដោយអាបត្តិមិនមានមូល
តើត្រូវអាបត្តិអ្វី ?
ឆ. កំណត់ដោយអាការ ៣ យ៉ាងគឺ មិនបានឃើញ មិនបានឮ ១, មិនរង្កៀស ១, ថាភិក្ខុនោះ
ត្រូវអាបត្តិឈ្មោះនោះៗ ហៅថាអាបត្តិមិនមានមូល,ភិក្ខុចោទអាបត្តិបារាជិក
ត្រូវសង្ឃាទិសេស ចោទសង្ឃាទិសេសត្រូវអាបត្តិបាចិត្តិយព្រោះពោលមុសាវាទ ។
២៩- ស. ចោទមិនមានមូលនិងចោទរកលេសតើប្លែកគ្នាយ៉ាងណា?
ឆ.ចោទមិនមានមូលនោះគឺចោទដោយមិនបានឃើញ, មិនបានឮ
ឬមិនបានរង្កៀស, រកលេសចោទនោះ គឺយកសេចក្ដីខុសដែលអ្នកដទៃធ្វើ
មកជាលេស ឬយកសេចក្ដីខុសបន្ដិចបន្ដួចរបស់អ្នកឆ្លើយ
មកធ្វើជាលេសហើយចោទឱ្យដល់ថ្នាក់បារាជិក ។
៣០- ស. មានមនុស្សមកប្រាប់ដល់ភិក្ខុ ស និង ភិក្ខុ ខ្មៅ ត្រូវអាបត្តិបារាជិក ភិក្ខុ ស ជឿតាមពាក្យប្រាប់នោះហើយចោទភិក្ខុ ខ្មៅ ដោយអាបត្តិបារាជិក ចំណែកសង្ឃក៏មិនបានពិចារណាដោយពិត តើភិក្ខុ ស ត្រូវអាបត្តិអ្វី ?
ឆ. ភិក្ខុ ស មិនត្រូវអាបត្តិអ្វីឡើយ ព្រោះអធិករណ៍ដែលគេចោទនោះជាអធិករណ៍មានមូល។
៣១- ស. ភិក្ខុមានសេចក្ដីស្រឡាញ់ពេញចិត្តចំពោះសិក្ខាបទដោយចោទភិក្ខុដទៃដោយ
អាបត្តិបារាជិកដែលខ្លួនបានឮ គេប្រាប់ គេបានឃើញដោយខ្លួនឯងពាក្យចោទរបស់
គេចាត់ថាមានមូលបានដែរឬទេ ?
ឆ. ពាក្យថាបានឮគេប្រាប់ចាត់ថាមានមូលបាន តែពាក្យដែលលើសពីពាក្យដែលខ្លួនបានឮគេប្រាប់មកនោះ ចាត់ជាមិនមានមូលទេ ។
៣២- ស. ភិក្ខុចោទភិក្ខុដទៃដោយអាបត្តិមិនមានមូល តើត្រូវអាបត្តិប៉ុន្មានយ៉ាង ?
ឆ. ត្រូវអាបត្តិ ៣ យ៉ាងគឺៈ បើចោទដោយអាបត្តិបារាជិកត្រូវសង្ឃាទិសេស បើចោទដោយអាបត្តិទិសេសត្រូវបាចិត្តិយៈ បើចោទដោយអាបត្តិថយចុះជាងនោះមកទៀតត្រូវអាបត្តិបាចិត្តិយៈ ព្រោះមុសាវាទ ។
៣៣- ស. សេចក្ដីពិតឯចម្លើយជាអ្នកមិនបរិសុទ្ធ តែអ្នកចោទក៏មិនបានដឹង ចោទឡើងដោយអធិករណ៍ ដែលខ្លួនចូលចិត្តថាមិនមានមូលកាលអធិករណ៍ដល់ទីបំផុតចោទនោះ តើត្រូវអាបត្តិដល់ថ្នាក់ណាដែរឬទេ ? ព្រោះហេតុអ្វី ?
ឆ. ត្រូវដល់ថ្នាក់សង្ឃាទិសេស ព្រោះចេតនារបស់អ្នកចោទ ។
៣៤- ស. ភិក្ខុក្រហមបានទទួលពាក្យគេប្រាប់ថាភិក្ខុខ្មៅ ត្រូវអាបត្តិបារាជិកជឿហើយចោទភិក្ខុខ្មៅ ការចោទនោះពិចារណារកសេចក្ដីពិតមិនឃើញ បើដូច្នេះតើពាក្យចោទរបស់ភិក្ខុក្រហមចាត់ថាមានមូលបានដែរឬទេ ? ព្រោះហេតុអ្វី ?
ឆ. ចាត់ថាមានមូលបាន ព្រោះពាក្យថាមានមូលក្នុងសិក្ខាបទនេះ បានកំណត់យកអាការដែលពិតនោះក៏ទេ គឺកំណត់យកបានឃើញ, បានស្ដាប់, បានរង្កៀសក្នុងរឿងនេះ ភិក្ខុក្រហមបានទទួលពាក្យគេប្រាប់ហើយជឿ ទើបចោទតាមដំណើរនោះ ចាត់ចូលក្នុងអង្គគឺបានស្ដាប់ ។
៣៥- ស. ភិក្ខុក្លែងពោលដោយអាបត្តាធិករណ៍ដែលរកមូលគ្មាន តើត្រូវអាបត្តិអ្វី ? ចុះអាបត្តាធិករណ៍នោះ តើយ៉ាងណាទើ់បឈ្មោះថារកមូលគ្មាន ?
ឆ. ពោលដោយសង្ឃាទិសេសរកមូលគ្មានត្រូវអាបត្តិបាចិត្តិយ, អាបត្តិដែលភិក្ខុពោលដោយមិនបានឃើញដោយខ្លួនឯង មិនឮមកពីអ្នកដទៃប្រាប់ ឬមិនបានរង្កៀសដូច្នេះ ឈ្មោះថារកមូលគ្មាន ។
៣៦- ស. ភិក្ខុមិនចោទចេញឈ្មោះត្រង់ៗ ទេ តែនិយាយថាខ្លួនឃើញមនុស្សរូបរាងដូច្នោះ អាការដូច្នោះនឹងអ្នកដទៃៗ ដូច្នោះត្រូវអាបត្តិបារាជិក បើពោលរួបរួមទៅគឺធ្វើឱ្យកើតសេចក្ដីសង្ស័យធ្លាក់ទៅលើភិក្ខុដែលខ្លួនស្អប់នោះឯង តែសេចក្ដីមិនពិតដូច្នេះ តើចាត់ថាចោទមិនមានមូលឬ ? ឬថាមិនមានអាងលេស ?
ឆ. បើសំដៅចំពោះវត្ថុដែលភិក្ខុនោះចោទចាត់ថា ចោទមិនមានមូលទេ បើសំដៅការចំពោះអាការដែលចោទចាត់ថាអាងលេសបាន ។
៣៧- ស. ភិក្ខុព្យាយាមដើម្បីបំបែកសង្ឃឱ្យបែកគ្នា តើគួរធ្វើយ៉ាងណាដល់ភិក្ខុនោះ ?
ឆ. គួរនឹងនិយាយហាមប្រាមជាមុន បើឃើញថាមិនស្ដាប់គួរសូត្រសមនុភាសនកម្ម ។
៣៨- ស. ភិក្ខុធ្វើសង្ឃឱ្យបែកគ្នា តើត្រូវអាបត្តិអ្វី ?
ឆ. បើក្នុងគ្រាជាដំបូងភិក្ខុកំពុតែតែមានកម្លាំងព្យាយាមបំបែកសង្ឃ បើមានភិក្ខុដទៃដាស់តឿនហើយនៅតែមិនព្រមឈប់ត្រូវអាបត្តិទុក្កដ បើសង្ឃសូត្រសមនុភាសនកម្ម ដើម្បីឱ្យលះបង់សេចក្ដីព្យាយាមនោះចេញលុះចប់គ្រាដំបូងហើយនៅតែមិនលះបង់
ត្រូវអាបត្តិទុក្កដ, គ្រាទី ៤ មិនលះបង់ត្រូវអាបត្តិថុល្លច្ច័យ ចប់គ្រាទីបំផុតនៅតែមិនលះបង់ត្រូវអាបត្តិសង្ឃាទិសេស, បើកំពុតែមានកម្លាំងព្យាយាមហើយមិនមានភិក្ខុដទៃហាមប្រាមទេ ឯសង្ឃសោតក៏មិនបានសូត្រកម្មដាក់ទោសឱ្យទេ ភិក្ខុនោះព្យាយាមធ្វើរហូតមកសង្ឃបែកគ្នាដូច្នោះ ត្រូវអាបត្តិទុក្កដរហូតដែរ ។
៣៩- ស. ភិក្ខុព្យាយាមបំបែកសង្ឃឱ្យបែកគ្នា សង្ឃក៏បែកគ្នាតាមកំណត់ក្ដី មិនបែកគ្នាសមតាមកំណត់ក្ដី តើភិក្ខុនោះនៅតែត្រូវអាបត្តិសង្ឃាទិសេសដូចគ្នាឬយ៉ាងណា ?
ឆ. នៅមិនទាន់ត្រូវអាបត្តិសង្ឃាទិសេសទាំងពីរយ៉ាងទេ ព្រោះសង្ឃមិនទាន់បានសូត្រកម្ម ដល់សង្ឃសូត្រកម្មចប់ទាំង ៣ គ្រាហើយភិក្ខុនោះនៅតែប្រព្រឹត្តដូច្នោះដដែល សង្ឃបែកគ្នាក្ដីមិនបែកគ្នាក្ដី ទើបត្រូវះអាបត្តិសង្ឃាទិសេស ។
៤០- ស. ការសេពគប់រួមគំនិតជាមួយនឹងអ្នកដែលប្រព្រឹត្តខុសព្រះសាស្ដាមិនទ្រង់
ប្រោសប្រាណមែនឬទេ ? បើយ៉ាងនោះតើទ្រង់ហាមទុកក្នុងសិក្ខាបទណាខ្លះ ?
ចូរសំដែងមកមើល ?
ឆ. ដូច្នោះមែន, ទ្រង់ហាមទុកក្នុងសង្ឃាទិសេសត្រង់សិក្ខាបទទី ១១ គឺហាមមិនឱ្យភិក្ខុប្រព្រឹត្តតាមភិក្ខុដែលបំបែកសង្ឃនឹងសិក្ខាបទទី៦ ទី ៩ ទី ១០ នៃសប្បាណកវគ្គ គឺហាមមិនឱ្យបបួលអ្នកជំនួញរត់ពន្ធដើរផ្លូវជាមួយគ្នា នឹងហាមមិនឱ្យគប់រកភិក្ខុសាមណេរអ្នកពោលតិះដៀលព្រះសទ្ធម្មរបស់
ព្រះសម្ពុទ្ធជាម្ចាស់ ។
៤១- ស. ការសេពគប់នូវបាបមិត្រ ព្រះសាស្ដាទ្រង់បញ្ញត្តិទុកក្នុងសិក្ខាបទណាខ្លះ?
ឆ. ទ្រង់បញ្ញាត្តិទុកក្នុងសិក្ខាបទទី ១១ នៃសង្ឃាទិសេស និងសិក្ខាបទទី៦ ទី៩ ទី១០ នៃសប្បាណកវគ្គ ។
៤២- ស. ភិក្ខុប្រព្រឹត្តដូចម្ដេចហៅថាលំបាកប្រដៅគួរដល់សង្ឃសូត្រសមនុភានកម្ម នឹងល្មមដល់ថ្នាក់ត្រូវអាបត្តិសង្ឃាទិសេសក្នុងកាលមិនលះបង់កម្មនោះចេញ ?
ឆ. ភិក្ខុប្រព្រឹត្តខ្លួនជាមនុស្សរឹងរូសមិនទទួលពាក្យប្រៀនប្រដៅពាក្យដាស់តឿន
ក្នុងសិក្ខាបទដែលជាប់មកក្នុងឧទ្ទេស(គឺបាតិមោក្ខ) ឃ្លាតចេញពីការស្រឡាញ់
ក្នុងព្រហ្មចរិយធម៌ ត្រឡប់បែរទៅជាមនុស្សមានគំនិតផ្សេងៗ ទៅវិញ ហៅថាភិក្ខុលំបាកក្រដៅគួរដល់សង្ឃសូត្រសមនុភាសនកម្ម ។
៤៣- ស. ភិក្ខុជាអ្នកលំបាកប្រដៅ តើជាបច្ច័យឱ្យត្រូវទោសតាមច្បាប់វិន័យដូចម្ដេចខ្លះ ?
ឆ. ត្រូវទោសតាមច្បាប់វិន័យដល់ថ្នាក់សង្ឃាទិសេស តាមសិក្ខាបទទី ១០ ទី ១១ ទី១២ និងទី ១៣ ក៏មានឬត្រូវថុល្លច្ច័យនឹងទុក្កដក្នុងបុព្វបយោគនៃការកន្លងសិក្ខាបទប៉ុណ្ណោះក៏មាន ត្រូវអាបត្តិបាចិត្តិយៈតាមសិក្ខាបទទី ៨ នៃសប្បាណកវគ្គទី ១ នឹងទី ៣ នៃសហធម្មិកវគ្គ
ក៏មាន ។
៤៤- ស. ភិក្ខុធ្វើដូចម្ដេចហៅថាទ្រុស្ដត្រកូល ? បើធ្វើដូច្នោះតើត្រូវអាបត្តិអ្វី ?
ឆ. ភិក្ខុធ្វើយ៉ាងនេះ គឺយ៉មខ្លួនឬបន្ទាបខ្លួនឱ្យអ្នកស្រុកប្រើដូចគេប្រើផ្សេងៗ មានឱ្យចាប់កាន់ឬបេះផ្កាឈើជាដើម ឬឱ្យរបស់ផ្សេងៗ ដល់អ្នកស្រុកចង់បានលាភសក្ការច្រើន ដោយអាការប្រចុមប្រចែងយ៉ាងនេះហៅថាទ្រុស្ដត្រកូល កាលបើធ្វើយ៉ាងនេះហើយសង្ឃគួរបណ្ដេញចេញអំពីវត្ត ដើម្បីទូន្មានឱ្យដឹង លុះដល់គ្រាខាងក្រោយប្រែជាត្រឡប់តិះដៀលសង្ឃផ្សេងៗ ទៅវិញ គួរចាប់ភិក្ខុនោះមកកណ្ដាលជំនុំសង្ឃឱ្យសង្ឃសូត្រសមនុភាសនកម្ម ៣ ដង បើមិនព្រមលះបង់នូវអំពើនោះចេញទេ បើសូត្រសមនុភាសនកម្មចប់គ្រាទី ១ ត្រូវអាបត្តិទុក្កដចប់គ្រាទី ២ ត្រូវអាបត្តិថុល្លច្ច័យ ចប់គ្រាទី ៣ ត្រូវអាបត្តិសង្ឃាទិសេស ។
៤៥- ស. ភិក្ខុប្រចុបប្រចែងគ្រហស្ថ ហេតុដូចម្ដេចបានជាលោកហៅថា ទ្រុស្ដត្រកូល ?
