ប្រស្នាបាតិមោក្ខ,បញ្ហាបាតិមោក្ខ ភាគទី០១,បាតិមោក្ខបញ្ហា,បាតិមោក្ខ សំណួរនិងចម្លើយ ភាគទី១

ប្រស្នាបាតិមោក្ខ

ភាគទី១

បណ្ឌិត ឈឹម ទូច

រៀបរៀង

ព្រះគ្រូសិរីសោភ័ណ កឹម តូរ

ពិនិត្យកែសម្រេច

សម្រាប់សាលាធម្មវិន័យថ្នាក់ ត្រី ទោ ឯក

ចិរំ តិដ្ឋតុ វិនយោ

សូមឲ្យព្រះវិន័យស្ថិតនៅអស់កាលជាយូរអង្វែង

ព.ស. ២៥១៧ គ.ស. ១៩៧៣






អាទិបទ

សៀវភៅ « ប្រស្នាបាតិមោក្ខ» នេះ ខ្ញុំបានដកស្រង់ព្រះពុទ្ធវចនពីវិន័យបិដកមហាវិភង្គ ព្រមទាំងអដ្ឋកថាយកមករៀបរៀងចងក្រងជាពាក្យ បុច្ឆា វិស្សជ្ជនា ដើម្បីជាការងាយស្ដាប់ យល់នៃសិក្ខាកាមកុលបុត្រអ្នកមានសតិប្បញ្ញា ទន់ខ្ចីនៅឡើយ ។

សៀវភៅនេះ ខ្ញុំបានរំលែកជាពីរភាគគឺ ភាគទី១ នេះមានតាំងពីបារាជិកដរាបដល់អនិយត ភាគទី២ មានតាំងពីនិស្សគ្គិយបាចិត្តិយដរាបដល់ចប់សិក្ខាបទ ។

ក្នុងការរៀបរៀងសៀវភៅនេះ ខ្ញុំបានពឹងព្រះមហា ស៊ុន សាមេត និងព្រះមហា ហង់ ហាក់ ឲ្យជួយសរសេរចម្លងនិងផ្ទៀងផ្ទាត់ពាក្យត្រឹមត្រូវដរាបដល់ចប់ ។

លុះរៀបរៀងរួចស្រេចហើយ ខ្ញុំបានយកទៅចាត់ការបោះពុម្ពផ្សាយ ដើម្បីជាសាធារណប្រយោជន៍ដល់សិក្ខាកាមកុលបុត្រដែលត្រូវការទួទៅ ។

ដោយអំណាចនៃវីរិយភាព ដែលខ្ញុំបានរៀបរៀងសៀវភៅនេះ សូមឲ្យសាសនមណ្ឌល របស់ព្រះអនាវរណញ្ញាណប្រតិស្ថាននៅគ្រប់គ្រាន់អស់កាលជាអង្វែងទៅ ។

ម៉្យាងទៀត សូមឱ្យលោកអ្នកសិក្សាទាំងឡាយ បានសម្រេចសមតាមវត្ថុបំណង កុំបីក្លាយទៅជាប្រការដទៃឡើយ! ម៉្យាងវិញទៀត សូមអភ័យទោសអំពីសំណាក់នៃបណ្ឌិតទាំងឡាយ បើឃើញមានភ្លាំងភ្លាត់ខ្លះ សូមមេត្តាជួយកែតម្រង់ឱ្យទានផង ដើម្បីជាប្រយោជន៍ដល់ផ្ទៃនៃព្រះពុទ្ធសាសនា ។

វិនយោ សាសនស្ស មូលំ 

«ព្រះវិន័យ ជាឫសកែវ របស់សាសនា»

ក្រុងភ្នំពេញ ថ្ងៃ សៅរ៍ ២កើត ខែមិគ្គសិរឆ្នាំថោះត្រីស័ក ព.ស.២៤៩៤

(៣០ ១១ ៥១)

ឈឹម ទូច




ប្រស្នាបាតិមោក្ខ

នមត្ថុ រតនត្តយស្ស

សូមនមស្ការ ចំពោះព្រះរត្នត្រ័យ ដោយគោរពសេចក្ដីគោរព ។

១. បុច្ឆា. សួរថា បាតិមោក្ខ ប្រែ ដូចម្ដេច?

