ផ្នត់គំនិតជាតិទាំងបី,មន ចាម ខ្មែរ

បុព្វបុរសខ្មែរបានចង់ក្រងជាពាក្យចាស់ សម្រាប់សម្គាល់ផ្នត់គំនិតជាតិទាំងបីនេះគឺ:
    _មន យកមេឃទ្រាប់អង្គុយ
    _ចាម ខ្វះមួយចំអាមដល់មេឃ
    _ខ្មែរ កប់ពពកជ្រកអាចម៍ជន្លេន
តាមពាក្យចាស់ទាំង ៣ខាងលើនេះ យើងសង្កេតឃើញថាខ្មែរយើងអួតត្រឹមតែកប់ពពក គឺពុំទាន់ដល់មេឃទេ ហើយឆាប់វិលមកកាន់សភាពដើមរបស់ខ្លួនវិញ មានន័យថាអួតហើយច្រើនភ្ងាក់ខ្លួន ។ ខ្មែរនិយាយជាមួយខ្មែរមិនដឹងថា ខ្មែរចូលចិត្តអួតទេ ព្រោះផ្នត់គំនិតអួតប្រហែលគ្នា បើខ្មែរនិយាយជាមួយចាមដែលអួតខ្លាំងជាង ទើបខ្មែរចាប់អារម្មណ៍ថា ចាមចូលចិត្តអួត យ៉ាងណាមិញ ចាមនិយាយជាមួយចាមផ្នត់គំនិតស្របគ្នា ពុំដឹងថាខ្លួនជាជនជាតិអួតទេ ប៉ុន្ដែបើចាមទៅនិយាយជាមួយមន ទើបចាមដឹងថាមនជាជនជាតិអួតខ្លាំង ។ 
  _មន អួតខ្លាំងជាងគេរហូតបាត់បង់អស់ទឹកដី ។
  _ចាម អួតខ្លាំងគួរសមដែរ ក៏ត្រូវបាត់បង់អស់ទឹកដី ។
  _ខ្មែរ អួតល្មមទើបនៅសល់ទឹកដីខ្លះ ប៉ុន្ដែយើងក៏ពុំមានសុទិដ្ឋិនិយមដែរថា ទឹកដីពិតជានៅគង់វង្សរហូតដែរ ។ ព្រោះសព្វថ្ងៃនេះស្រុកខ្មែរកំពុងធ្វើដំណើរទៅរកភាពអន្ដរាយ ។ ហេតុអ្វីបានជាជនជាតិទាំង ៣ នេះបាត់បង់ទឹកដី ឬបាត់បង់ខ្លះនៅខ្លះ ? 
ព្រោះជាជនជាតិអួតអាងនឹងធនធានធម្មជាតិរបស់ខ្លួន រហូតដល់សប្បាយភ្លេចខ្លួនមិននឹកថា មានជនជាតិដទៃចង់ដណ្ដើមយកទឹកដីខ្លួនសោះ ។ ជនជាតិថៃ ដែលមានអំបូរខ្សែស្រឡាយជាមួយចិន ព្រោះមានទីតាំងនៅប្រទេសចិនប៉ែកខាងត្បូងឆៀងខាងលិចក្នុងខេត្តយូណាន់ ហើយដែលគេស្គាល់នៅសតវត្សទី ៨ ក្រោយការវាយលុកនៃជនជាតិម៉ុងហ្គោលនៅសតវស្សទី១៣ ក៏ឆៀងសំរុកកងទ័ពមកទិសខាងត្បូង១តាមក្រុងសុខោទ័យ ដណ្ដើមយកទឹកដីមនអស់និងទឹកដីខ្មែរខ្លះ ដែលជាខេត្តខណ្ឌនៅខាងជើងជួរភ្នំដងរែកតាមដងទន្លេសេមួន ដូចខេត្ត នគររាជ សុរិន្ទ សង្គាស គោកខណ្ឌ ស៊ីសាកេត បុរីរម្យ រហូតដល់ដែនដីម៉ាឡាយូទៀតផង ដែលសុទ្ធសឹងជាទឹកដីក្នុងជ្រោយសុវណ្ណភូមិ ។ នៅឆ្នាំ ១៧៩៤_៩៥ មន្ត្រីខ្មែរបីនាក់ដណ្ដើមគ្នាធ្វើធំ ម្នាក់អួតថាគ្រាន់បើជាងម្នាក់ ព្រោះខ្លួនជាពូជអំបូរអួត ។ មន្ត្រី ប៉ែន ប្រើល្បិចឱ្យមន្ត្រី