ឆ. ព្រោះកាត់សទ្ធាជ្រះថ្លារបស់គេក្នុងបុណ្យកុសល ឱ្យជ្រះថ្លាដោយអំណាចការប្រចុបប្រចែងរបស់ខ្លួន ។
៤៦- ស. ភិក្ខុយ៉ម ឬបន្ទាបខ្លួនធ្វើជាអ្នកបម្រើគ្រហស្ថ ដើម្បីឱ្យគេសរសើរ សង្ឃមានអំណាចធ្វើទោសដល់ភិក្ខុនោះខ្លះដែរឬទេ ? ចូរចង្អុលទោសមកមើល?
ឆ. សង្ឃមានអំណាចប្រដេញចេញពីវត្ត បើត្រឡប់តិះដៀលសង្ឃវិញ ភិក្ខុដទៃហាមមិនស្ដាប់ សង្ឃមានអំណាចសូត្រសមនុភាសនកម្ម ដើម្បីឱ្យលះបង់នូវអំពើដែលប្រព្រឹត្តនោះចេញ រឿងនេះមានចង្អុលក្នុងសង្ឃាទិសេស
ទី ១៣ ជាភស្ដុតាងស្រាប់ ។
៤៧- ស. ក្នុងសង្ឃាទិសេសទាំង ១៣ តើសិក្ខាបទណាមានទោសច្រើនជាងសិក្ខាបទឯទៀត?
ឆ. សិក្ខាបទទី ១០ មានទោសច្រើនជាងសិក្ខាបទឯទៀតព្រោះការបំបែកសង្ឃឱ្យបែកបាក់
ពួកបានឈ្មោះថា បំបែកប្រយោជន៍របស់មនុស្សច្រើនឱ្យសាបសូន្យទៅ បានធ្ងន់ជាទីបំផុតក្នុងពុទ្ធសាសនាលោកចាត់ទុកថាជាអនន្តរិយកម្ម ។
៤៨- ស. ចុះសង្ឃាទិសេសទាំង ១៣ នោះ តើសិក្ខាបទណាដែលភិក្ខុប្រព្រឹត្តកន្លងហើយទៅជាមនុស្សអាក្រក់ ឬថោកទាបជាទីបំផុត ?
ព្រោះហេតុអ្វី ?
ឆ. សិក្ខាបទទី ១០ បើភិក្ខុប្រព្រឹត្តកន្លងហើយទៅជាមនុស្សអាក្រក់ ឬថោកទាបជា
ទីបំផុត ព្រោះនៅអាស្រ័យដោយពួកគណៈ ហើយបែរជាបំបែកពួកនោះឱ្យបែក
សាមគ្គី ទាំងជាអនន្តរិយកម្មផង ។
៤៩- ស. ចុះសង្ឃាទិសេសទាំង ១៣ នោះតាំងតែពីសិក្ខាបទណាទៅដល់សិក្ខាបទណាដែលមានកិច្ចកំណត់ក្នុងការត្រូវអាបត្តិ ? បើត្រូវអាបត្តិហើយតើនឹងត្រូវអាបត្តិដូចម្ដេច ?
ឆ.ក្នុងសង្ឃាទិសេសទាំង ១៣ ចាប់តាំងពីសិក្ខាបទទី ១ រៀងទៅដល់សិក្ខាបទទី ៩ ភិក្ខុត្រូវអាបត្តិក្នុងពេលដែលធ្វើ តាំងពីសិក្ខាបទទី ១០ រៀងទៅដល់សិក្ខាបទទី ១៣ ភិក្ខុត្រូវអាបត្តិក្នុងវេលាដែលសង្ឃសូត្រសមនុភាសនកម្មចប់ក្នុងគ្រាទី ៣ សិក្ខាបទប៉ុណ្ណេះ បើភិក្ខុប្រព្រឹត្តកន្លងហើយមានវិធីប្រតិបត្តិដូច្នេះ គឺភិក្ខុអ្នកត្រូវអាបត្តិត្រូវប្រាប់ភិក្ខុផងគ្នា ក្នុងថ្ងៃដែលខ្លួនកន្លងនោះឯង បើមិនដូច្នោះទេ ត្រូវនៅបរិវាសកម្មរហូតអស់ថ្ងៃដែលខ្លួនបាំងបិទអាបត្តិទុករួចហើយ ត្រូវប្រព្រឹត្តមានត្ត ៦ រាត្រីទៀតទើបសូមអព្ភានកម្ម ចំពោះសង្ឃតាំងពី ២០ រូបឡើងទៅ ។
៥០- ស.ហេតុដូចម្ដេចបានជាសិក្ខាបទ ក្នុងសង្ឃាទិសេសទាំង ៤ ខាងចុងមានកំណត់ពេលដែលភិក្ខុដែលភិក្ខុត្រូវអាបត្តិដូច្នោះ? ចូរអធិប្បាយ ?
ឆ. បានជាកំណត់ពេលដូច្នោះ ព្រោះការប្រព្រឹត្តខុសនេះជាការដែលខ្លួនបានបង្កបង្កើតឡើង
ដោយខ្លួនឯង ការកំហុសនេះតទៅមុខទៀតអាចនឹងបង្កហេតុឱ្យកើតសេចក្ដីអន្តរាយដល់
ពួកគណៈថែមទៀត ហេតុនេះបានជាត្រូវមានវីធីដាស់តឿនហាមប្រាមគ្នាឯង ទុកជាមុន
៣ ដងសិន បើនៅតែរឹងទទឹងកាន់ទិដ្ឋិមានៈដដែលទៀតត្រូវដាក់ទោសឱ្យត្រូវអាបត្តិ
ព្រោះតែសេចក្ដីរឹងរូស ជាហេតុឱ្យកើតសេចក្ដីអន្តរាយនោះឯង ចំណែកសិក្ខាបទ
ឯទៀតខាងដើម បើភិក្ខុប្រព្រឹត្តកន្លងហើយ រមែងដល់នូវសេចក្ដីអន្តរាយមួយរំពេច បានជាត្រូវជាដាក់ទោសឱ្យត្រូវអាបត្តិឱ្យទាន់ពេលដែលប្រព្រឹត្តកន្លងភ្លាមៗ ។
៥១- ស. អាបត្តិដែលត្រូវដោយមិនពេញចិត្តទោសយ៉ាងធំបំផុត តើត្រឹមថ្នាក់ណា ? ធ្វើដូចម្ដេចទើបរួចទោសនោះបាន ?
ឆ. យ៉ាងធំបំផុតត្រឹមអាបត្តិសង្ឃាទិសេសដូចសិក្ខាបទទី ៥ ដែលត្រូវអាបត្តិដោយការនិយាយដឹកនាំឱ្យគេបានគ្នាជាប្ដីប្រពន្ធ, បើត្រូវអាបត្តិហើយ ត្រូវមានវិធីធ្វឱ្យរួចទោសបាននោះដូច្នោះគឺៈ
១.ត្រូវប្រញាប់ប្រាប់ដល់ភិក្ខុដទៃ កុំឱ្យកន្លងថ្ងៃនោះ ។
២.ត្រូវសមឱ្យសង្ឃសូត្រដាក់ទោសឱ្យ ហើយឱ្យប្រព្រឹត្តមានត្ត ។
៣.ត្រូវប្រព្រឹត្តមានត្ត ៦ យប់ ៦ ថ្ងៃក្នុងរវាងនេះ ត្រូវប្រព្រឹត្តកិច្ចវត្តផ្សេងៗ តាមកំណត់ដូចជា ឆាន់ សឹង ជាមួយនឹងភិក្ខុជាសំឡាញ់និងគ្នាឬភិក្ខុដទៃមិនបាន ។
៤.កាលបើនៅប្រព្រឹត្តមានត្តគ្រប់កំណត់ហើយ ត្រូវសុំឱ្យសង្ឃតាំងពី ២០ រូបឡើងទៅ សូត្រអព្ភានកម្មដើម្បីឱ្យរួចទោស, តែបើភិក្ខុដែលត្រូវអាបត្តិនោះបិទបាំងទោសទុក មិនប្រាប់ដល់ភិក្ខុឯទៀតបណ្ដោយឱ្យកន្លងថ្ងៃទៅប៉ុន្មាន ត្រូវនៅបរិវាសអស់ថ្ងៃប៉ុណ្ណោះ ។
៥២- ស. សិក្ខាបទទី ៣ នៃសង្ឃាទិសេស សេចក្ដីថាភិក្ខុមានសេចក្ដីតម្រេកនិយាយពាក្យអាក្រក់ចំពោះនិមិត្តស្ដ្រី ត្រូវអាបត្តិសង្ឃាទិសេស, ចុះបើភិក្ខុមិនបាននិយាយដោយវាចាទេតែសរសេរសំបុត្រហើយបញ្ចូនទៅឱ្យស្ដ្រីមើល ស្ដ្រីនោះក៏បានដឹងសេចក្ដីសព្វគ្រប់តើត្រូវវិនិច្ឆ័យឱ្យភិក្ខុនោះយ៉ាងណា ?
ឆ. ត្រូវវិនិច្ឆ័យឱ្យភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេសតាមសិក្ខាបទទី ៣ នៃសង្ឃាទិសេសនោះ សំបុត្រអាចប្រើជំនួសពាក្យនិយាយបាន ។
៥៣- ស. ស្វាមីភរិយាលែងគ្នាហើយក្ដី ក្រោធខឹងតែមិនដល់លែងគ្នាក្ដីភិក្ខុជាកុលុបកៈ (អ្នកចូលទៅជិតកាន់ត្រកូល) ជាអ្នករក្សាឱ្យគេព្រមព្រៀងគ្នាបានទៅនិយាយឱ្យគេជា
នឹងគ្នាវិញ តើភិក្ខុនោះត្រូវអាបត្តិអ្វី ? ព្រោះហេតុអ្វី ?
ឆ. មិនត្រូវអាបត្តិអ្វីទេ, ព្រោះមិនមានបំណងដើម្បីកំណត់ថាជាប្ដីប្រពន្ធរបស់គេនោះក៏ទេ គឺគ្រាន់និយាយឱ្យគេសាមគ្គីព្រមព្រៀងគ្នាប៉ុណ្ណោះ ។
៥៤- ស. បើចៅអាវាសបង្គាប់ឱ្យភិក្ខុដែលនៅក្នុងវត្តជាមួយគ្នាឱ្យរៀនធម្មវិន័យ តែគេរឹងទទឹងមិនព្រមរៀនសូត្រតាមពាក្យបង្គាប់របស់ចៅអាវាស ឃើញថាដាស់តឿនច្រើនដងហើយក៏នៅតែប្រកាន់ដដែលមិនព្រមធ្វើតាម ចាត់ថាជាមនុស្សប្រដៅក្រទើបចៅអាវាសនាំខ្លួនមកមកកណ្ដាលជំនុំសង្ឃដើម្បីសូត្រ
សមនុភាសនកម្ម ឱ្យលះនូវទិដ្ឋិអាក្រក់នោះចេញតែគេត្រឡប់ពោលតិះដៀលថាធ្វើយ៉ាងនេះ មិនត្រូវតាមច្បាប់វិន័យទេបើយ៉ាងនេះ តើកាត់សេចក្ដីឱ្យគេដូចម្ដេច ? ហេតុដូចម្ដេចបានជាកាត់ដូច្នោះ ?
ឆ. ភិក្ខុជាចៅអាវាសធ្វើខុស ព្រោះការដែលគេរឹងរូសដូច្នោះ គ្រាន់តែទាក់ទងដោយការគ្រប់គ្រងក្នុងវត្តប៉ុណ្ណោះ មិនរឹងរូសទាក់ទងដោយបញ្ញត្តិ ដែលទ្រង់អនុញ្ញាតឱ្យសង្ឃសូត្រសមនុភាសនកម្មក៏ទេ ឱ្យតិះដៀលកូនវត្តឈ្មោះថាតិះដៀលត្រូវក្នុងរឿងនេះ, តែកូនវត្តដែលប្រកាន់យ៉ាងនេះក៏នៅតែខុស ព្រោះសេចក្ដីខ្ជិលច្រអូសមិនគោរពចំពោះអ្នកគ្រប់គ្រង គឺខ្លួនដេលចៅអាវាសបានដាស់តឿនឱ្យប្រព្រឹត្តត្រឹមត្រូវតាមគន្លងធម៌ គឺឱ្យប្រព្រឹត្តទៅរកសេចក្ដីសុខចម្រើន ពាក្យដាស់តឿនរបស់ចៅអាវាសក្នុងរឿងនេះជាពាក្យដាស់តឿនត្រូវតាមគន្លងធម៌ល្អ ព្រោះលោកអើពើក្នុងធម៌វិន័យ ។
៥៥- ស. ចុះសង្ឃតែងតែបណ្ដេញភិក្ខុដែលប្រព្រឹត្តដូចម្ដេចឱ្យឃ្លាតចេញពីវត្ត ?
ឆ. សង្ឃតែងបណ្ដេញ ភិក្ខុដែលប្រចុបប្រចែងផ្គាប់ផ្គុនគ្រហស្ថដែលហៅថាទ្រុស្ដត្រកូលឱ្យឃ្លាតចេញពីវត្ត ។
៥៦- ស. មនុស្សដែលងាយគេប្រដៅ បើមាននៅក្នុងពួកណាតែងធ្វើពួកនោះឱ្យបានសេចក្ដីសុខចម្រើន ព្រោះហេតុដូច្នោះព្រះពុទ្ធទ្រង់បញ្ញត្តិច្បាប់ ដើម្បីឱ្យសង្ឃធ្វើនិគ្គហិតកម្ម (សង្កត់សង្កិន) ដល់ភិក្ខុអ្នកប្រព្រឹត្តជាសត្រូវដល់ធម៌ល្អនោះ តើមានដែរឬទេ ? ចូរអាងគោលចារិកមកមើល ?
ឆ. មាន, លើកយកសង្ឃាទិសេសត្រង់សិក្ខាបទទី ១២ ជាគោលចារិកសេចក្ដីថា ភិក្ខុណាលំបាកប្រដៅ ភិក្ខុដទៃហាមមិនស្ដាប់ សង្ឃបានសូត្រដើម្បីឱ្យលះបង់នូវអំពីដែលខ្លួនប្រព្រឹត្តនោះចេញ បើមិនលះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស ។
៥៧- ស. បណ្ដាញសិក្ខាបទក្នុងសង្ឃាទិសេសទាំង ១៣, ចុះសិក្ខាបទណាដែលភិក្ខុត្រូវព្រោះមានរាគៈ និងសិក្ខាបទណាដែលភិក្ខុត្រូវព្រោះមានទោសៈ ជាឫសគល់ ?