វិស្សជ្ជនា. ឆ្លើយថា. បាតិមោក្ខ ប្រែថា ធម្មជាតជាខាងដើម ធម្មជាតជាប្រធាន ឬប្រែថា ធម្មជាតជាប្រមុខនៃកុសលធម៌ទាំងឡាយ ឈ្មោះថា បាតិមោក្ខ ។

២. បុ. បាតិមោក្ខ មានប៉ុន្មានយ៉ាង?

វិ. ២ យ៉ាងនោះគឺ សីលប្បាតិមោក្ខ បាតិមោក្ខសីល១, គន្ថប្បាតិមោក្ខ បាតិមោក្ខច្បាប់១ ។

៣. បុ. ចូរអធិប្បាយបាតិមោក្ខទាំងពីរនោះ ឱ្យសព្វគ្រប់មកមើល?

វិ. អធិប្បាយថា បាតិមោក្ខស័ព្វត្រង់ពាក្យថា «ភិក្ខុសង្រួមដោយវិធីសង្រួមតាមបាតិមោក្ខ» នឹងត្រង់ពាក្យថា «ធម្មជាតនុះជាដើមចម ជាទ្វារ ជាប្រធាននៃកុសលធម៌ទាំងពួង ហេតុនោះទើបហៅថា បាតិមោក្ខ » ប៉ុណ្ណេះជាដើម គឺជាតួសីល ហៅថា សីលប្បាតិមោក្ខ បាតិមោក្ខដែលជាតួច្បាប់ ហៅថា គន្ថបាតិមោក្ខ ។

៤. បុ. បាតិមោក្ខមានតែពីរប៉ុណ្ណឹង ឬមានតទៅទៀត?

វិ. បាតិមោក្ខមានតទៅទៀត ។

៥. បុ. មានទៀតតើអ្វីខ្លះ?

វិ. មានទៀតនោះគឺ ឱវាទប្បាតិមោក្ខ១ អាណាបាតិមោក្ខ១ ។

៦. បុ. ឱវាទប្បាតិមោក្ខនោះ អធិប្បាយដូចម្ដេច? បានដល់បាតិមោក្ខណា?

វិ. ដែលហៅថា ឱវាទប្បាតិមោក្ខនោះ ចំពោះយកឱវាទជាគាថា មានបទដូចបាននាំមកតម្កល់ទុកជាឧទាហរណ៍ក្នុងទីនេះ ។

ខន្ដី បរមំ តបោ តីតិក្ខា

និព្វានំ បរមំ វទន្តិ ពុទ្ធា 

ន ហិ បព្វជិតោ បរូបឃាតី

សមណោ ហោតិ បរំ វិហេដ្ឋយន្តោ 

សេចក្ដីអត់ធន់ សេចក្ដីស៊ូទ្រាំ ជាតបដ៏ក្រៃងលែង អ្នកប្រាជ្ញទាំងឡាយរមែងសរសើរ ព្រះនិព្វានជាបរមសុខ បព្វជិតបើជាអ្នកចងបរូបឃាដ បៀតបៀនគេ មិនហៅថាសមណឡើយ ។

សព្វបាបស្ស អករណំ កុសលស្សូបសម្បទា

សចិត្តបរិយោទបនំ ឯតំ ពុទ្ធាន សាសនំ

កាមិនធ្វើបាបគ្រប់យ៉ាង ការសន្សំកុសលគ្រប់បែប ការដុះខាត់ចិត្តរបស់ខ្លួនឱ្យស្អាតផូរផង់ ករណីយកិច្ចប៉ុណ្ណេះជាសាសនរបស់ព្រះពុទ្ធទាំងឡាយ ។

