បញ្ហាទូរេនិទាន,អវិទូរេទាន,សន្តិកេនិទាន
បញ្ហាទូរេនិទាន
១.ពាក្យថា ពោធិសត្វ គឺអ្វីដែរ? ចូរពន្យល់!ច.ពាក្យថា ពោធិសត្វ គឺសត្វដែលបំពេញបារមី ដើម្បីបានត្រាស់ជាព្រះពុទ្ធ ។ ពោធិសត្វនេះរាប់បានទាំងមនុស្ស និងសត្វតិរច្ឆានដែលយោនកំណើតក្នុងវាលវដ្តសង្សារ តែជាអ្នកមានកសាងបំពេញបារមី១០ មានទានបារមីជាដើមយ៉ាងក្រាសច្រើនជាងជនឯទៀតៗ។ មនុស្ស ឬសត្វដែលមានការកសាងបំពេញបារមីធម៌ ដើម្បីបានត្រាស់ជាព្រះពុទ្ធបែបនេះ ហៅថា ពោធិសត្វ ។
២.ចុះពាក្យថា ពុទ្ធង្កុរ ជាអ្វីដែរ? ពុទ្ធង្កុរ និង ពោធិសត្វដូចគ្នាឬ ផ្សេងគ្នា?
ច.ពាក្យថា ពុទ្ធង្កុរគឺជាសត្វដែលជាពន្លកនៃព្រះពុទ្ធ ឬសត្វដែលមានបារមីធម៌ ត្រូវបានត្រាស់ដឹងជាព្រះពុទ្ធដែរ។ ពុទ្ធង្កុរ និង ពោធិសត្វមានន័យសេចក្ដីដូចគ្នា ត្រាន់តែខុសរូបស័ព្ទប៉ុណ្ណោះ ។
៣.ចុះពាក្យថា ពុទ្ធភូមិមានន័យសេចក្ដីយ៉ាងណា? មានប៉ុន្មានយ៉ាង? អ្វីខ្លះ? ព្រះពុទ្ធជាម្ចាស់នៃយើងទ្រង់សាងបារមីក្នុងភូមិណា? មានរយៈពេលប៉ុន្មាន?
ច.ពាក្យថា ពុទ្ធភូមិ មានន័យសេចក្ដីថា ទីកន្លែង ឬស្ថានដែលព្រះពោធិសត្វរាល់អង្គសាងបារមី ដើម្បីបានត្រាស់ដឹងជាព្រះពុទ្ធ ។ ពុទ្ធភូមិនេះមាន ៣ យ៉ាង គឺ
១.បញ្ញាធិក កសាងបារមីដោយយកប្រាជ្ញាជាធំ ។
២.សទ្ធាធិក កសាងបារមីដោយយកជំនឿជាធំ ។
៣.វីរិយាធិក កសាងបារមីដោយយកសេចក្ដីព្យាយាមជាធំ ។
ព្រះពុទ្ធជាម្ចាស់នៃយើងទ្រង់សាងបារមីក្នុងបញ្ញាធិក មានរយៈពេល ៤ អសង្ខេយ្យកម្រៃ១ សែនកប្ប ទើបបានត្រាស់ជាព្រះពុទ្ធ ។ ភូមិនេះមានរយៈពេលខ្លីជាភូមិ ២ ខាងចុង ។
Comments
Post a Comment