ឆ. តាំងពីសិក្ខាបទទី ១ រៀងទៅដល់សិក្ខាបទទី ៤ ភិក្ខុត្រូវព្រោះមានរាគៈ ជាឫសគល់, សិក្ខាបទទី ៨ និងទី ៩ ភិក្ខុត្រូវព្រោះមានទោសៈជាឫសគល់ ។
៥៨- ស. ក្នុងសង្ឃាទិសេសទាំង ១៣, សិក្ខាបទណាដែលត្រូវក្នុងវេលាធ្វើ? សិក្ខាបទណាខ្លះដែលមិនត្រូវក្នុងវេលាធ្វើ ? អ្នកដែលត្រូវអាបត្តិដូច្នេះ ហើយតើត្រូវធ្វើខ្លួនឱ្យបរិសុទ្ធដោយអាការយ៉ាងណា ? ចូរអធិប្បាយ ?
ឆ. តាំងពីសិក្ខាបទទី ១ ដល់ទី ៩ ត្រូវក្នុងខណៈដែលធ្វើ, តាំងពីសិក្ខាបទទី ១០ ដល់ទី ១៣ មិនត្រូវក្នុងខណៈដែលធ្វើទេ ត្រូវសង្ឃសូត្រសមនុភាសនកម្មហើយ បើនៅតែរឹងរូសទើបត្រូវអាបត្តិសង្ឃាទិសេសបើត្រូវអាបត្តិហើយគប្បីធ្វើខ្លួនឱ្យបរិសុទ្ធដូច្នេះ ខាងដើមត្រូវប្រាប់ដល់ភិក្ខុណាមួយក្នុងយប់នោះ ហើយប្រព្រឹត្តវត្តហៅថាមានត្ត ៦ រាត្រី ទើបសុំឱ្យសង្ឃតាំងពី ២០ រូបឡើងទៅសូត្រអព្ភានកម្ម, បើបាំងបិទទុកឱ្យកន្លងថ្ងៃប៉ុន្មាន ត្រូវចូលបរិវាសគ្រប់ថ្ងៃប៉ុណ្ណោះ រួចហើយត្រូវប្រព្រឹត្តមានត្តនឹងសូត្រអព្ភានកម្មតាមន័យដែលពោលរួចហើយ, ក្នុងរវាងដែលនៅបរិវាសនោះបើបែរជាត្រូវគរុកាបត្តិទៀត ត្រូវត្រឡប់ប្រព្រឹត្តសាជាថ្មីឡើងទៀត កម្មទាំងឡាយមានបរិវាសកម្មជាដើម
ហៅថារុដ្ឋានវិធី ។
៥៩- ស. ភិក្ខុធ្វើខុសដូចម្ដេច ទើបត្រូវអាបត្តិថុល្លច្ច័យ ?
ឆ. ភិក្ខុអួតឧត្តរិមនុស្សធម្ម ដល់អ្នកណាមួយតែអ្នកនោះមិនទាន់ចូលចិត្តជឿត្រូវអាបត្តិថុល្លច្ច័យ ។
៦០- ស. ចុះអាបត្តិថុល្លច្ច័យ ដែលលោកពោលទុកក្នុងបាតិមោក្ខ តើសម្រាប់ដាក់ទោសដល់ភិក្ខុប្រព្រឹត្តកន្លងបញ្ញត្តិដោយអាការៈដូចម្ដេច ?
ឆ. សម្រាប់ដាក់ទោសដល់ភិក្ខុ អ្នកប្រព្រឹត្តព្យាយាមដើម្បីធ្វើឱ្យកន្លងក្នុងសិក្ខាបទ ឬក្នុងសិក្ខាបទសង្ឃាទិសេស តែការខុសប្រព្រឹត្តខុសនោះ នៅមិនទាន់ដល់ទីបំផុតដូចពោលទុកក្នុងសិក្ខាបទនោះៗ ទេ ដូចព្យាយាមសម្លាប់មនុស្សបានវាយឬកាប់ចាក់ហើយ តែមនុស្សនោះមិនទាន់ស្លាប់បើយ៉ាងនេះមិនទាន់ត្រូវអាបត្តិបារាជិកនៅឡើយ តែត្រូវដឹងថាត្រូវត្រឹមតែអាបត្តិរង គឺអាបត្តិថុល្លច្ច័យ ។
៦១- ស. ចុះអាបត្តិថុល្លច្ច័យ ត្រូវប្រាប់ដល់ភិក្ខុអ្នកធ្វើដូចម្ដេច ?
ឆ. ត្រូវប្រាប់ដល់ភិក្ខុអ្នកធ្វើខុស ដែលផ្ទាល់ឬជិតនឹងដលពុទ្ធប្បញ្ញត្តិ តែមិនទាន់ត្រូវចំពោះពុទ្ធប្បញ្ញត្តិតែម្ដងនៅឡើយទេ គ្រាន់តែជាបុព្វយោគនៃបារាជិក នឹងសង្ឃាទិសេសប៉ុណ្ណោះឯង ដូចភិក្ខុព្យាយមធ្វើឱ្យអសុចិឃ្លាតចេញចាកទី តែមិនទាន់ឃ្លាតចេញក្នុងខណៈដែលធ្វើនោះឬមិនឃ្លាតចេញសោះដូច្នេះត្រូវប្រាប់អាបត្តិ
ថុល្លច្ច័យ ។
ចប់សង្ឃាទិសេស
អនិយត
៦២- ស. សិក្ខាបទដូចម្ដេចហៅថា អនិយតសិក្ខាបទ ? ចូរអធិប្បាយឱ្យល្មមស្ដាប់បានមកមើល ?
ឆ. សិក្ខាបទដែលកំណត់ទុកមិនទាន់ទៀងទាត់ ហៅថាអនិយតសិក្ខាបទ, មានសេចក្ដីអធិប្បាយថា សិក្ខាបទដែលហៅថា អនិយតៈនេះមិនដូចជាសិក្ខាបទដទៃៗ ទេ សិក្ខាបទដទៃៗ នោះ ពោលអាបត្តិទុកដោយច្បាស់លាស់ ដូចភិក្ខុកន្លងសិក្ខាបទយ៉ាងនោះ ត្រូវអាបត្តិយ៉ាងនោះជាដើម ចំណែកអនិយតសិក្ខាបទនោះមិនទាន់ប្រាប់អាបត្តិនៅឡើយទេ បើភិក្ខុប្រព្រឹត្តកន្លងយ៉ាងណា ទើបត្រូវអាបត្តិយ៉ាងនោះទៅបាន ។ មួយទៀតអនិយតនេះ លោកពោលទុកដើម្បីជាជំនួយដល់វិន័យធរៗ គប្បីលើកយកសិក្ខាបទនេះ មកពីចារណារួចហើយ ទើបកាត់អាបត្តិជាខាងក្រោយ ។
៦៣- ស. ចុះអនិយតសិក្ខាបទទាំង ២ នេះតើលោកសំដែងទុកដើម្បីប្រយោជន៍អ្វី បើមិនមានអាបត្តិទេ ?
ឆ. សិក្ខាបទនេះ មិនមានអាបត្តិក៏ពិតមែន តែកាលដែលលោកសំដែងទុកនោះដើម្បីជាច្បាប់ឬជាគូរដៃដល់វិន័យធរៗ គប្បីលើកឡើងវិនិច្ឆ័យ ចំពោះអនុវាទាធិករណ៍ដែលមិនទៀតទាត់ដែលមានការទាក់ទងជាមួយនឹងស្ដ្រីភាព ។
៦៤- ស. ទីកំបាំងភ្នែកនឹងទីកំបាំងត្រចៀក តើផ្សេងគ្នាដូចម្ដេច ? លោកពោលទុកក្នុងសិក្ខាបទណា ?
ឆ. ទីកំបាំងភ្នែកនោះ បានដល់ទីដែលមានជញ្ជាំងកំផែង, រនាំងឬមានគ្រឿងបិទបាំងដទៃៗ ដែលមនុស្សដឹងសេចក្ដីនៅពីខាងក្រៅមើលមិនឃើញមនុស្សដែលនៅខាងក្នុង ឬទីដែលងងឹតមនុស្សដឹងសេចក្ដីនៅខាងភ្លឺមើលមិនឃើញដូចក្នុងកុដិ ផ្ទះ ព្រៃ ជាដើម, ទីកំបាំងត្រចៀកនេះមិនមានគ្រឿងបិទបាំងណានីមួយទេ មនុស្សដែលដឹងសេចក្ដីអាចមើលឃើញបានដោយច្បាស់លាស់ តែស្ដាប់សំឡេងនិយាយមិនឮ ដូចនៅកណ្ដាលវត្ត កណ្ដាលស្រុកជាដើមទីកំបាំងភ្នែក នឹងកំបាំងត្រចៀកមានសេចក្ដីផ្សេងគ្នាយ៉ាងនោះឯង ។
៦៥- ស. សេចក្ដីប្លែកគ្នារបស់អនិយតសិក្ខាបទទាំង ២ តើដូចម្ដេចខ្លះ ?
ឆ. សេចក្ដីប្លែកគ្នារបស់អនិយតសិក្ខាបទទាំង ២ នោះដូច្នេះសិក្ខាបទទី ១ លោកពោលដល់ទីកំបាំងហៅថាទី កំបាំងភ្នែក ទីកំបាំងភ្នែកនេះ ភិក្ខុប្រព្រឹត្តកន្លងសិក្ខាបទ ដល់ថ្នាក់បឋមបារាជិកបាន, សិក្ខាបទទី ២ លោកពោលដល់ទីវាលស្រឡះនិយាយស្ដាប់មិនឮ ដែលហៅទីកំបាំងត្រចៀក ទីកំបាំងត្រចៀកនេះភិក្ខុអាចប្រព្រឹត្តកន្លងសិក្ខាបទទោសយ៉ាងធំបំផុត ត្រឹមថ្នាក់សង្ឃាទិសេស ។
៦៦- ស. ភិក្ខុឈរនិយាយនឹងស្ដ្រីតែពីរនាក់ក្នុងទីកំបាំងមួយតើត្រូវអាបត្តិអ្វី?
ឆ. បើពោលតាមអនិយតសិក្ខាបទ វិន័យធរ គួរប្រាប់អាបត្តិពីរ ស្ថាន ឬ ៣ ស្ថាន ដ៏សមគួរដល់កិច្ចពិចារណារកផ្លូវពិត ។
៦៧- ស. ភិក្ខុកន្លងអនិយតសិក្ខាបទ តែមិនមានអ្នកណាចោទប្ដឹង តើត្រូវអាបត្តិអ្វីដែរឬទេ ?
ឆ. បើភិក្ខុនោះមិនបានធ្វើនូវសេចក្ដីអន្តរាយណាមួយទេ គ្រាន់តែប្រព្រឹត្តខុសខ្លះ ដូចជាអង្គុយជាមួយស្ដ្រីតែពីរនាក់ត្រូវអាបត្តិបាចិត្តិយៈ តាមសិក្ខាបទទី ៤ ទី ៥ នៃអចេលកវគ្គក្នុងបាចិត្តិយភ័ណ្ឌ, បើភិក្ខុនោះធ្វើនូវសេចក្ដីអន្តរាយណាមួយ ក៏ត្រូវអាបត្តិតាមទោសដែលខ្លួនប្រព្រឹត្តកន្លងនោះ ។
ចប់អនិយតៈ
និស្សគ្គិយបាចិត្តិយៈ
ចីវរវគ្គ
៦៨- ស. សំពត់ដូចម្ដេចហៅថា អតិរេកចីវរ ?
ឆ. សំពត់ក្រៅអំពីត្រៃចីវរ ជាសំពត់គួរវិកប្ប ឬអធិដ្ឋាន ព្រោះជាសំពត់ត្រូវខ្នាតយ៉ាងតូចបំផុតទទឹង ៤ ធ្នាប់បណ្ដោយ ៨ ធ្នាប់ដោយធ្នាប់ព្រះសុគត ទាំងជាសំពត់សមគួរដល់សេចក្ដីពេញចិត្តទុកដាក់សម្រាប់ប្រើប្រាស់មិនមានសង្ឃឹមថានឹង
បានមកទៀតសំពត់យ៉ាងនេះហៅថាអតិរេកចីវរ ។
៦៩- ស. ចុះមានពុទ្ធបំណងដូចម្ដេច បានជាទ្រង់ហាមមិនឱ្យភិក្ខុទុកអតិរេកចីវរ?
ឆ. មានពុទ្ធបំណងដើម្បីរក្សាសេចក្ដីអន្តរាយនឹងសេចក្ដីល្មោភរបស់ភិក្ខុបានជាទ្រង់ហាម
មិនឱ្យភិក្ខុទុកអរេកចីវរ ។
៧០- ស. ភិក្ខុទុកអតិរេកចីវរដល់ ២ ខែ ត្រូវអាបត្តិនិស្សគ្គិយបាចិត្តិយៈ តើត្រូវត្រូវសិក្ខាបទណា ?
ឆ. បើនៅក្នុងកំណត់អនុញ្ញាតវិសេស ដូចអច្ចេកចីវរនៅក្នុងចីវរកាលជាតួយ៉ាងត្រូវអាបត្តិមិនបានក្រៅពីនេះ បើចីវរប្បច្ច័យបានក្នុងសិក្ខាបទទី ៣ នៃចីវរវគ្គ ត្រូវអាបត្តិតាមសិក្ខាបទនោះ, ឯអតិរេកចីវរសាមញ្ញត្រូវអាបត្តិដោយសិក្ខាបទទី ១ នៃចីវរវគ្គ ។
៧១- ស. សំពត់ដូចម្ដេចហៅថាអតិរេកចីវេរ ? សំពត់ដូចម្ដេចហៅថា កាលចីវរ? សំពត់ដូចម្ដេចហៅថាអកាលចីវរ ? មានអាយុផ្សេងគ្នាយ៉ាងណា ? ឬដូចគ្នា ?