អនូបវាទោ អនូបឃាតោ បាតិមោក្ខ ច សំវរោ 

មត្តញ្ញុតា ច ភត្តស្មឹ បន្តញ្ច សយទាសនំ

អធិចិត្តេ ច អាយោគោ ឯតំ ពុទ្ធាន សាសនំ

ការមិននិយាយរុកគួនគេ មិនចងពៀរព្យាបាទគេ សង្រួមសីលក្នុងបាតិមោក្ខ ដឹងប្រមាណក្នុងភត្ត ពេញចិត្តទីដេកទីអង្គុយស្ងប់ស្ងាត់ ព្យាយាមចម្រើនសមាធិចិត្ត ឱវាទប៉ុណ្ណេះជាសាសនរបស់ព្រះពុទ្ធទាំងឡាយ ។

៧. បុ. ឱវាទប្បាតិមោក្ខនោះ លោកណាសំដែង?

វិ. ឱវាទប្បាតិមោក្ខនេះ គឺព្រះអង្គទ្រង់សំដែងដោយព្រះអង្គឯង ឯងសាវកទាំងឡាយមិនត្រូវសំដែងឡើយ ។

៨. បុ. ចុះអាណាបាតិមោក្ខ លោកណាសំដែង?

វិ. អាណាបាតិមោក្ខនេះ ព្រះអង្គទ្រង់ប្រោសប្រទានដល់សាវក ឯព្រះពុទ្ធមិនត្រូវសំដែងទេ ។

៩. បុ. អាណាបាតិមោក្ខបានសេចក្ដីដូចម្ដេច?

វិ. អាណាបាតិមោក្ខ គឺបានតិមោក្ខមានអំណាច មានអាជ្ញាសម្រាប់កាត់នូវទោសតូចនិងទោសធំ តាមកំហុសដែលភិក្ខុប្រព្រឹត្តកន្លងសិក្ខាបទនោះៗ ។

១០. បុ. អាណាបាតិមោក្ខព្រះអង្គទ្រង់សំដែងចំពោះបរិស័ទណា?

វិ. ព្រះអង្គទ្រង់សំដែងចំពោះ ភិក្ខុ, ភិក្ខុនី ។

១១. បុ. អាណាបាតិមោក្ខ ចែកជាប៉ុន្មាន?

វិ ចែកជា ២ គឺ ភិក្ខុប្បាតិមោក្ខ១, ភិក្ខុនីបាតិមោក្ខ១ ។

១២. បុ. ចុះភិក្ខុប្បាតិមោក្ខមានសិក្ខាបទប៉ុន្មាន? អ្វីខ្លះ? ចូររាប់!

វិមានសិក្ខាបទ ២២៧ គឺបារាជិក៤,សង្ឃាទិសេស១៣, អនិយត២, និស្សគ្គិយបាចិត្តិយ ៣០, សុទ្ធិកបាចិត្តិយ ៩២, បាដិទេសនីយ៤, 

សេក្ខិយវត្ត ៧៥, រាប់អធិករណសមថ៧, បន្ថែមទៀតត្រូវជា២២៧ ។

១៣.បុ. ក្នុងកងអាបត្តិទាំង៧កង មានរាប់ថុល្លច្ច័យផង ចុះផងសិក្ខាបទ ២២៧ ហេតុដូចម្ដេចបានជាមិនរាប់ថុល្លច្ច័យបញ្ចូលផង?

វិ. ក្នុងអាបត្តិទាំង ៧ ជាឈ្មោះអាបត្តិទាំង ៧ សិក្ខាបទ ២២៧ ទេ ព្រោះអាបត្តិនេះនៅរាត់រាយគ្មានពួកគ្មានក្រុមនៅជ្រកជ្រៀតក្នុងបារាជិកខ្លះ សង្ឃាទិសេសខ្លះ នៅដាច់តែឯងខ្លះ បានជាមិនរាប់បញ្ចូលក្នុងសិក្ខាបទ ២២៧ ។

១៤. បុ. ភិក្ខុនីមោក្ខ មានសិក្ខាបទប៉ុន្មាន?អ្វីខ្លះ?

