កាលិក ៤ យ៉ាង,យាវកាលិក,យាមកាលិក,សត្តាហកាលិក,យាវជីវិត
កាលិក ៤ យ៉ាង
វត្ថុដែលបរិភោគក្នុងកាល ឬប្រកបដោយកាលហៅថា កាលិក
មាន ៤ យ៉ាងគឺ
១-យាវកាលិក
២-យាមកាលិ
៣-សត្តាហកាលិក
៤-យាវជីវិក
ក.វត្ថុទទួលប្រគេនហើយ ទុកឆាន់តាំងពីអរុណរះឡើងដរាបដល់ថ្ងៃត្រង់ អស់ងំណាចហៅថា យាវកាលិក បានដល់ ខាទនីយៈ និងភោជនីយាហា គឺបង្អែម និង ចំអាប ត្រី សាច់ អង្ករ ជាដើម ។
ខ.វត្ថុទទួលប្រគេនហើយ ទុកឆាន់បានតែត្រឹម ១ ថ្ងៃ ១ យប់ ហៅថា យាមកាលិក បានដល់ទឹក អដ្ឋបាន ៨ យ៉ាងគឺ
១-អម្ពបានំ ទឹកផ្លែស្វាយ ។
២-ជម្ពូបានំ ទឹកផ្លែព្រីង ។
៣-ចោចបានំ ទឹកផ្លែចេកមានគ្រាប់ ។
៤-មោចបានំ ទឹកផ្លែចេកឥតគ្រាប់ ។
៥-មធុបានំ ទឹកផ្លែស្រគំ ។
៦-មុទ្ទីកបានំ ទឹកផ្លែចន្ទន៍ ។
៧-សាលុកបានំ ទឹកមើមក្រឪឈូក ។
៨-ផារុសកបានំ ទឹកផ្លែមាក់ប្រាង
បានដល់ទឹកអដ្ឋបាន ៨ យ៉ាងទៀតគឺៈ
១-កោសម្ពបានំ ទឹកផ្លែសង្ឃ័រ
២-កោលបានំ ទឹកផ្លែពុទ្រាតូច
៣-ពទរបានំ ទឹកផ្លែពុទ្រាធំ
៤-ឃតបានំ ទឹករាវ ឬទឹកដើថ្លា
៥-តេលបានំ ទឹកធ្វើអំពីប្រេងល្ងជាដើម
៦-បយោបានំ ទឹកដោះស្រស់
៧-យាគុបានំ ទឹកបបរ
៨-រសបានំ ទឹកធ្វើពីរសរុក្ខជាតិផ្សេងៗ មានស្លឹក និង ផ្កា ជាដើម ។
គ.វត្ថុដែលទទួលប្រគេនហើយ ទុកឆាន់បានតែត្រឹម
៧ ថ្ងៃ ហៅថា សត្តាហកាលិក បានដល់ភេសជ្ជៈ
៥ យ៉ាងគឺ
១-សប្បិ ទឹកដោះរាវ
២-នវនីតំ ទឹកដោះខាប់
៣-តេលំ ប្រេង
៤-មធុ ទឹកឃ្មុំ ។
៥-ផាណិតំ ស្ករអំពៅ ។
ឃ.វត្ថុទទួលប្រគេនហើយ ទុកឆាន់ទាល់តែអស់ ហៅថា យាវជីវិក បានដល់ ថ្នាំតែរោគផ្សេងៗ ឬថ្នាំផ្សំពីឫសឈើ មើមឈើ ស្លឹកឈើ និងផ្លែឈើ ដូចជា
១-ហលិទ្ទំ មើមមៀត
២-សិង្គវេរំ មើមខ្ញី
៣-វចំ មើមលំពាន់
៤-វចត្តំ មើមប្រស់
៥-អតិវិសំ មើមអាចម៍ឆ្ពឹស
៦-កដុករោហិណី មើមរំដេង
៧-ឧសីរំ មើមស្បូវភ្លាំង
៨-ភទ្ទមុត្តកំ មើមស្មៅក្រវាញជ្រូក
ថ្នាំផ្សំពីស្លឹកដូចជាៈ
១-និម្ពបណ្ណំ ស្លឹកស្ដៅ
២-កុជជបណ្ណំ ស្លឹកស្លែងគង់
៣-បដោលបណ្ណំ ស្លឹកអម្បែងថ្ងៃ
៤-សលលិបណ្ណំ ស្លឹកម្រះព្រៅឬជីរលីងលាក់
៥-កប្បាសិបណ្ណំ ស្លឹកកប្បាសជាដើម ។
ថ្នាំផ្សំពីផ្លែឈើ ដូចជា
១-វិលង្គំ ផ្លែពិលង្គ
២-បិប្ផលិ ផ្លែដីប្លី
៣-មរិចំ ផ្លែម្រេច
៤-ហរីតកំ ផ្លែសម៉
៥-វីភីតកំ ផ្លែសម៉ពិភេក
៧-អាមលកំ ផ្លែកន្ទួតព្រៃ
៨-គោថផលំ ផ្លែក្រវាញ ជាដើម ។
កាលិកលាយគ្នា
កាលិកខ្លះសាយនឹងកាលិកដទៃ មានកំណត់ឱ្យប្រើបានត្រឹមកាលរបស់កាលិកដែលមានកាលខ្លី ឧ. ថ្នាំបុកផង់ជាយាវជីវិក យកទៅច្របល់លាយនឹងទឹកឃ្មុំជាសត្តាហកាលិក ថ្នាំនោះក៏មានកាលត្រឹម៧ ថ្ងៃទៅតាមគ្នា ។ គ្រឿងទេសដូចជាក្រវាញ កាន់ក្លូ ជាយាវជីវិក គេតាក់តែងផ្សំនឹងបាយដែលដាំដោយខ្ទិះដូង ក៏ក្លាយទៅជាយាវកាលិកតាមគ្នា ។ សត្តាហកាលិក និងយាវជីវិក ដែលទទួលប្រគេនមួយយប់ហើយលោកហាមមិនឱ្យយកទៅលាយនិងយាវកាលិកឆាន់ទេ ឧបមាៈ យកស្ករដែលទទួលប្រគេនទុកមួយយប់ហើយឆាន់ជាមួយនំ ។ លោកហាមក្នុងសត្តសត្តិកក្ខន្ធកៈ ពោលក្នុងគ្រាធ្វើទុតិយសង្គាយនា ។ គម្ពីរចូឡវគ្គ លោកប្រាប់ថាត្រូវទោស ព្រោះឆាន់របស់ជា សន្និធិ លាយជាមួយទឹកអដ្ឋបានៈ។
Comments
Post a Comment