ឆ. សំពត់ដែលបានមកថ្មីមិនទាន់បានពិន្ទុ អធិដ្ឋានឬកប្បហៅថាសំពត់អតិរេកចីវរ, សំពត់ដែលកើតឡើងក្នុងកាលចីវរតាមប្រក្រតីតាំងពីថ្ងៃ ១ រោជខែអស្សុជ ទៅដល់ថ្ងៃពេញបូណ៌មីខែកត្តិក បើបានក្រាលកឋិនកាលចីវរយឺតទៅដល់ថ្ងៃពេញបូណ៌មី
ខែផល្គុន ហៅថាសំពត់កាលចីវរ, សំពត់អកាលចីវរនោះក៏គឺអតិរេកចីវរនោះឯង តែមានអាយុផ្សេងគ្នា គឺសំពត់អតិរេកចីវរទុកយ៉ាងយូរបំផុតបានត្រឹម ១០ ថ្ងៃសំពត់
កាលចីវរមានអាយុច្រើនតិចតាមកាលចីវរ, សំពត់អកាលចីវរបើភិក្ខុបានហើយៗ
ប្រាថ្នានិងធ្វើចីវរតែសំពត់នោះខ្វះធ្វើមិនគ្រាន់ បើមានសង្ឃឹមថានឹងបានទៀត
មានអាយុយ៉ាងច្រើនបំផុតត្រឹម ១ ខែ បើមិនមានសង្ឃឹមនឹងបានទៀតទេ
មានអាយុស្មើនឹងអតិរេកចីវរ កាលបានសំពត់ចីវរមកហើយត្រូវកំណត់
តាមអាយុសំពត់ចាស់នឹងថ្មី ដែលច្រើនតិចជាងគ្នាប៉ុន្មាន បើទុកសំពត់នោះបាន ១៥ ថ្ងៃហើយទើបបានសំពត់ថ្មីមកត្រូវកំណត់តាមអាយុរបស់សំពត់ចាស់គឺ ៨ ថ្ងៃ ។
៧២- ស. ចុះពុទ្ធានុញ្ញាតវិសេសដែលទ្រង់សំដែងទុកក្នុងចីវរសម័យ តើមានប្រយោជន៍ដល់ភិក្ខុដូចម្ដេចខ្លះ ?
ឆ. គឺទ្រង់អនុញ្ញាតឱ្យភិក្ខុទ្រទ្រង់អតិរេកចីវរបានលើស ១០ ថ្ងៃ នឹងនៅប្រាសចាកត្រៃចីវរបានរហូតអស់ចីវរ, កាលមិនត្រូវអាបត្តិតាមសិក្ខាបទទី ១ ទី ២ នៃចីវរវគ្គទេ, ទ្រង់អនុញ្ញាតឱ្យឆាន់គណភោជន នឹងបរម្បរភោជនបានមិនត្រូវអាបត្តិតាមសិក្ខាបទទី ២ ទី ៣ នៃភោជនវគ្គទេ ទទួលនិមន្ដឆាន់ហើយទៅទីដទៃអំពីទីនិមន្ដនោះមុនឆាន់ក្ដីឆាន់រួចហើយក្ដី ដោយមិនបានលាភិក្ខុដទៃដែលមាននៅមិនត្រូវអាបត្តិតាមសិក្ខាបទទី ៦ នៃអចេលកវគ្គទេ ។
៧៣- ស. ភិក្ខុមានហិរិឱតប្បៈ នៅពេញទីតើអាចត្រូវអាបត្តិបានខ្លះដែរឬទេ ?
ឆ. អាចត្រូវអាបត្តិបានក្នុងសិក្ខាបទខ្លះដែលជាអចិត្តកៈដូចទុកអតិរេកចីវរលើសជាង ១០ ថ្ងៃទៅ មិនបានវិកប្បអធិដ្ឋានគឺ ទុកក្រៅចីវរកាលជាភស្ដុតាង ។
៧៤- ស. ចុះពាក្យថាចីវរកំណត់យកសំពត់ទាំងអស់តាំងពីទទឹង ៤ ធ្នាប់បណ្ដោយ ៨ ធ្នាប់ ដោយធ្នាប់ព្រះសុគតឡើងទៅនឹងប្រើទូទៅក្នុងសិក្ខាបទទាំងអស់ ដែលពោលអំពីចីវរឬក៏ប្រើចំពោះតែសិក្ខាបទណា ?
ឆ. មិនទូទៅទាំងអស់ទេ, ចំពោះតែសិក្ខាបទទី ១ ទី ៥ ទី ៦ នៃចីវរវគ្គ ក្នុងសិក្ខាបទទី ៥ ទី ៦ នៃបត្តវគ្គ ក្នុងសិក្ខាបទទី ៥ នៃឱវាទវគ្គក្នុងសិក្ខាបទទី ១០ នៃសុរាបានវគ្គ ក្នុងសិក្ខាបទទី ១១ នៃសហធម្មិកវគ្គ ។
៧៥- ស. ភិក្ខុដឹងថាសំពត់ឯទៀតៗ រមែងធ្វើឱ្យត្រូវអាបត្តិញឹកញយណាស់ហើយ មិនបានសូមមិនបានទទួលសំពត់របស់អ្នកឯណាទាំងអស់កាន់យកតែរបស់ ៣ (គឺចីវរ សង្ឃាដី ស្បង់) ប៉ុណ្ណោះ តើភិក្ខុនោះនៅតែត្រូវអាបត្តិ ព្រោះរឿងសំពត់ទៀតបានដែរឬទេ ?
ឆ. នៅតែត្រូវអាបត្តិបានដូចគ្នា ដូចភិក្ខុនៅប្រាសចាកត្រៃចីវរណានីមួយ ក្នុងកាលដែលមានសម័យជាដើម ។
៧៦- ស. សំពត់ដែលហៅថាសំពត់សម្រាប់គ្រងនោះ តើសំពត់ណា?
ឆ. សំពត់គ្រងនោះ គឺសង្ឃាដិ១ ចីពរ១ ស្បង់១ ជាសំពត់ដែលភិក្ខុត្រូវពិន្ទុអធិដ្ឋាន ទុកសម្រាប់ខ្លួនប្រើប្រាស់ដែលផ្សេងអំពីអតិរេកចីវរនោះ ហៅថាសំពត់សម្រាប់គ្រង ។
៧៧- ស. ដែលហៅថាភិក្ខុនៅប្រាសចាកត្រៃចីវរនោះ តើមានកំណត់យ៉ាងណា ?
ឆ. មានកំណត់ដូច្នេះ (ពោលចំពោះភិក្ខុដែលនៅក្នុងវត្ត) កុដិមានបរិវេណភិក្ខុនៅម្នាក់ឯង កំណត់យកទំហំទីនៅជុំវិញជាខេត្ត, បើមិនមានបរិវេណទេកំណត់យកកុដិជាខេត្ត, កុដិមានបរិវេណជាលំនៅនៃភិក្ខុច្រើនរូបកំណត់យកកុដិដែលទុកសំពត់ ដូចកុដិមិនមានបរិវេណដែរគឺកំណត់ល្វែងដែលទុកសំពត់, បើល្វែងមួយមានច្រើនរូបត្រូវកំណត់ដោយហត្ថបាស ក្នុងរវាងខ្លួននឹងសំពត់, សាលានឹងទីដទៃដេលជាទីសាធារណគប្បីកំណត់តាមពេលដែលភិក្ខុនៅមួយរូបឬច្រើនរូប, ម្លប់ឈើនឹងទីវាលមានគ្រឿងបិទបាំងជុំវិញកំណត់យកគ្រឿងបិទជុំវិញនោះ បើមិនមានគ្រឿងបិទបាំងជុំវិញទេ ម្លប់ឈើកំណត់យកដែនដែលស្រមោល ផ្សាយក្នុងវេលាថ្ងៃត្រង់, ទីវាលកំណត់ដោយហត្ថបាសក្នុងរវាងខ្លួននឹងសំពត់ ចំណែកហត្ថបាសនោះ ពោលកំណត់ទុកថាត្រូវវាស់អំពីខ្លួនទៅរកទីដែលយក សំពត់ក្រៅពីនេះទៅ ហៅថានៅប្រាសចាកត្រៃចីវរ ។
៧៨- ស. បើត្រៃចីវរនៅប្រាសចាកយ៉ាងនេះហើយ តើភិក្ខុអ្នកជាម្ចាស់របស់គប្បីលះបង់ថាដូចម្ដេច ?
ឆ. គប្បីលះបង់ចំពោះបុគ្គលថា ឥទំ មេភន្ដេ ចិវរំ រត្តិវិប្បវុត្ថំ អញ្ញត្រ ភិក្ខុសម្មតិយា និស្សគ្គិយំ ឥមាហំ អាយស្មតោ និស្សជ្ជាមិ ។ ប្រែថា ចីវររបស់ខ្ញុំនៅប្រាសកន្លងរាត្រីហើយជារបស់ត្រូវលះបង់វៀរលែងតែភិក្ខុដែលបានសន្មតិ ខ្ញុំលះបង់ចីវរនេះដល់លោក ។
៧៩- ស. ភិក្ខុបានសំពត់មកប្រាថ្នានឹងធ្វើចីវរ តែសំពត់នោះខ្វះធ្វើមិនគ្រាន់ មានសេចក្ដីសង្ឃឹមថាបនឹងបានមកទៀត តើនឹងធ្វើចីវរយ៉ាងយូរ បានប៉ុន្មានថ្ងៃ ? ព្រោះហេតុអ្វី ?
ឆ. ធ្វើយ៉ាងយូរបាន ១០ ថ្ងៃ ព្រោះបានសំពត់ថ្មីមកហើយគឺអស់អាយុត្រឹមតែ ១ ខែ សំពត់នោះធ្លាក់ទៅជាអតិរេកចីវរគប្បីទ្រទ្រង់បានយ៉ាងយូរបំផុតត្រឹមតែ ១០ ថ្ងៃ កាលបើធ្វើមិនទាន់ត្រូវវិកប្បទុក ដកវិកប្បចេញហើយធ្វើតទៅទៀតបាន ។
៨០- ស. សិក្ខាបទទី ១ និងសិក្ខាបទទី ២ នៃចីវរវគ្គមានសេចក្ដីផ្សេងគ្នាដូចម្ដេច ? ចូរអធិប្បាយ ?
ឆ. សិក្ខាបទទាំងពីរនេះមានសេចក្ដីមិនផ្សេងគ្នាទេ ព្រោះសិក្ខាបទទី ១ នោះ ព្រះអង្គបញ្ញត្តិសម្រាប់សំពត់ដែលជាអតិរេកចំណែកសិក្ខាបទទី ២ វិញ ព្រះអង្គបញ្ញត្តិសម្រាប់សំពត់ដែលកើតឡើងដល់ភិក្ខុ តែនឹងធ្វើជាចីវរមិនគ្រប់គ្រាន់នៅមានសង្ឃឹមថានឹងបានសំពត់ថ្មីមកទៀតនៅមិនទាន់រាប់
បញ្ចូលថាជាអតិរេកឡើយ បើបានសំពត់គ្រប់គ្រាន់អស់សេចក្ដីសង្ឃឹមកាលណាសំពត់នោះជាអតិរេកចីវរ ធ្លាក់ទៅក្នុងសិក្ខាបទទី ១ ហេតុដូច្នេះ បានជាលោកពោលថាសិក្ខាបទទាំងពីរនោះមិនប្លែកគ្នាទេ ។
៨១- ស. ចុះភិក្ខុនីបានដល់មនុស្សដូចម្ដេច?
ឆ. បានដល់ស្ដ្រីដែលបួសស្លៀកដណ្ដប់សំពត់មានពណ៌លឿង បើផ្សេងអំពីស្ដ្រីអ្នកស្រុក ទាំងបានទទួលឧបសម្បទាទាំងពីរចំណែក គឺចំណែកភិក្ខុនី ១ ចំណែកភិក្ខុ ១ ។
៨២- ស. ចីវរដូចម្ដេចហៅថាចីវរចាស់?
ឆ. ចីវរដែលបរិភោគប្រើប្រាស់ហើយ សូម្បីតែ១ ដង ក៏ហៅថា ចីវរចាស់ដែរ ។
៨៣- ស. ពាក្យចីវរក្នុងសិក្ខាបទទី ៥ នៃចីវរវគ្គតើលោកសំដៅយកសំពត់ដូចម្ដេច?
ឆ. លោកសំដៅយកសំពត់ដែលជាបរិក្ខារសម្រាប់ស្លៀកដណ្ដប់ទាំងអស់ រួមមកហៅចីវរ ។
៨៤- ស. ភិក្ខុប្រើស្ដ្រីអ្នកស្រុកឱ្យបោកគក់ជ្រលក់ចីវរចាស់ដោយចូលចិត្តថា មិនមែនភិក្ខុនីមិនមានទោស តើវិន័យធរគប្បីវិនិច្ឆ័យថាដូចម្ដេច ?
ឆ. វិនិច្ឆ័យថា មិនត្រូវអាបត្តិទេ តែទុកណាជាដូច្នោះក៏ដោយភិក្ខុប្រើស្ដ្រីអ្នកស្រុកឱ្យគក់លាងជ្រលក់ចីវរចាស់ ក៏នៅតែមិនផុតអំពីសេចក្ដីខ្ពើមរអើម ព្រោះចីវរនោះជារបស់មិនល្អមិនគួរធ្វើ (គួរតែវិនិច្ឆ័យថាត្រូវ អាបត្តិទុក្កដ) ។
៨៥- ស. ភិក្ខុឱ្យចីវរដល់ភិក្ខុនីដែលមិនមែនជាញាតិបានខ្លះដែរឬទេ?
ឆ. បានខ្លះដែរ គឺបានដោយអាការផ្លាស់ប្ដូរដោយរបស់ដទៃៗ ។
៨៦- ស. ហេតុដូចម្ដេចបានជាព្រះសម្ពុទ្ធទ្រង់តាំងសិក្ខាបទជាប់ទាក់ទងដោយការសូមទុកជា
ច្រើនអន្លើម៉្លេះ ?
ឆ.ព្រោះមនុស្សល្មោភសូម ការសូមនេះមិនជាទីពេញចិត្តរបស់មនុស្សអ្នកឱ្យទេ មនុស្សដែលត្រូវគេសូមទៀត បើមិនបានឱ្យទេក៏មិនជាទីគាប់ចិត្តដល់អ្នកសូម យ៉ាងនេះហើយបានជាទ្រង់តាំងសិក្ខាបទជាប់ទាក់ទងដោយអាការសូមទុក
ជាច្រើនសិក្ខាបទ ។
៨៧- ស. ភិក្ខុសូមរបស់អំពីគ្រហស្ថ ត្រូវអាបត្តិអ្វី ?