វិ. មានសិក្ខាបទ ៣១១ សិក្ខាបទ គឺ បារាជិក ៨, សង្ឃាទិសេស១៧, និស្សគ្គិយបាចិត្តិយ ៣០, សុទ្ធិកបាចិត្តិយ ១៦៦, បាដិទេសនីយ ៨, 

សេក្ខិយវត្ត ៧៥, អធិករណសមថ ៧, ត្រូវជា ៣១១ សិក្ខាបទ ។

១៥. អាបត្តិ ប្រែ ដូចម្ដេច?

វិ. ប្រែថា ត្រូវ ដល់នូវវីតិក្កមទោស គឺប្រព្រឹត្តកន្លងនូវសិក្ខាបទ មួយទៀត ប្រែថា ទោសជាតិ គឺភិក្ខុគប្បីត្រូវ​ គប្បីដល់ ដោយប្រព្រឹត្តអនាចារកន្លងពុទ្ធប្បញ្ញត្តិ ម៉្យាងទៀតបានដល់សេចក្ដីល្មើសនឹងពុទ្ធប្បញ្ញត្តិនិងពុទ្ធានុញ្ញាត ហៅថា អាបត្តិ ។

១៦. បុ. បារាជិក ប្រែ ដូចម្ដេច?

វិ. បារាជិកស័ព្ទនេះ បើប្រែតាមរូបបុគ្គល ប្រែថា អ្នកដល់នូវសេចក្ដីចាលចាញ់ គឺអាបត្តិនេះ បើភិក្ខុណាត្រូវហើយ ភិក្ខុនោះ ឈ្មោះថាចាលចាញ់ឃ្លាតចាកព្រះពុទ្ធសាសនា នឹងតាំងនៅជាភិក្ខុភាវតទៅទៀតមិនបានជាដាច់ខាត ។

១៧. បុ. សង្ឃាទិសេស ប្រែដូចម្ដេច?

វិ. ប្រែថាមានសង្ឃនៅខាងដើម កណ្ដាល និង ខាងចុងដ៏សេស ។

១៨. បុ. សង្ឃខាងដើម កណ្ដាលនិងខាងចុងដ៏សេសនោះដូចម្ដេច?

វិ. សង្ឃខាងដើមបានដល់សង្ឃបរិវាស ៣ ថ្ងៃ សង្ឃកណ្ដាលមានដល់សង្ឃមានត្ត ៦ រាត្រី សង្ឃខាងចុងបានដល់សង្ឃ ២១ អង្គសម្រាប់ធ្វើអព្ភាណកម្ម អាបត្តិនេះបើភិក្ខុណាត្រូវហើយ ភិក្ខុនោះត្រូវអាស្រ័យនឹងសង្ឃ ៣ ពួកនេះ ទើបរួចចាកទោសបាន ។

១៩. អនីយត ប្រែ ដូចម្ដេច?

វិ. ប្រែថា មិនទៀង គឺថាមិនមែនជាតួអាបត្តិ ជួនណាត្រូវបារាជិក ជួនណាត្រូវសង្ឃាទិសេស ជួនណាត្រូវបាចិត្តិយបានជាថាមិនទៀង ។

២០. បុ. ថុល្លច្ច័យ ប្រែ ដូចម្ដេច?

វិ. ប្រែថា មានទោសដ៏ថ្លោស មានទោសអាក្រក់ គឺបណ្ដាអាបត្តិទាំងពួង បើភិក្ខុត្រូវហើយ ត្រូវសំដែងចំពោះភិក្ខុ ១ អង្គ រមែងរួចចាកអាបត្តិបាន ចំណែកអាបត្តិនេះអាក្រក់ជាងដែលជាទេសនាគាមិនីទាំងពួង គឺថាអាបត្តិនៅជ្រកជ្រៀតជាមួយនឹងអាបត្តិបារាជិកខ្លះ សង្ឃាទិសេសខ្លះ នៅដាច់តែឯងខ្លះ បានជាឈ្មោះថា អាក្រក់ជាងគេ ។

២១. បុ. បាចិត្តិយ ប្រែ ដូចម្ដេច?

