មហាបុរិសលក្ខណៈ ៣២ ប្រការ
មហាបុរិសលក្ខណៈ ៣២ ប្រការ
ព្រះភគវន្ត អរហន្ត សម្មាសម្ពុទ្ធ បរមគ្រូរបស់យើងទាំងឡាយ ព្រះអង្គប្រកបដោយមហាបុរិសលក្ខណៈ ៣២ ប្រការ៖
១-សុបតិដ្ឋិតបាទោ ព្រះមហាបុរស មានព្រះបាទប្រតិស្ឋានល្អ គឺមានផ្ទៃព្រះបាទទាំងគូរាបស្មើសព្វអន្លើ ។
២-ហេដ្ឋាបាទតលេសុ ចក្កានិ ជាតានិ ត្រង់ផ្ទៃព្រះបាទទាំងគូខាងក្រោមរបស់មហាបុរស មានរូបចក្រកើតឡើង ប្រកបដោយខ្នងកង់ និង ដុំព្រមទាំងកាំ ១០០០ មានចន្លោះស្មើគ្នាគ្រប់អន្លើ ។
៣-អាយតបណ្ហិ ព្រះមហាបុរស មានព្រះបណ្ហិគឺកែងវែង ។
៤-ទីឃង្គុលី មានព្រះអង្គុលី គឺម្រាមព្រះហស្ថនិងម្រាមព្រះបាទវែងៗ ។
៥-មុទុតលុនហត្ថបាទោ មានផ្ទៃព្រះហស្ថនិងផ្ទៃព្រះបាទដ៏ទន់ល្មើយ ។
៦-ជាលហត្ថបាទោ មានផ្ទៃព្រះហស្ត និងផ្ទៃព្រះបាទប្រទាក់ ដោយក្រឡាដូចជាសំណាញ់ ។
៧-ឧស្សង្ខបាទោ មានព្រះបាទដូចជាអណ្តែតឡើងខាងលើ ។
៨-ឯណជង្ឃោ មានព្រះជង្ឃាគឺស្មងរៀវមូលត្រសូល ស្រដៀង និងសត្វទ្រាយ ។
៩-ឋិតកោ វ អនោនមន្តោ កាលបើទ្រងឈរ មិនបាច់ឱន ព្រះអង្គចុះអាចស្ទាបអង្អែលព្រះជាណុ គឺជង្គង់ដោយផ្ទៃព្រះហស្ថទាំងពីរបាន ។
១០-កោសោហិតវត្ថគុយ្ហោ មានព្រះអង្គាវយវៈ ដែលត្រូវលាក់កំបាំង ដោយសំពត់ឋិតនៅក្នុងស្រោម ។
១១-សុវណ្ណវណ្ណោ មានស្បែកសម្បុរថ្ងៃ (លឿងភ្លឺអន្លង់) ដូច ជាសម្បុរនៃមាស ។
១២-សុខុមច្ឆវី មានព្រះឆវីគឺសម្បុរថ្ងៃ ល្អិតផូរផង់រលីងស្រិលរអិលធូលីធ្លាក់មកមិនជាប់ព្រះកាយ ។
១៣-ឯកេកលោមោ មានព្រះលោមាតែមួយសៃៗ គឺក្នុងរណ្ដៅ រោម១ មានរោម១ ។
១៤-ឧទ្ធគ្គលោមោ មានព្រះលោមាមានចុង ងឡើងលើព្រះលោមាដែលដុះឡើងហើយ មានចុងឡើងលើជាទក្ខិណាវដ្ត វិលវង់ព័ន្ធពេនទៅខាងស្ដាំ មានសម្បុរខៀវដូចជាសម្បុរនៃផ្កាអញ្ជ័ន កួចមូលដូចជាកុណ្ឌល ។
១៥-ព្រហ្មុជុគត្តោ មានព្រះកាយត្រង់ដូចជាកាយនៃព្រហ្ម ។
១៦-សត្តុស្សទោ មានព្រះមំសសាច់ ៧អន្លើពេញបរិបូរណ៍ គឺត្រង់ខ្នងព្រះហស្តទាំងពីរ ខ្នងព្រះបាទទាំងពីរចង្កួយស្មាទាំងពីរ និង ព្រះសូរង ។
១៧-សីហបុព្វន្ធកាយោ មានព្រះកាយពាក់កណ្ដាលខាងលើ ដូចជាកាយនៃរាជសីហ៍ ។
១៨-បិត្តន្តរំសោ មានព្រះបិដ្ឋិ គឺខ្នងដ៏ពេញបរិបូរណ៍(គឺថាសាច់ជាចន្លោះនៃស្លាបប្រចៀវទាំងពីរ) ។
១៩-និគ្រោធបរិមណ្ឌលោ មានទ្រង់ទ្រាយព្រះកាយដូចបរិមណ្ឌលនៃដើមជ្រៃ កាយរបស់មហាបុរសប្រជែងណា ព្យាមរបស់មហាបុរសក៏ប្រវែងនោះដែរ គឺមានកាយនិងព្យាមស្មើគ្នា ។
២០-សមវដ្តក្ខន្ធោ មានព្រះសូរងមូលសម ។
២១-រសគ្គសគ្គី មានព្រះប្រសាទ គឺសរសៃល្អិតឆ្មារ ដ៏លើសលែងសម្រាប់ទទួលរសអាហសរ ។
២២-សីហហនុ មានព្រះហនុកា (ចង្កា) ដូចជាចង្កានៃរាជសីហ៍ ។
២៣-ចត្តាឡីសទន្តោ មានព្រះទន្ត ៤០ គត់ ។
២៤-សមទន្តោ មានព្រះទន្តរាបស្មើ ។
២៥-អវិរឡទន្តោ មានព្រះទន្តជិតស្និទ្ធ ។
២៦-សុសុក្កទាឋោ មានព្រះឋាទា គឺចង្កូមទាំង
៤សស្អាត ។
២៧-បហូតជិវ្ហោ មានព្រះជិវ្ហាដ៏ធំវែង ។
២៨-ព្រហ្មស្សរោ ករវិកភាណី មានព្រះសូរស័ព្ទ ដូចជាសំឡេងនៃព្រហ្ម កាលបើបញ្ចេញវាចាលាន់ឮពីរោះ ដូចជាសំឡេងនៃសត្វរវិក ។
២៩-អភិនីលនេត្តោ មានព្រះនេត្រខៀវស្រស់ ។
៣០-គោបខុមោ មានដួងព្រះនេត្រដូចជាភ្នែកនៃកូនគោ ។
៣១-ឧណ្ណា ភមុកន្តរេ ជាតា មានព្រះឧណ្ណាលោម គឺរោមប្រជុំចិញ្ចើមដុះត្រង់ចន្លោះនៃព្រះភនុកា (ចិញ្ចើម) មានពណ៌សក្បុស ទន់ល្មើយដូចជាសំឡី ។
៣២-ឧណ្ហីសសីសោ មានព្រះសិរ ហាក់ដូចជាប្រដាប់ដោយក្បាំងមកុដស្រេចស្រាប់ ។
មហាបុរិសលក្ខណៈទាំង ៣២ប្រការនេះ ក្នុងលក្ខណសូត្រ គឺជាតួព្រះពុទ្ធវាចា ហូរចេញពីព្រះឱសថទិព្វថ្ងៃ
នៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ទេសនា ប្រោសប្រាប់ភិក្ខុផងទាំងឡាយ នៅនាវត្តជេតពនរបស់អានាថបណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថីនោះឯងហោង ។
Comments
Post a Comment