ឆ.បើភិក្ខុសូមចីវរអំពីគ្រហស្ថដែលមិនមែនជាញាតិ មិនមែនបវារណាបានមកត្រូវអាបត្តិនិស្សគ្គិយបាចិត្តិយៈ, វៀរលែងតែមានសម័យគឺបេលដែលមានចីវរចោរលួចយកទៅ ឬបាត់បង់ដោយហេតុណាមួយ,បើសូមភាជន៍ដ៏ថ្លៃថ្លាអំពីគ្រហស្ថអ្នកមានសភាពដូច្នោះដែរ បានត្រូវអាបត្តិបាចិត្តយ, បើសូមបិណ្ឌបាតអំពីគ្រហស្ថអ្នកមានសភាពដូច្នេះដែរ បានមកត្រូវអាបត្តិទុក្កដ វៀរលែងតែមានអាពាធ ។
៨៨- ស. បើភិក្ខុសូមចីវរអំពីមនុស្សមិនមែនញាតិមិនមែនជាបរិវាណា ដើម្បីខ្លួនឯង តើសូមអ្នកណាត្រូវអាបត្តិនិស្សគ្គិយបាចិត្តិយយ៉ាងណាត្រូវអាបត្តិបាចិត្តិយៈ ?
ឆ.មិនមានសម័យហើយភិក្ខុ សូមចីវរអំពីមនុស្សមិនមែនជាញាតិ មិនមែនជាបរិវាណាត្រូវអាបត្តិបាចិត្តិយៈ បើគ្រហស្ថមិនមែនជាញាតិដែលមនុស្សធ្លាប់បវារណាពីដើម តែដាច់បវារណាហើយ ភិក្ខុនៅតែកាន់យកកំណាន់ក្នុងរវាងដែលគេបវារណានោះ សូមចីវរបានមកត្រូវអាបត្តិបាចិត្តិយៈ ។
៨៩- ស. បើភិក្ខុត្រូវការចីវរហើយសូមគ្រហស្ថតើគួរឬពុំគួរ ?
ឆ. បើសូមចីវរអំពីគ្រហស្ថដែលជាញាតិ ឬគេបានបវារណាទើបគួរ បើគេមិនមែនជាញាតិមិនបានបវារណាទេ តែបើមានសម័យចោរលួចដណ្ដើមយកចីវរទៅ ឬអន្តរាយដោយហេតុណាមួយភិក្ខុគួរសូមគេបាន បើមិនមានសម័យមិនគួរទេ (សូម្បីមានសម័យដូច្នេះក៏ដោយ ភិក្ខុត្រូវដឹងប្រមាណក្នុងការសូមផង) បើចីវរបាត់ឬអន្តរាយទៅអស់ទាំង ៣ ត្រូវសុំបានតែចីវរពីរ (គឺចីពរនឹងស្បង់) បើអន្តរាយចីវរពីរ សូមបានតែចីវរមួយ (គឺចីវរ ឬស្បង់) បើអន្តរាយមួយ
សូមគេមិនបានទេ ។
៩០- ស. មនុស្សដូចម្ដេចហៅថាញាតិ ? មនុស្សដូចម្ដេចហៅថាអ្នកបវារណា ?
ឆ. មនុស្សដែលជាពូជពង្សជាប់តគ្នាខាងមាតាក្ដី ខាងបិតាក្ដីរហូតដល់៧ជួរមនុស្ស
គឺរាប់ខ្លួន ១ ជួរ, ខាងលើខ្លួន ៣ ជួរ, ខាងក្រោមខ្លួន ៣
ជួរហៅថាញាតិ, មនុស្សអ្នកបើកឱកាសដល់ភិក្ខុដែលត្រូវការដោយបច្ច័យ
ឱ្យសូមបានហៅថាមនុស្សបវារណា មានសំដែងទុកក្នុងគម្ពីរវិភង្គចែកចេញជា ៤
ពួកគឺបវារណាកំណត់បច្ច័យ ១, បវារណាកំណត់កាល ១, បវារណាកំណត់ទាំងពីរយ៉ាង ១,
បវារណាមិនកំណត់ទាំងពីរយ៉ាង ១ ។
៩១- ស. ចុះវិធីរាប់ញាតិនោះតើរាប់ដូចម្ដេច?
ឆ. ការរាប់ញាតិនោះលោកចាត់ជា៧ ជួរគឺរាប់ទៅ រកអ្នកធំខាងលើខ្លួនបាន ៣ ជួរ តាយាយ ១ ជួរ, ទួតដែលជាឪពុកម្ដាយរបស់តាយាយនោះ ១ ជួរ, នឹងរាប់ចុះទៅរកអ្នកតូចបាន ៣ ជួរ គឺកូន ១ ជួរ, ចៅ ១ ជួរ,ចៅទួត ១ ជួរ រួមជា ៦ ជួរនឹងរាប់ទាំងជូរខ្លួនភិក្ខុផង (គឺពួកដែលជាបងប្អូន) ១ ជួរទៀត រួមទាំងអស់ត្រូវ ៧ ជួរ, ចំណែកជនដែលជាកូនប្រសាររបស់ញាតិនោះៗ លោកមិនរាប់ថាជាញាតិទេ វៀរលែងតែកូនប្រសារទាំងនោះត្រូវជាញាតិដែរ ។
៩២- ស. ការសូមបច្ច័យ ៤ សូមយ៉ាងណាព្រះពុទ្ធទ្រង់បញ្ញត្ត ?
ឆ. សូមអំពីសហធម្មិកៈ គឺភិក្ខុ សាមណេរ មាតា បិតា ញាតិ មនុស្សបវារណាទ្រង់អនុញ្ញាតឱ្យ, ហាមមិនឱ្យសូមចីវរអំពីគ្រហស្ថក្រៅពីនេះ វៀរលែងតែក្នុងសម័យ គឺចីវរមានគេដណ្ដើមលួច ឬមានអន្តរាយដោយហេតុណាមួយ នឹងក្នុងរដូវក្ដៅដែលនៅសល់១ខែទៀតដែលមានអនុញ្ញាតឱ្យស្វែងរក សំពត់ងូតភ្លៀងបាន បិណ្ឌបាតហាមមិនឱ្យសូមអមពីគ្រហស្ថក្រៅអំពីញាតិនឹងមនុស្សដែលមិនបានបវារណា វៀរលែងតែមានជំងឺ, សេនាសនៈមានកំណត់ឱ្យភិក្ខុសូមបានតែសម្ភារៈដែលល្មមធ្វើកុដិបណ្ដោយ ១២
ចំអាម ទទឹង ៧ ចំអាម ដោយចំអាមព្រះសុគត, ភេសជ្ជៈកម្រិតទុកត្រឹមទីបវារណាឱ្យ
សូមបានតែ ៤ ខែ វៀរលែងតែគេបានបវារណាជាថ្មីទៀត ឬបវារណាជានិច្ចបើមិនមានអាពាធទ្រង់ហាមមិនឱ្យសូមអំពីគ្រហស្ថ ក្រៅអំពីគ្រហស្ថដែលពោលចេញឈ្មោះរួចមកហើយ បើមានអាពាធសូមបាន ។
៩៣- ស. ភិក្ខុសូមចីវរអំពីសិស្សគណរបស់ខ្លួន តើមានខុសនឹងច្បាប់វិន័យដែរឬទេ ?
ឆ.បើសិស្សគណរបស់ខ្លួនជាញាតិឬបានបវារណាទុកជាមុនសូមបានមិនខុសច្បាប់វិន័យទេ, បើសិស្សគណមិនមែនជាញាតិមិនមែនបវារណាទុកទេ ភិក្ខុសូមបាន តែមានសម័យដែលគួរសូមបាន ។
៩៤- ស. ក្នុងសម័យដូចម្ដេចភិក្ខុសូមរបស់អំពីគ្រហស្ថដែលមិនមែនជាញាតិមិនមែន
បវារណាទុកបាន ?
ឆ. សម័យដែលមានចីវរអន្តរាយ ដូចមានចោរលួចទៅឬភ្លើងឆេះជាដើម ឬមានបាត្របែកធ្លុះដល់ ៥ អន្លើ ឬ១០ ធ្នាប់ឡើងទៅ ឬភិក្ខុឈឺដើរទៅបិណ្ឌបាត្រមិនបាន ក្នុងសម័យដែលពោលមកហើយនេះភិក្ខុសុំរបស់អំពីគ្រហស្ថ ដែលមិនមែនជាញាតិមិនមែនបវារណាបាន ។
៩៥- ស. ចុះសិក្ខាបទទីប៉ុន្មានដែលមានសំដែងថាភិក្ខុសូមចីវរគេ សូម្បីតែម្ដងក៏ឱ្យដឹងប្រមាណក្នុងការសូមនោះ ? សេចក្ដីថាដូចម្ដេចខ្លះ ?
ឆ. សិក្ខាបទទី ៧ នៃចីវរវគ្គ ក្នុងនិស្សគ្គិយបាចិត្តិយៈ ដែលមានសេចក្ដីថាក្នុងសម័យដូច្នោះ គឺសម័យដែលភិក្ខុមានចីវរចោរលួចយកទៅឬអន្តរាយទៅសូមបានតែត្រឹមសំពត់ស្លៀក នឹងសំពត់ដណ្ដប់ប៉ុណ្ណោះ បើសូមឱ្យលើសពីនោះទៅបានមកត្រូវអាបត្តិ
និស្សគ្គិយបាចិត្តិយៈ ។
៩៦- ស. សិក្ខាបទទី ៨ នឹងទី ៩ នៃចីវរវគ្គ តើផ្សេងគ្នាឬដូចគ្នា ?
ឆ. ផ្សេងគ្នា, សិក្ខាបទទី ៨ គ្រហស្ថដែលប្រគេនចីវរដល់ភិក្ខុមានតែ ១ នាក់ ភិក្ខុចូលទៅកំណត់ឱ្យគេរកចីវរដែលល្អជាងកំណត់ដើម, សិក្ខាបទទី ៩ គ្រហស្ថដែលប្រគេនចីវរដល់ភិក្ខុមានច្រើននាក់ ភិក្ខុចូលទៅឱ្យគេរួមតម្លៃគ្នា ដើម្បីទិញចីវរដែលល្អជាងកំណត់ដើម ។
៩៧- ស. បើមានគេនាំតម្លៃចីវរមកប្រគេនភិក្ខុ តើភិក្ខុត្រូវប្រតិបត្តិដូចម្ដេច ?
ឆ. បើភិក្ខុត្រូវការចីវរ, ក៏គប្បីបង្ហាញញោមវត្តឬឧបាសកថាអ្នកនោះជាវេយ្យាវច្ចកររបស់ភិក្ខុទាំងឡាយ លុះគេកំណត់គ្នាស្រចហើយ តែគេមិនបានត្រឡប់មកប្រាប់ឬអ្នកទទួលក៏មិនបាននាំមកប្រាប់ថាទទួលទុកដាក់ដូច្នេះដូច្នោះ
លោកហាមមិនឱ្យភិក្ខុទៅហៅគេ បើគេត្រឡប់មកប្រាប់ភិក្ខុ បើភិក្ខុចង់បានចីវរ ក៏គប្បីប្រាប់សេចក្ដីប្រាថ្នារបស់ខ្លួន ដល់អ្នកដែលទទួលទុកដាក់នោះ ពោលគែដាស់តឿនបានត្រឹមតែ ៦ ដងទៀត បើទៅដាស់តឿននឹងទៅឈរតាមកំណត់នោះហើយបានមកក៏ជាការល្អបើមិនបានទេទៅ
ដាស់តឿន ឬទៅឈរឱ្យលើសកំណត់នោះបានមកត្រូវនិស្សគ្គិយបាចិត្តិយៈ បើទៅតឿនទារនឹងទៅឈរគ្រប់កំណត់ហើយនៅតែមិនបានទេ ត្រូវទៅប្រាប់ដល់ម្ចាស់ដើមវិញថារបស់នោះមិនសម្រេចប្រយោជន៍ដល់ខ្លួនទេ ឱ្យគេទៅទារយករបស់គេវិញចុះ លោកហាមមិនឱ្យទៅអង្គុយលើអាសនៈរបស់គេ មិនឱ្យទទួលអាមិសរបស់គេ មិនឱ្យសំដែងធម៌របស់គេ បើទៅអង្គុយលើអាសនៈ ឬទទួលអាមិស ឬសំដែងធម៌ណានីមួយឈ្មោះថាធ្វើការឈរនោះឱ្យខូចទៅ ។
៩៨- ស. បើមានគេនាំតម្លៃចីវរមកប្រគេនដល់ភិក្ខុ ១ រូប ភិក្ខុនោះក៏សំដែងវេយ្យាវច្ចករឱ្យគេៗ ក៏បានចាត់ការកំណត់បង្គាប់ឱ្យគរចាត់ចែងចីវរ ដល់ភិក្ខុឈ្មោះនេះ បានប្រាប់ឱ្យភិក្ខុដឹងរឿងយ៉ាងហ្មត់ចត់ហើយដល់ពេលដែលភិក្ខុ
ត្រូវការចីវរ ក៏ចូលទៅដាស់តឿនគេដល់ ៦ ដងទើបបានមក
បើដូច្នោះតើភិក្ខុមានត្រូវអាបត្តិអ្វីខ្លះដែរឬទេ ? ព្រោះហេតុអ្វី ?
ឆ. មិនត្រូវអាបត្តិអ្វីទេ, ព្រោះការទៅដាស់តឿនហើយ នឹងការទៅឈរនោះលោកអនុញ្ញាតឱ្យដូចគ្នាបាន គឺតឿនទារ ១ ដងប្រហែលនឹងទៅឈរ ២ ដង ឬឈរ ២ ដង ប្រហែលគ្នានឹងតឿនទារ ១ ដងដោយហេតុនេះភិក្ខុទារ ៦ ដង ក៏ដូចជាឈរទាំងអស់ តែទៅឈរទៀតមិនបាន, បើភិក្ខុទៅឈរតែម៉្យាង កុំទៅតឿនទារក៏គង់ឈរបាន ១២ ដងដូច្នេះដែរការដែលភិក្ខុទៅតឿនទារគេដល់ ៦ ដងទើបបានមកនោះមិនត្រូវអាបត្តិព្រោះការតឿនទារ ៦ ដងទេ ។
៩៩- ស. បើទៅតឿនទារនឹងទៅឈរគ្រប់កំណត់ហើយតែមិនបានចីវរមក ទាំងមិនបានត្រឡប់ទៅប្រាប់ឱ្យម្ចាស់ដើមគេដឹងទៀតតើភិក្ខុនោះមានទោសយ៉ាងណា ?
ព្រោះហេតុអ្វី ?
ឆ.បើមិនបានសម្រេចហើយមិនបានទៅប្រាប់ដល់ម្ចាស់ដើមគេវិញទេ ត្រូវអាបត្តិទុក្កដ ។
១០០- ស. កប្បិយការកៈ ដូចម្ដេចដែលភិក្ខុគួរហៅរក ?
ដូចម្ដេចដែលភិក្ខុមិនគួរហៅរក? ចូរអធិប្បាយ ?