វិ ប្រែថា អាបត្តិដែលភិក្ខុត្រឡប់សំដែងផ្សេងពីអាបត្តិដទៃ អាបត្តិនេះបើភិក្ខុត្រូវហើយ គប្បីត្រឡប់ប្រើបាលីដូច្នេះថា

គារយ្ហំ( អាវុសោ ឬ ភន្តេ) ធម្មំ អាបជ្ជឹ អសប្បាយំ បាដិទេសនីយំ តំ 

បដិទេសមិ ដូច្នេះ ។

២២. បុ. ទុក្កដ ប្រែ ដូចម្ដេច? 

វិ. ប្រែថា អំពើអាក្រក់ ភិក្ខុណាត្រូវហើយ ភិក្ខុនោះឈ្មោះថាធ្វើអាក្រក់ ធ្វើមិនល្អ ធ្វើខុសប្រាសចាកសទ្ធម្ម ដូចបុគ្គលធ្វើបាបក្នុងទីវាល ឬក្នុងទីកំបាំងមុខ ឈ្មោះថា ភិក្ខុធ្វើអំពើអាក្រក់ ។ 

២៣. បុ. ទុព្ភាសិត ប្រែ ដូចម្ដេច?

វិ. ប្រែថា ពោលពាក្យអាក្រក់ ពាក្យណាដែលជាពាក្យអាក្រក់អ្នកប្រាជ្ញត្មះតិះដៀល ភិក្ខុណានូវពាក្យនោះ ឈ្មោះថា ពោលនូវពាក្យអាក្រក់ ។

២៤ និស្សគ្គិយបាចិត្តិយ និង សុទ្ធិកបាចិត្តិយ សេចក្ដីផ្សេងគ្នាដូចម្ដេច?

វិ. ផ្សេងគ្នាដូច្នេះ និស្សគ្គិយបាចិត្តិយ ភិក្ខុលះបង់វត្ថុដែលបានមកមិនប្រកបដោយធម៌ហើយសិន ទើបសំដែងអាបត្តិដាច់ ចំណែកសុទ្ធិក

បាចិត្តិយ សំដែងអាបត្តិតែម្ដងមិនចាំបាច់លះ ។

២៥. បុ. អាការៈដែលភិក្ខុនឹងត្រូវអាបត្តិនោះមានប៉ុន្មានយ៉ាង?

វិ. មាន ៦ យ៉ាងគឺ

១​ អលជ្ជិតា អាការៈមិនអៀនខ្មាស

២ អញ្ញាណតា អាការៈមិនចេះមិនដឹង

៣ កុក្កុច្ចប្បកតត្តា អាការៈបំពានសេចក្ដីសង្ស័យ

៤ អកប្បិយេ កប្បិយសញ្ញិតា អាការៈសម្គាល់ថាគួរក្នុងវត្ថុមិនគួរ

៥ កប្បិយេ អកប្បិយសញ្ញិតា អាការសម្គាល់ថាមិនគួរវត្ថុមិនគួរ

៦ សតិសម្មោសា អាការៈភ្លេចស្មារតី ។

២៦. បុ. ភិក្ខុត្រូវអាបត្តិដោយអាការមិនអៀនខ្មាសនោះយ៉ាងណា?

វិ. ភិក្ខុដឹងជាក់ថាជាវត្ថុមិនគួរហើយ ប្រព្រឹត្តធ្វើឲ្យកន្លងបញ្ញត្តទាំងបំពាន ។ ឧទាហរណ៍ ភិក្ខុក្លែងធ្វើត្រូវអាបត្តិភិក្ខុបិទបាំងលាក់លៀមអាបត្តិដែលត្រូវហើយ ភិក្ខុផ្អៀងទៅកាន់ដំណើរអគតិឲ្យលង់ដល់ថ្នាក់ត្រូវអាបត្តិ ភិក្ខប៉ុណ្ណេះពួក ហៅថា អលជ្ជិបុគ្គល ។

២៧. បុ. ភិក្ខុត្រូវអាបត្តិដោយអាការបំពានសេចក្ដីសង្ស័យនោះ 

ដូចម្ដេច?