សួស (ឯកសារខ្លះថា ឈ្មោះស៊ូ) សម្លាប់មន្ត្រី មូ (ឯកសារខ្លះថា ម៉ូ ) រួចហើយសម្លាប់មន្ត្រីសួសវិញ ប៉ុន្ដែដោយមន្ត្រី សួស មានបក្សពួកច្រើន ប៉ែនក៏បើកដៃឱ្យសៀមលើកទ័ពវាយប្រហារប្រទេសខ្មែរបានដោយងាយ ហើយយល់ព្រមប្រគល់ខេត្តខ្លះឱ្យសៀមជាការតបស្នងសងគុណ ដូចខេត្តបាត់បង មង្គលបុរី និងសិរីសោភ័ណ ។ ហេតុអ្វីបានជានៅសម័យនោះមន្ត្រីខ្មែរឡើងចាងខ្លាំងម្ល៉េះ? ព្រោះនៅសម័យនោះ ការអួតអាងដណ្ដើមអំណាចគ្នាមានកម្រិតខ្លាំងក្លាណាស់ដោយមានទ័ពបរទេសជាបង្អែក ។ គេបង្ខំឱ្យព្រះអង្គអេង ដែលជាបុត្រព្រះឧទ័យទី២ ឡើយសោយរាជពីអាយុ ៦ ឆ្នាំ ឥតដឹងខ្យល់អ្វីសោះ  មន្ត្រីធ្វើអ្វីៗបានតាមចិត្ត ។ ឧទាហរណ៍ខាងលើនេះយើងអាចយើងបានថា បរទេសដែលអាចឈ្លានទឹកដីខ្មែរបានដោយសារតែការឱ្យដៃពីមន្ត្រីខ្មែរដែល មានអស្មិមានះអួតថា ខ្លួនគ្រាន់បើជានិច្ចទោះបីប្រទេសជាតិរលត់រលាយក៏ដោយ ។ មានឯកសារជាច្រើនណាស់ដែលលាតត្រដាងបង្ហាញថា ខ្មែរចូលចិត្តអួត ដូចជាច្បាប់ផ្សេរងៗរបស់ខ្មែរ តាំងពីច្បាប់បណ្ដាំបិតា ច្បាប់កូនចៅច្បាប់កូនចៅល្បើ ច្បាប់ប្រុស...សុទ្ធសឹងអប់រំកុំឱ្យខ្មែរចូលចិត្តអួតពេក ដូចមានបណ្ដាំបិតា:
....កុំអួតកម្លាំង កុំអាងខ្លួនខ្លាំងរត់នឹងស្រមោល កុំអាងខ្លួនធំ កុំអាងងាយពាក្យពោល....
...រីកង្កែប មុខដូចគេពេប ហារឡើងស្រដី អួតឯងកម្លាំង ជល់នឹងដំរី ទោះទាំងរាជសីហ៍ ក៏អញមិនខ្លាច។
....រីឯគីង្គក់ លោតឡើងពីភក់ មើលទៅគួរស្អប់ អួតខ្លួនល្អ ដូចមាសទឹកដប់ រាងអញចំប្រប់ ដូចរាជសីហា ។
ច្បាប់កូនចៅ:
 ...កុំអាងសក្ដិបុណ្យ
 ...កុំអាងមានទ្រព្យ
 ... កុំអាងចំណេះ កុំអួតថាចេះ...
 ...កុំអួតភ្លេចខ្លួន
 ...ចូរចេះដាក់ខ្លួន គួរគិតក្ដីស្ងួន...។
(ដកស្រង់ពីសៀវភៅអធិប្បាយទស្សនវិជ្ជា_សរ សារុន)

Comments

Popular posts from this blog

វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗ,វិវត្តន៍នៃភាសាខ្មែរ,ភាសាខ្មែរយើង,ខ្មែរក្រោមនិងភាសាខ្មែរ

ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ,របៀបរាប់តាមខ្មែរសម័យដើម

ស្រូវ ៧ យ៉ាង, មហាផល ៩ យ៉ាង