ឆ. កប្បិយការកៈ ដែលភិក្ខុឬទាយកមិនបានបង្ហាញឱ្យស្រាប់តែទទួលយកអាសា
ដោយខ្លួនឯងក្នុងទីចំពោះមុខភិក្ខុក្ដី ទាយកក្ដី ពួក ១ , ក្បិយការកៈ ដែលទទយលយកតម្លៃទុកដាក់ដោយលាក់ទុកហើយ មិនបានមកប្រាប់ឱ្យភិក្ខុដឹង ទាំងអ្នកប្រគល់ឱ្យនឹងអ្នកដែលទទួលពួក ១, ទាំងពីរពួកនេះភិក្ខុមិនគួរហៅរកទេ, កប្បិយការកៈ ដែលភិក្ខុសំដែងឱ្យបង្ហាញទាំងកាលដែលគេកំណត់ឱ្យហើយ ក៏បានមកប្រាប់ឱ្យភិក្ខុដឹងកប្បិយការកៈ យ៉ាងនេះ ភិក្ខុគួរហៅរកបាន ។
១០១- ស. វេយ្យាវច្ចករ នឹង កប្បិយការកៈ ផ្សេងគ្នាឬដូចគ្នា ?
ឆ. ផ្សេងគ្នាវេយ្យាវច្ចករៈ ប្រែថាអ្នកធ្វើការខ្វល់ខ្វាយតាមសេចក្ដីកំណត់សំដៅយកគ្រហស្ថអ្នកធ្វើកិច្ចការរបស់សង្ឃជានិច្ច កប្បិយការកៈប្រែថា អ្នកធ្វើរបស់ឱ្យសមគួរតាមសេចក្ដីកំណត់ សំដៅយកគ្រហស្ថអ្នកធ្វើកិច្ចការរបស់សង្ឃម្ដងម្ដាល់ គឺអ្នកដែលភិក្ខុកំណត់ឱ្យធ្វើរបស់ដែលមិនគួរដល់ភិក្ខុឱ្យទៅជារបស់គួរ ។
ចប់ចីវរវគ្គ
កោសិយវគ្គ
១០២- ស. សន្ថ័តបានដល់អ្វី ? បែបណាព្រះពុទ្ធទ្រង់ហាមមិនឱ្យភិក្ខុប្រើប្រាស់ ? បែបណាទ្រង់អនុញ្ញាតឱ្យភិក្ខុប្រើប្រាស់បាន ?
ឆ. បានដល់គ្រឿងកម្រាល សន្ថ័តដែលលាយចម្រុះដោយរោមចៀមនឹងសូត្រ, សន្ថ័តដែលលាយចម្រុះដោយរោមចៀមខ្មៅសុទ្ធ, សន្ថ័តដែលលាយចម្រុះដោយរោមខ្មៅលើស ២ ភាគរោមចៀមសនឹងរោមចៀមក្រហម ១ ភាគ ១ ភាគៗ, សន្ថ័តថ្មីដែលមិនបានកាត់សន្ថ័តចាស់ ១ ចំអាមព្រះសុគតដោយជុំវិញបញ្ចូលនឹងសន្ថ័តថ្មី ដើម្បីធ្វើឱ្យអន់ពណ៌សន្ថ័តបែបនេះប៉ុណ្ណោះ
១០៣- ស. ចុះក្នុងនិស្សគ្គិយបាចិត្តិយៈ មានសិក្ខាបទដែលជាប់ទាក់ទងដោយភិក្ខុនី តើប៉ុន្មានសិក្ខាបទ គឺសិក្ខាបទអ្វីខ្លះ ?
ឆ.មាន ៣ សិក្ខាបទ គឺសិក្ខាបទទី ៤ ទី ៥ នៃចីវរវគ្គនិងសិក្ខាបទទី ៧ នៃកោសិយវគ្គ ។
១០៤- ស. ភិក្ខុផ្លាស់ប្ដូររបស់ជាមួយនឹងសាមណេរតើរបស់ដែលបានមកត្រូវ
និស្សគ្គិយបាចិត្តិយៈដែរឬទេ ? មានអ្វីជាភស្ដុតាង ?
ឆ. មិនត្រូវអាបត្តិទេ មានសិក្ខាបទទី ១០ នៃកោសិយវគ្គដែលទ្រង់ហាមថា មិនឱ្យភិក្ខុផ្លាស់ប្ដូររបស់ជាមួយនឹងគ្រហស្ថជាភ័ស្ដុតាង ។
១០៥- ស. មាស ប្រាក់ដែលគេត្រូវនិយមរាប់អានហេតុដូចម្ដេចបានជា ព្រះពុទ្ធទ្រង់បញ្ញត្ត មិនឱ្យភិក្ខុទទួល ? ព្រោះហេតុអ្វី ?
ឆ.បើភិក្ខុទទួលដោយខ្លួនឯងឬប្រើគេឱ្យទុកដាក់ឱ្យឈ្មោះថាធ្វើសេចក្ដីប្រាថ្នាឱ្យចម្រើន
ឡើងផង ជាហេតុឱ្យសន្សំទ្រព្យសម្បត្តិច្រើនឡើងផង មិនសមគួរដល់ភេទនឹងការប្រព្រឹត្តរបស់ខ្លួនព្រមទាំងនាំឱ្យមានសេចក្ដីកង្វល់ក្នុងការថែទាំ
រក្សាផង បើដើរទៅកាន់ទីណាៗ រមែងមានការប្រយ័ត្នយ៉ាងមាំជាហេតុនាំឱ្យរំខានដល់សេចក្ដីសុខស្រួល បើភិក្ខុនៅក្នុងព្រៃហើយ ល្មោភមានមាសប្រាក់ច្រើន រមែងត្រូវចោរដណ្ដើមយករហូតដល់មានសេចក្ដីអន្តរាយជីវិតនឹងព្រហ្មចារ្យក៏មាន ព្រោះហេតុនេះហើយបានជាព្រះពុទ្ធទ្រង់ហាមមិនឱ្យភិក្ខុទទួលមាសប្រាក់ ។
១០៦- ស. ចុះភិក្ខុទទួលមាសប្រាក់មិនល្អយ៉ាងដូចម្ដេចខ្លះបានជាត្រូវអាបត្តិ
និស្សគ្គិយបាចិត្តិយៈ ?
ឆ.ភិក្ខុទទួលមាសប្រាក់មិនល្អនោះមានច្រើនយ៉ាងគឺ
១.ជាហេតុនាំឱ្យសន្សំទ្រព្យសម្បត្តិការសន្សំនោះជាហេតុនាំឱ្យចង់បានទ្រព្យ
សម្បត្តិរឹតតែទ្វេច្រើនឡើងៗ តែរាល់ថ្ងៃពីនោះទៅនឹងកើតសេចក្ដីកង្វល់ក្នុង
ចិត្តច្រើនឡើង ពោលគឺភិក្ខុត្រូវទុកដាក់ត្រូវតែរក្សាមិនមាន ពេលវេលាសូត្រ
ចម្រើនសីលសមាធិបញ្ញាឡើយ,
២.ការដែលទុកដាក់មាសប្រាក់ច្រើនៗ ដូច្នោះ រមែងអន្តរាយដល់ជីវិតក៏មានៈ
៣.ភិក្ខុជាអ្នកអាស្រ័យជីវិតដោយបុគ្គលដទៃចិញ្ចឹម មិនត្រូវសន្សំទ្រព្យសម្បត្តិទុកច្រើនទេ ទាំងមិនសមគួរដល់ភេទសមណៈ គឺថាមិនប្លែកអំពីគ្រហស្ថដែលគេកាន់មាសប្រាក់ឡើយ ព្រោះហេតុនោះបានជាត្រូវអាបត្តិនិស្សគ្គិយបាចិត្តិយៈ ។
១០៧- ស. មាសប្រាក់ក្ដី របស់ប្រើជំនួសមាសប្រាក់ក្ដីជាវត្ថុនាំឱ្យត្រូវអាបត្តិ តើត្រូវដោយអាការយ៉ាងណាខ្លះ?
ឆ. ត្រូវនិស្សគ្គិយបាចិត្តិយៈ ព្រោះទទួលឬប្រើអ្នកដទៃឱ្យទទួលឬត្រេកអរចំពោះមាសប្រាក់ដែលគេទុកដាក់ឱ្យ
ដើម្បីខ្លួន បើដល់ធ្វើការទិញដូរដោយរូបិយៈ
ត្រវអាបត្តិទុក្កដទៀតព្រោះចាប់ត្រូវរបស់ដែលជាអនាមាសៈ ។
១០៨- ស. ភិក្ខុពីររូបបបួលគ្នាដើរទៅ តែមិនមានវេយ្យាវច្ចករ ឬកប្បិយការកៈទៅផងទេ
ភិក្ខុ ១ រូបឱ្យគេយកតម្លៃប្រើប្រាស់ដាក់យាមឱ្យហើយនាំទៅដោយខ្លួនឯង ភិក្ខុ១រូបទៀតឱ្យគេយតម្លៃប្រើប្រាស់ដាក់ហោរប៉ៅឱ្យហើយឡើងជិះរទេះ ឬចុះទូកទៅដល់ពេលប្រើប្រាស់ក៏ប្រើឱ្យគេលូកយកពីឈាម ឬហោរប៉ៅរបស់ខ្លួន តើវិន័យធរនឹងកាត់ទោសដល់ភិក្ខុទាំងពីរនេះដូចម្ដេច ? តើលើកសិក្ខាបទណាមកវិនិច្ឆ័យ ?
ឆ. វិន័យធរ ត្រូវកាត់អាបត្តិនិស្សគ្គិយបាចិត្តិយៈដល់ភិក្ខុទាំងពីររូប, លើកយកសិក្ខាបទទី ៩ នៃកោសិយវគ្គមកវិនិច្ឆ័យសេចក្ដីថាភិក្ខុធ្វើការទិញដូរដោយរូបិយៈគឺមាសប្រាក់ ឬរបស់ដែលប្រើជំនួសមាសប្រាក់ ត្រូវនិស្សគ្គិយបាចិត្តិយៈ ។
១០៩- ស. ភិក្ខុគេនិមន្ដទៅឆាន់ក្នុងទីណាមួយទាយកគេបានបវារណាតម្លៃចតុប្បច្ច័យដល់
ភិក្ខុហើយបានប្រគេនមកកប្បិយការកៈ លុះមកដល់កុដិភិក្ខុបង្គាប់ឱ្យកប្បិយការកៈ ទុកតម្លៃនោះក្នុងទូចាត់សោរហើយ បានយកកូនសោរមកទុកដោយខ្លួនឯង បើដូច្នេះតើខុសនឹងច្បាប់វិន័យប្បញ្ញត្តិដូចម្ដេចខ្លះ?
ឆ. ការវិនិច្ឆ័យត្រូវមើលតាមផ្លូវវិន័យក្នុងសិក្ខាបទទី ១០ នៃចីវរវគ្គលោកពោលថា បើមានគេនាំតម្លៃចីវរមកប្រគេនភិក្ខុៗ ត្រូវការចីវរក៏គប្បីបង្ហាញវេយក្យាវច្ចករគេប្រាប់ថាអ្នកនេះ ជាវេយ្យាវច្ចកររបស់ភិក្ខុទាំងឡាយហាមមិនឱ្យប្រាប់ វេយ្យាវច្ចករចំពោះខ្លួននេះសឱ្យឃើញថា លោកអនុញ្ញាតឱ្យអ្នកដទៃរក្សាមិនមែនឱ្យខ្លួនរក្សាដោយខ្លួនឯងទេ ការដែលភិក្ខុប្រាប់ទីទុកដាក់ឱ្យទាំងការរក្សាកូនសោទុកដោយខ្លួនឯងដូច្នេះ គង់មិនផុតពីអាបត្តិនិស្សគ្គិយបាចិត្តិយៈដែរ ព្រោះរក្សាកូន សាទុកដាក់ដោយខ្លួនឯង ក៏ដូចជារក្សាតម្លៃនោះ ដោយខ្លួនដែរ ។
១១០- ស. ភិក្ខុទទួលធនប័ត ដោយចូលចិត្តថាមិនមែនជាប្រាក់មាស តើត្រូវអាបត្តិអ្វី ?
ព្រោះហេតុអ្វី ?
ឆ. ត្រូវអាបត្តិនិស្សគ្គិយបាចិត្តិយៈព្រោះធនប័តជារបស់ដែលគេប្រើជំនួសមាសប្រាក់
សម្រាប់ប្រើទិញដូរនូវវត្ថុផ្សេងៗ វត្ថុនោះក៏មិនគួរដល់ភិក្ខុដែរ បើភិក្ខុទទួល
ដោយខ្លួនឯងក្ដី ឬប្រើគេឱ្យទទួលទុកដាក់ដើម្បីខ្លួនក្ដីក៏មិនរួចពីអាបត្តិ
និស្សគ្គិយបាចិត្តិយៈ បើគ្រាន់តែចាប់ពាល់ក៏ត្រូវអាបត្តិទុក្កដដែរ ។
១១១- ស. មាសប្រាក់ជាវត្ថុឱ្យសម្រេចប្រយោជន៍គ្រប់ប្រការដល់អ្នកដែលជាម្ចាស់
របស់មិនមែនឬ? ហរតុដូចម្ដេចបានជាមានពុទ្ធប្បញ្ញត្តិហាមមិនឱ្យភិក្ខុទទួលដោយ
ខ្លួនឯង នឹងប្រើគេឱ្យទទួល ? ដោយហោចទៅសូម្បីត្រឹមតែត្រេកអរក៏មិនបានដែរ ? បើមានពុទ្ធប្បញ្ញត្តិហាមមិនឱ្យទទួលដូច្នោះតើនឹងឈ្មោះថាផ្ដាច់បង់នូវការស្រួលពួកសាវ័កទៅហើយ ឬដូចម្ដេច ?
ឆ. ពិតមែនតែដូច្នោះ មាសប្រាក់ជាការស្រួលដល់ម្ចាស់របស់តែសម្រាប់អ្នកដែលនៅគ្រប់គ្រងគេហដ្ឋាន, ចំណែកអ្នកបួសដែលបានលះបង់ទ្រព្យសម្បត្តិចេញមកហើយ ទ្រង់ហាមមិនឱ្យភិក្ខុត្រូវការចំពោះមាសប្រាក់ឡើយ ព្រោះអ្នកបួសមានមាសប្រាក់ហើយ ជាហេតុនាំឱ្យមានសេចក្ដីប្រាថ្នារឹតតែច្រើនឡើងៗ ទាំងមានសេចក្ដីកង្វល់ចំពោះថែទាំរក្សា
តែរាល់ថ្ងៃទៀតផង បើមានការកង្វល់យ៉ាងនេះហើយ តើមានពេលណានឹងអប់រំបន្ទំចិត្ត ដោយផ្លូវសីលសមាធិ បញ្ញាបាន ។ ហេតុនេះប្បញ្ញត្តិមិនមែនសំដែងទុក ដើម្បីកាត់បង់នូវការសុខស្រួលរបស់ភិក្ខុទេ, បញ្ញត្តិដើម្បីការពារសេចក្ដីអន្តរាយផ្សេងៗ ដែលកើតអំពីមាសប្រាក់ផង ដើម្បីឱ្យសមរម្យដល់ភេទអ្នកបួសផង ។
១១២- ស. រូបិយៈជារបស់មានប្រយោជន៍ច្រើនហេតុដូចម្ដេចបានជាទ្រង់ហាមមិនឱ្យ
ភិក្ខុទទួល ទាំងត្រូវអាបត្តិនិស្សគ្គិយបាចិត្តិយៈផងទៀត ?