វិ. កាលបើមានសេចក្ដីសង្ស័យកើតឡើង អាស្រ័យវត្ថុគួរនិងវត្ថុមិនគួរ តាមច្បាប់ត្រូវឲ្យភិក្ខុសួរលោកអ្នកទ្រទ្រង់វិន័យជាមុនសិន បើឃើញថាជាវត្ថុគួរសឹមធ្វើ បើឃើញថាវត្ថុមិនគួរទេ កុំគប្បីធ្វើ ភិក្ខុនេះមិនដូច្នោះ ចេះតែធ្វើប្រថុយថាគួរៗ ទៅ យ៉ាងនេះហៅថា ភិក្ខុត្រូវអាបត្តិដោយអាការបំពានសេចក្ដីសង្ស័យ ។

២៨. បុ. ភិក្ខុត្រូវអាបត្តិដោយអាការសម្គាល់ថាវត្ថុមិនគួរ ក្នុងវត្ថុគួរ

ដូចម្ដេច?

វិ. ភិក្ខុឆាន់សាច់ ដែលមិនគួរឆាន់ មានសាច់ខ្លាឃ្មុំជាដើម ដោយសម្គាល់ថាសាច់មិនគួរឆាន់ ដូចជាសាច់ខ្លាឃ្មុំជាដើមទៅវិញ ឬ ឆាន់ភោជនក្នុងកាលសម្គាល់ថាវិកាល យ៉ាងនេះហៅថា ភិក្ខុត្រូវអាបត្តិដោយអាការសម្គាល់ថាមិនគួរក្នុងវត្ថុគួរ ។

២៩. បុ. ភិក្ខុត្រូវអាបត្តិដោយអាការសម្គាល់ថាវត្ថុមិនគួរ ក្នុងវត្ថុគួរដូចម្ដេច?

វិ. ភិក្ខុឆាន់សាច់ដែលគួរឆាន់បាន ដូចសាច់ស្វករជាដើម ដោយសម្គាល់ថាសាច់មិនគួរឆាន់ ដូចជាសាច់ខ្លាឃ្មុំជាដើមទៅវិញ ឬ ឆាន់ភោជនក្នុងកាលសម្គាល់ថាវិកាល យ៉ាងនេះហៅថា ភិក្ខុត្រូវអាបត្តិដោយអាការសម្គាល់ថាមិនគួរក្នុងវត្ថុគួរ ។

៣០. បុ. ភិក្ខុត្រូវអាបត្តិដោយអាការភ្លេចស្មារតីនោះដូចម្ដេច?

វិ. ភិក្ខុប្រព្រឹត្តកន្លងសហសេយ្យសិក្ខាបទ និងចីវរប្បវាសសិក្ខាបទជាដើម ធ្វើឲ្យត្រូវអាបត្តិទាំងភ្លេចស្មារតី យ៉ាងនេះហៅថា ភិក្ខុត្រូវអាបត្តិដោយអាការភ្លេចស្មារតី ។

សាធារណវិនិច្ឆ័យ

៣១. បុ. សេចក្ដីវិនិច្ឆ័យបានទួទៅ គ្រប់សិក្ខាបទទាំងអស់នោះប្រកបដោយលក្ខណប៉ុន្មាន? អ្វីខ្លះ?

វិ. ប្រកបដោយលក្ខណ ១៧ គឺ និទាន១ បុគ្គល១ វត្ថុ១ បញ្ញត្តិវិធី១ អាណត្តិ១​ អាបត្តិ១ អានាបត្តិមួយ១ វិបត្តិ១ អង្គ១ សមុដ្ឋានវិធី១ ភាពនៃអាបត្តិផ្សេងគ្នាដោយកិរិយា១ ដោយសញ្ញា១ ដោយចិត្ត១ ប្រភេទនៃវជ្ជ១ កម្ម១ និងតិកវិធី ២ រួមមកត្រូវជា ១៧ ។

៣២. បុ. និទាននោះដូចម្ដេច?