ឆ. មានប្រយោជន៍ច្រើនក៏ពិត តែមានទោសក៏ច្រើនដែរ ដូចជាចោរប្លន់សម្លាប់ម្ចាស់ទ្រព្យជាដើម ព្រោះតែប្រាថ្នាចង់បានទ្រព្យសម្បត្តិ, មាសប្រាក់ជារបស់អ្នកណា តែងធ្វើឱ្យអ្នកនោះលោភរឹតតែច្រើនឡើងៗ ទៅទៀត, មនុស្សខ្លះដែលមានលោភចេតនា ក្លៀវក្លាខ្លាំងស្វែងរកទ្រព្យសម្បត្តិតាមផ្លូវសុចរិតមិនបានក៏ស្វែងរកតាមផ្លូវទុច្ចចរិត ដូចជាលួចឬដណ្ដើមឆក់របស់គេដើម អ្នកខ្លះក៏ធ្វើឱ្យអន្តរាយដល់រាងកាយរបស់ម្ចាស់ទ្រព្យក៏មានមនុស្សដែលមាន មាស ប្រាក់ច្រើន រមែងមានភ័យក៏ច្រើនដែរ ព្រោះហេតុនោះ មាសប្រាក់មិនមែនតែធ្វើឱ្យកើតសេចក្ដីសុខតែម៉្យាងទេ រមែងធ្វើឱ្យកើតទុក្ខទោសទៀតផង, ពួកភិក្ខុជាអ្នកមានអាជ្ញាកាត់បង់ហើយមិនមានកាថែទាំរក្សាទេ បើមានមាសប្រាក់ទុកដាក់ច្រើនហើយ ជាហេតុនាំឱ្យមនុស្សគិតធ្វើសេចក្ដីអន្តរាយដល់ភិក្ខុជាច្រើនឡើងមិនខាន ។
១១៣- ស. បើមានគេយក តែ ស្ករ មកលក់ ភិក្ខុយកស្បង់ដូរ តែស្ករ ឆាន់ តើកន្លងសិក្ខាបទណាទេ ? ព្រោះហេតុអ្វី ?
ឆ. គួរយល់ថាជាការផ្លាស់ប្ដូរកន្លងនិស្សគ្គិយបាចិត្តិយៈតាមសិក្ខាបទទី ១០
នៃកោសិយវគ្គ តែក្នុងអនាបត្តិវារៈ (វារៈមិនមានអាបត្តិ) ថាបើសមតម្លៃគ្នាហើយ លោកអនុញ្ញាតបាននឹងត្រូវអាបត្តិក្នុងសិក្ខាបទទី ៩ នៃវគ្គនោះក៏មិនបាន ព្រោះមិនទិញដូរដោយរូបិយវត្ថុទេ ។
១១៤- ស. ភិក្ខុផ្លាស់ប្ដូររបស់ជាមួយនឹងសាមណេរតើរបស់ដែលបានមកត្រូវ
និស្សគ្គិយបាចិត្តិយៈដែរឬទេ ? មានអ្វីជាភស្ដុតាង ?
ឆ. មិនត្រូវអាបត្តិទេ មានសិក្ខាបទទី ១០ នៃកោសិយវគ្គដែលទ្រង់ហាមថា មិនឱ្យភិក្ខុផ្លាស់ប្ដូររបស់ជាមួយនឹងគ្រហស្ថជាភ័ស្ដុតាង ។
១១៥- ស. ភិក្ខុផ្លាស់ប្ដូររបស់ជាមួយនឹងគ្រហស្ថត្រូវអាបត្តិអ្វី? បើផ្លាស់ប្ដូររបស់ជាមួយនឹងសហធម្មិកៈតើគួរឬមិនគួរ ឬត្រូវអាបត្តិដូចគ្នា, បើភិក្ខុមានសេចក្ដីប្រាថ្នារបស់ណានីមួយ តើត្រូវធ្វើយ៉ាងណាមិនឱ្យត្រូវអាបត្តិ?
ឆ.ត្រូវអាបត្តិនិស្សគ្គិយបាចិត្តិយៈ គួរមិនត្រូវអាបត្តិទេ ត្រូវឱ្យគ្រហស្ថជាវេយ្យាវច្ចករចាត់ការឱ្យ ឬភិក្ខុដោយពោលដោយកប្បយវោហារក៏បានគឺពោលថាយើងមានរបស់នេះ យើងមិនត្រូវការទេយើងត្រូវការរបស់នោះ ដែលជារបស់គេ បើភិក្ខុឃើញរបស់ខ្លួន មានតម្លៃច្រើនជាងឃើញរបស់គេមានតម្លៃតិចជាងក៏ឈ្មោះថាមិនស្មើគ្នា, បើភិក្ខុឃើញថារបស់ខ្លួននឹងរបស់គេមានតម្លៃស្មើគ្នាហើយក៏ទុកថាជាការស្រេច (គេប្រគេនរបស់គេមកភិក្ខុគេសូមរបស់ភិក្ខុយកទៅឥតមានទាស់ទេ) ។
ចប់ចីវរវគ្គ
១១៦- ស. បាត្រដូចម្ដេចហៅថាអតិរេកបាត្រ ? បើភិក្ខុមានអតិរេកបាត្រដូច្នេះហើយ តើត្រូវទុកដាក់បានប៉ុន្មានថ្ងៃ ? បើផុតពីថ្ងៃកំណត់នោះទៅហើយ តើត្រូវធ្វើដូចម្ដេចទៀត ?
ឆ. បាត្រដែលក្រៅអំពីបាត្រអធិដ្ឋានហៅថាអតិរេកបាត្រ, អតិរេកបាត្រនេះទុកដាក់បានយ៉ាងយូរបំផុតត្រឹម ១០ ថ្ងៃ, បើផុតពី ១០ ថ្ងៃនោះទៅត្រូវវិកប្បទុក (គឺធ្វើឱ្យជាបាត្រមានម្ចាស់ពីរ) ។
១១៧- ស. ចុះបើភិក្ខុមានបាត្រថ្មីៗ មកអធិដ្ឋានប្រើប្រាស់ទាំងអស់មិនល្អ ឬដូចម្ដេចក៏ចាំបាច់ទុកដាក់ធ្វើអ្វីទៀត ?
ឆ. បាត្រដែលមិនភិក្ខុអធិដ្ឋានទុកសម្រាប់ខ្លួនប្រើប្រាស់នោះលោកទ្រង់អនុញ្ញាតឱ្យអធិដ្ឋាន
តែមួយប៉ុណ្ណោះ ភិក្ខុអធិដ្ឋានបាត្រ ២ ៣ មិនបានទេ, បើទុកណាជាភិក្ខុអធិដ្ឋានបាត្រដល់ទៅ ២ - ៣ ក៏ដោយក៏មិនឈ្មោះថាអធិដ្ឋានដែរ ឬហៅថាអធិដ្ឋានមិនឡើង បើទុកបាត្រនោះចោលឱ្យកន្លងហួសពី ១០ ថ្ងៃទៅក៏គង់ត្រូវអាបត្តិនិស្សគ្គិយៈមិនខាន ។
១១៨- ស. ភិក្ខុបានបាត្រ ៣ មក ប្រាថ្នានឹងអធិដ្ឋានទាំង ៣ ដើម្បីនឹងរក្សាសទ្ធារបស់គេជាម្ចាស់បាត្រ តែនឹកឃើញដល់ពុទ្ធប្បញ្ញត្តិដែលលោកហាមឃាត់មិនឱ្យភិក្ខុអធិដ្ឋានបាត្រលើសពី ១ ឡើងទៅ តើធ្វើយ៉ាងណាទើបប្រើប្រាស់នឹងរក្សាសទ្ធារបស់គេបានឬមិនបាន ?
ឆ. បាន, លោកហាមមិនឱ្យអធិដ្ឋានបាត្រលើសពី ១ ឡើងទៅក៏ពិត តែនៅមានផ្លូវដែលនឹងអធិដ្ឋានប្រើប្រាស់ឱ្យទូទៅបាន គឺបច្ចុទ្ធរណ៍បាត្រទីមួយអធិដ្ឋានបាត្រទីពីរ បើបច្ចុទ្ធរណ៍ហើយ ឃើញថាកន្លង ១០ ថ្ងៃត្រូវវិកប្បទុក បើអធិដ្ឋានបាត្រទី ៣ ត្រូវបច្ចុទ្ធរណ៍បាត្រទី ២ បើកន្លងកំណត់ ១០ ថ្ងៃត្រូវវិកប្បទុកទៀត កាលបើត្រូវការប្រើប្រាស់ទៀត ត្រូវដាក់វិកប្បមកអធិដ្ឋាន, ផ្លាស់ប្ដូរគ្នាដោយន័យនេះឯង សូម្បីភិក្ខុមានបាត្រដល់ទៅប៉ុន្មានក៏បាន លោកមិនមានហាមឃាត់ទេ ។
១១៩- ស. ហេតុដូចម្ដេចបានជាមានពុទ្ធប្បញ្ញតិជាប់ទាកទងដោយការ
សូមជាច្រើនន័យម៉្លេះ ចូរអធិប្បាយមកមើល ?
ឆ. ព្រោះអ្នកបួសក្នុងពុទ្ធសាសនាតែងមានអធ្យាស្រ័យផ្សេងៗគ្នា លោកខ្លះមានអធ្យាស្រ័យមានរបៀបរៀបរយនិងសន្ដោសតិចក៏មាន, លោកខ្លះមានអធ្យាស្រ័យថោកទាប មានសេចក្ដីលោភច្រើន បានរបស់នេះហើយ ចង់បានរបស់នោះទៀត ចង់បានក្រៃលែងរកទីបំផុតគ្មានក៏មាន ដោយហេតុនេះហើយបានជាព្រះពុទ្ធទ្រង់តាំងច្បាប់ជាប់ទាក់ទង ដោយការសូមទុកជាច្រើនសិក្ខាបទ ដើម្បីរក្សាភិក្ខុដែលមានអធ្យាស្រ័យមិនសមរម្យល្អ
មិនឱ្យសូមរបស់ពីគ្រហស្ថលើសលុប ឱ្យស្គាល់ប្រមាណក្នុងការសូម, ការសូមនេះ
បើតាមប្រក្រតីអ្នកសូមមិនជាទីពេញចិត្តដល់គេៗ មិនឱ្យក៏កើតសេចក្ដីអាក់អន់ចិត្តខ្លួនឯង ឬសូមរបស់គេដោយមិនដឹងប្រមាណ អ្នកឱ្យក៏នឿយណាយធុញទ្រាន់រអាក្នុងចិត្ត, មនុស្សយើងលុះណាតែអ្នកដែលមានសទ្ធាខ្លាំង ទើបសុំគេៗ ឱ្យដោយឥតគិតពីខាតបង់ ឬក្រីក្រឡើយមនុស្សដែលមានសភាពយ៉ាងនេះមានចំនួនតិចក្នុងលោកច្រើនតែអ្នកកំណាញ់ស្វិតស្វាញខ្លាចខាតបង់របស់ បានជាព្រះពុទ្ធទ្រង់តាំងសិក្ខាបទ ដើម្បីការពារទុកជាមុន ។
១២០- ស. ចុះមានច្បាប់អនុញ្ញាតឱ្យភិក្ខុសូមបានខ្លះដែរឬទេ ?
ឆ. សេនាសនៈ ទ្រង់អនុញ្ញាតឱ្យសុំបានទូទៅ តែត្រូវធ្វើឱ្យមានកំណត់ សូមគ្រហស្ថដែលជាញាតិនិងគ្រហស្ថដែលជាបវារណាបាន, សូម្បីសហធម្មិកៈក៏ទ្រង់អនុញ្ញាតឱ្យភិក្ខុសូមបានដែរ, គ្រហស្ថក្រៅពីនេះ សូមបានចំពោះតែក្នុងពេលដែលភិក្ខុមានចីវរអន្តរាយដោយហេតុផ្សេងៗ មានចោរលួចជាដើម តែសូមឱ្យល្មមគឺសូមបានតែសំពត់ស្លៀកនឹងសំពត់ដណ្ដប់, បាត្រដែលមានស្នាមប្រេះដល់ ១០ ធ្នាប់សូមបាត្រថ្មីបាន បើភិក្ខុមានអាពាធសុំបិណ្ឌបាតនឹងភេសជ្ជៈបាន ។
១២១- ស. ភេសជ្ជៈ ៥ យ៉ាងតើអ្វីខ្លះ? បើភិក្ខុទទួលប្រគេនតើទុកដាក់ឆាន់
បានប៉ុន្មានថ្ងៃ ?
ឆ.ភេសជ្ជៈ ៥ យ៉ាងគឺទឹកដោះថ្លា ១, ទឹកដោះខាប់ ១, ប្រេង ១, ទឹកឃ្មុំ ១, ស្ករអំពៅ ១, បើទទួលប្រគេនហើយទុកដាក់ឆាន់បាន ៧ ថ្ងៃ ។
១២២- ស. ចុះស្ករត្នោតគួររាប់បញ្ចូលក្នុងភេសជ្ជៈណា ? បើគេប្រកេនហើយតើត្រូវទុកដាក់បានប៉ុន្មានថ្ងៃ ?
ឆ.ស្ករត្នោតគួររាប់បញ្ចូលក្នុងអំពៅទុកឆាន់បាន ៧ ថ្ងៃ ។
១២៣- ស. ភិក្ខុទទួលប្រគេនទឹកឃ្មុំ ទុកភ្លេចបណ្ដោយឱ្យកន្លងទៅ១០ថ្ងៃ ចូលចិត្តថានៅមិនទាន់កន្លង៧ ថ្ងៃទេ តើត្រូវអាបត្តិអ្វីដែរឬទេ ?
ឆ.ត្រូវអាបត្តិនិស្សគ្គិយបាចិត្តិយៈ ។
១២៤- ស. ភិក្ខុទទួលប្រគេនស្ករត្នោត កាហ្វេ នឹងនំ ទុក កន្លង ៧ ថ្ងៃហើយ ត្រឡប់យកមកកាន់ឆាន់ដោយគិតថាខ្លួនមានជំងឺតើវិន័យធរត្រូវកាត់ទោស
ភិក្ខុនោះយ៉ាងណា? ឬត្រូវឱ្យអភ័យទោសដោយបែបណា?
ឆ. មិនត្រូវឱ្យអភ័យទោសឡើយ, ត្រូវប្រាប់តាមសេចក្ដីខុសដូច្នេះ គឺត្រូវអាបត្តិនិស្សគ្គិយបាចិត្តិយៈ ព្រោះទទយលស្ករត្នោតទុកលើសកំណត់ត្រូវអាបត្តិទុក្កដ ព្រោះឆាន់ស្ករត្នោតនោះ ចំណែកនំបើឆាន់ក្នុងកាលត្រូវបាចិគ្គិយៈព្រោះវិកាសភោជនៈ ចំណែកកាហ្វេសុទ្ធ ចាត់ចូលក្នុងយារជីវិតទទួលប្រគេនហើយឆាន់បានរហូតដល់អស់
ឥតមានកំណត់កាលទេ ។
១២៥- ស. ភេសជ្ជៈ ៥ យ៉ាងភិក្ខុទទួលទុកឱ្យលកន្លង ៧ ថ្ងៃលះបង់ចោលហើយ អ្នកទទួលរបស់គេលះនោះយកមកប្រគេនវិញ ភិក្ខុអ្នកទទួលគួរឆាន់បានវិញដែរឬទេ ឬគួរធ្វើយ៉ាងណា ?
ឆ. ភិក្ខុទទួលរបស់ដែលខ្លួនលះបង់ព្រោះកន្លងកាលដូច្នោះហើយមិនគួរឆាន់វិញទេ សូម្បីយកមកប្រើប្រាស់ធ្វើជាថ្នាំលាបដំបៅ ឬលាបអវយវៈរាងកាយក៏មិនគួរដែរ បើប្រើក្រៅពីរាងកាយដូចជាប្រេងប្រើការខាងដុតប្រទីបជាដើមបាន, បើភិក្ខុមិនមែនម្ចាស់ជាអ្នកលះបង់ទេ ឆាន់មិនបានដែរ តែប្រើប្រាស់ឱ្យជាប់ទាក់ទងដោយរាងកាយជាដើមបាន ។
១២៦- ស. សំពត់ងូតទឹកភ្លៀង តើសំពត់ដូចម្ដេច ? ធ្វើមានកំណត់ដូចម្ដេច ? ភិក្ខុត្រូវស្វែងរកបែបណា ?
ឆ. សំពត់សម្រាប់ផ្លាស់ងូតទឹកភ្លៀងសំពត់នេះប្រើបានតែក្នុងរដូវភ្លៀងហៅថា
សំពត់ងូតទឹកភ្លៀងក្នុងរវាងកាលកំណត់ឱ្យអធិដ្ឋានប្រើប្រាស់ បើផុតកាលកំណត់
ហើយត្រូវវិកប្បទុក មានកំណត់ឱ្យស្វែងរកនឹងប្រើប្រាស់ទុកដូច្នេះតាំងពីថ្ងៃ ១ រោជខែជេស្ឋទៅដល់ដាច់កន្លះខែនេះជាកាលត្រូវភិក្ខុស្វែងរកតាំងពីថ្ងៃ ១ កើតខែអាសាធដល់ ថ្ងៃពេញបូណ៌មីខែអាសាធកន្លះខែនេះ
ជាកាលត្រូវភិក្ខុស្វែងរកក៏បាន ធ្វើផងក៏បាន ស្លៀកផងក៏បាន បើស្វែងរកឬក៏ធ្វើនឹងស្លៀកហួសកំណត់កាលនេះទៅត្រូវអាបត្តិនិស្សគ្គិយបាចិត្តិយៈ ។
១២៧- ស. ភិក្ខុឱ្យចីវរដល់ភិក្ខុដទៃហើយ ក្រោធខឹងដណ្ដើមយកមកវិញតាមសិក្ខាបទទី ៥ នៃបត្តវគ្គថាត្រូវអាបត្តិត្រឹមតែនិស្សគ្គិយបាចិត្តិយៈប៉ុណ្ណោះ ហេតុដូចម្ដេចបានជាលោកមិនសំដែងដល់អវហារផង ?
ឆ. ព្រោះភិក្ខុនោះធ្វើដោយសកសញ្ញា (គឺសម្គាល់ថានៅជារបស់ខ្លួនឯង) ឯម្ចាស់របស់ដើមគឺភិក្ខុអ្នកឱ្យនៅមានសិទ្ធិក្នុងចីវរនោះ បានជាលោកមិនសំដែងជាអវហារ(លួច) ទេ ។
១២៨- ស. ចូរចង្អុលឱ្យឃើញថាភិក្ខុឱ្យបរិក្ខារដល់អ្នកដទៃហើយលុះដល់ពេល
ខាងក្រោយដណ្ដើមយកមកវិញ តើភិក្ខុនោះគួរទទយលទោសយ៉ាងណាខ្លះ ?
ឆ. ភិក្ខុបរិក្ខារដល់អ្នកដទៃនោះ បើឱ្យចីវរដល់ភិក្ខុដល់ភិក្ខុផងគ្នា ដល់ពេលក្រោយក្រោធខឹងដណ្ដើមយកមកវិញ ត្រូវអាបត្តិនិស្សគ្គិយបាចិត្តិយៈ
បើឱ្យបរិក្ខារដទៃក្រៅអំពីចីវរហើយដណ្ដើមយកមកវិញឬឱ្យបរិក្ខារដល់អនុបសម្បន្នៈ
ហើយដណ្ដើមយកមកវិញដោយសេចក្ដីក្រោធ ត្រូវអាបត្តិទុក្កដ, តែបើឱ្យគេធ្វើទៅ
ហើយ ខាងក្រោយឃើញថាមិនមានប្រយោជន៍ដល់គេទេ ក៏យកត្រឡប់មកវិញ មិនត្រូវអាបត្តិឡើយ ។
១២៩- ស. ទាយកគេប្រគេនអច្ចេកចីវរ (គឺសំពត់ចំណាំវស្សាដោយរួសរាន់) ប្រគេនបានតាំងអំពីថ្ងៃណា ? ទទួលហើយទុកដល់ថ្ងៃណា ? បើទុកឱ្យលើសពីនោះទៅតើត្រូវអាបត្តិអ្វី ?
ឆ. ប្រគេនបានតាំងពីថ្ងៃទី ៦ កើតខែអស្សុជ ភិក្ខុទទួលហើយមិនដាច់វស្សាទេ ទុកបានដរាបដល់ថ្ងៃពេញបូណ៌មីខែកត្តិក មិនត្រូវវិកប្បអធិដ្ឋានទេ បើបានក្រាលកឋិនទុកបានដល់ថ្ងៃពេញបូណ៌មីខែផល្គុនទៀតផុតអំពីនេះទៅហើយ បើទុកទៅទៀតមិនបានវិកប្បអធិដ្ឋាន សំពត់នោះជានិស្សគ្គិយៈភិក្ខុត្រូវបាចិត្តិយ ។
១៣០- ស. សេនាសនៈដែលនៅក្នុងព្រៃតើមានកំណត់ខេត្តដែនដូចម្ដេចខ្លះ? ភិក្ខុនៅក្នុងសេនាសនៈដូច្នោះបានទទួលប្រយោជន៍វិសេសដែរឬទេ ? ចូរអធិប្បាយមកមើល ?
ឆ. សេនាសនៈដែលតាំងនៅឆ្ងាយពីស្រុកប្រមាណ ៥០០ ជួរ ឆ្នូ គឺ១៥ សិនឈ្មោះថាសេនាសនៈនៅក្នុងព្រៃ, ភិក្ខុចាំវស្សានៅក្នុងសេនាសនៈដូច្នោះ បានទទួលអនុញ្ញាតវិសេស គឺថាបើមានហេតុកើតឡើងអាចទុកចីវរក្នុងស្រុក ៦ រាត្រីបាន, រៀបរាប់មកនេះអាងសិក្ខាបទទី ៩ នៃបត្តវគ្គ ។
១៣១- ស. ភិក្ខុដឹងហើយទៅបង្អោនលាភដែលគេបម្រុងប្រគេនដល់សង្ឃ មកដើម្បីអ្នកណានីមួយវិញ តើត្រូវអាបត្តិអ្វី?
ឆ. បង្អោនដើម្បីមកខ្លួនត្រូវអាបត្តិនិស្សគ្គិយបាចិត្តិយៈ បង្អោនមកដើម្បីបុគ្គលដទៃត្រូវអាបត្តិបាចិត្តិយៈ ។
១៣២- ស. ការធ្វើឱ្យសង្ឃដាច់ចាកលាភដែលត្រូវបាន តើឱ្យត្រូវអាបត្តិប៉ុន្មានយ៉ាង ? ចូរអធិប្បាយ ?
ឆ.ការធ្វើឱ្យសង្ឃខាតលាភឱ្យត្រូវអាបត្តិ ៣ យ៉ាងគឺៈ ១ ភិក្ខុដឹងហើយបង្អោនលាភរបស់សង្ឃមកដើម្បីខ្លួនត្រូវអាសបត្តិនិស្សគ្គិបាចិត្តយៈ ២ ធ្វើឱ្យសង្ឃខាតចាកលាភដូចភិក្ខុបង្អោនលាភដែលគេតាំងចិត្តដល់សង្ឃ មកដើម្បីបុគ្គលវិញ ត្រូវអាបត្តិបាចិត្តិយៈ ៣ បង្អោនមកដើម្បីកសាងចេតិយវិញ ត្រូវអាបត្តិទុក្កដ ។
១៣៣- ស. លោកសំដែងទុកថា ភិក្ខុទទួលរបស់ដែលគេលះបង់ហើយ
គប្បីឱ្យត្រឡប់មកម្ចាស់របស់ដើមវិញ តើត្រូវឱ្យត្រឡប់របស់គ្រប់យ៉ាង
ឬបានចំពោះតែរបស់អ្វី ?
ឆ.មិនគួរឱ្យត្រឡប់របស់គ្រប់យ៉ាងទេ គួរឱ្យវិញ តែរបស់ដែលស្លៀកដណ្ដប់ចីវរ
ជាដើម ដែលជារបស់ប្រើប្រាស់ជានិច្ច ដូច្នេះគួរត្រឡប់ឱ្យម្ចាស់ដើមវិញបាន ។
សរុបសេចក្ដីនៃនិស្សគ្គិយបាចិត្តិយៈ
១៣៤- ស. វត្ថុអ្វីដែលត្រូវនិស្សគ្គិយៈ ?
ឆ.មាស, ប្រាក់, របស់ជាកប្បិយៈ ដែលប្រើផ្លាស់ប្ដូរដោយរូបិយៈ សន្ថ័តដែលលាយចម្រុះដោយសូត្រ, សន្ថ័តដែលធ្វើដោយរោមចៀមខ្មៅសុទ្ធសន្ថ័តលាយដោយរោមចៀមខ្មៅលើសពីពីរភាគឡើងទៅប៉ុណ្ណោះហៅថាត្រូវនិស្សគ្គិយដោយវត្ថុ ។
១៣៥- ស. ចូរលើកឧទាហរណ៍ក្នុងសិក្ខាបទ ដែលត្រូវអាបត្តិនិស្សគ្គិយៈដោយកិរិយាដែលបាននោះមកមើល ?
ឆ.ចីវរដែលទទួលបានអំពីដៃភិក្ខុនី ដែលមិនមែនជាញាតិមិនមែនជាបវារណា,ចីវរដែលសូមអំពីគ្រហស្ថ ដែលមិនមែនជាញាតិ មិនមែនជាបវារណា, ចីវរដែលសូមលើសកំណត់ ក្នុងកាលមានសម័យដែលគួរសូមបានចីវរដែលប្រាប់គេធ្វើល្អហួសកំណត់ ក្នុងកាលមានសម័យដែលគួរសូមបានចីវរដែលប្រាប់ឱ្យគេធ្វើល្អហួសកំណត់ដើម ដែលគេកំណត់ទុក, ចីវរដែលបានមកដោយទារលើសកំណត់, របស់ដែលបានមកដោយការផ្លាស់ប្ដូរជាមួយនឹងគ្រហស្ថបាត្រដែលសូមគេក្នុងកាលមិនគួរ, ចីវរឱ្យដល់ភិក្ខុដទៃហើយដណ្ដើមយកមកវិញ, អំបោះដែលសូមគេមកអំពីអ្នកមិនមែនជាញាតិ មិនមែនបវារណា ចីវរដែលប្រើឱ្យជាងតម្បាញឱ្យល្អជាងម្ចាស់គេកំណត់ទុក, លាភរបស់សង្ឃដែលបង្អោនមកដើម្បីខ្លួន ។
១៣៦- ស. សិក្ខាបទណាខ្លះ ដែលត្រូវនិស្សគ្គិយៈដោយកិរិយាធ្វើ ?
ឆ. ចីវរដែលប្រើភិក្ខុនីមិនមែនជាញាតិឱ្យបោក ជ្រលក់ គក់, សន្ថ័តដែលធ្វើថ្មីក្នុងពេលលដែលប្រើសន្ថ័តចាស់ មិនទាន់គ្រប់ ៦ ឆ្នាំ, សន្ថ័តដែលធ្វើថ្មីមិនបានកាត់យកសន្ថ័តចាស់មកលាយ ។
១៣៧- ស. សិក្ខាបទអ្វីខ្លះ ដែលត្រូវនិស្សគ្គិយៈដោយធ្វើឱ្យលើសកំណត់?
ឆ. រោមចៀមដែលកាន់យកមកដោយខ្លួនឯង លើស ៣ យោជន៍ សំពត់ងូតទឹកភ្លៀងដែលរកបានឬធ្វើលើសថ្ងៃកំណត់ ។
១៣៨- ស.ចូរលើកឧទាហរណ៍ក្នុងសិក្ខាបទដែលត្រូវនិស្សគ្គិយៈដោយ
កន្លងវេលាមកមើល ?
ឆ.ត្រៃចីវរប្រាសចាករាត្រី អតិរេកចីវរកន្លង ១០ ថ្ងៃ, អតិរេកបាត្រកន្លង ១០ ថ្ងៃ, អកាលចីវរដែលបានអនុញ្ញាតកន្លង ១ ខែ, អច្ចេកចីវរកន្លងចីវរកាល, ចីវរប្រាសចាក ៦ យប់ក្នុងគ្រាបានអនុញ្ញាពីលើស, ភេសជ្ជៈកន្លង ៧ ថ្ងៃ ។
ចប់និស្សគ្គិយបាចិត្តិយៈ
Comments
Post a Comment