វិ. ទីតាំងនៃការបញ្ញត្តិសិក្ខាបទ៧កន្លែង គឺក្រុងវេសាលី១ 

ក្រុងរាជគហ១ ក្រុងសាវត្ថី១ ក្រុងអាឡាវី១ ក្រុងកោសម្ពី១ ដែនសក្ក១

 ដែនភគ្គ១ ឈ្មោះថានិទាន ព្រោះទីតាំង ៧ កន្លែងនេះជាដើម

ចមនៃសិក្ខាបទទាំងអស់ ។

៣៣. បុ. បុគ្គល នោះដូចម្ដេច?

វិ. សិក្ខាបទនោះដែលព្រះមានព្រះភាគទ្រង់បញ្ញត្តប្រារព្ធចំពោះបុគ្គលណាៗមានសុទិន្នភិក្ខុជាដើម បុគ្គលនោះៗ ឈ្មោះថាបុគ្គល ។

៣៤. បុ. វត្ថុនោះតើដូចម្ដេច?

វិ អំពើប្រព្រឹត្តល្មើសរបស់បុគ្គលនោះៗ ឈ្មោះថាវត្ថុ ។

៣៥. បុ. បញ្ញត្តិនោះដូចម្ដេច? មានប៉ុន្មានយ៉ាង?

វិ. បញ្ញត្តិនោះគឺ សេចក្ដីហាមប្រាមមាន ៩ យ៉ាងគឺ

១ បញ្ញត្តិ បថមប្បញ្ញត្តិបន្ថែម

២ អនុប្បញ្ញត្តិ បញ្ញត្តិបន្ថែម

៣ អនុប្បន្នប្បញ្ញត្តិ បញ្ញត្តិបង្ការទោសដែលមិនទាន់កើត 

៤ សព្វត្ថប្បញ្ញត្តិ បញ្ញត្តិគ្រប់ប្រទេស

៥ បទេសប្បញ្ញត្តិ បញ្ញត្តិចំពោះប្រទេស

៦ សាធារណប្បញ្ញត្តិ បញ្ញត្តិទួទៅ

៧ អសាធារណប្បញ្ញត្តិ បញ្ញត្តិមិនទួទៅ

៨ ឯកតោបញ្ញត្តិ បញ្ញត្តិតែម្ខាងៗ

៩ ឧភតោបញ្ញត្តិ បញ្ញត្តិទាំងពីរខាង ។

៣៦. បុ. ចូរអធិប្បាយថា បញ្ញត្តិទាំង ៩ យ៉ាងនោះមកពីណា?

វិ. អធិប្បាយថា បញ្ញត្តិដំបូង ឬបញ្ញត្តិជាខាងដើមក្នុងសិក្ខាបទនីមួយៗ ហៅថាបញ្ញត្តិ ។

    បញ្ញត្តិថែមជាបន្ទាប់ៗ អំពីបថមបញ្ញត្តិនោះមកក្នុងសិក្ខាបទនីមួយៗ ដើម្បីបំពេញកិច្ចក្នុងសិក្ខាបទនោះៗ ឬដើម្បីសម្រួលសិក្ខាបទនោះៗ ឲ្យប្រព្រឹត្តទៅបានដោយស្រួល ហៅថាអនុប្បញ្ញត្តិ ។

    បញ្ញត្តិដែលព្រះមានព្រះភាគទ្រង់បញ្ញត្តទុកមុន បង្ការទោសដែលមិនទាន់កើតឡើងនៅឡើយ កុំឲ្យកើតឡើងបានហៅថាអនុប្បន្នប្បញ្ញត្តិ តែបញ្ញត្តិនេះមានមកដាច់ដោយឡែក ចំពោះតែភិក្ខុនីទាំងឡាយ ដោយបញ្ញត្តិឲ្យទទួលប្រព្រឹត្តតាមគរុធម៌ ៨ ប្រការ មិនមានក្នុងសិក្ខាបទឯទៀតៗ ឡើយ ។

    បទេសប្បញ្ញត្តិ ព្រះទ្រង់បញ្ញត្តចំពោះតែសិក្ខាបទ ៤ គឺ

១ វិនយធរបញ្ចេមេន គណេន ឧបសម្បទា ហាមឧបសម្បទាដោយគណសង្ឃមានវិន័យធរ គឺព្រះឧបជ្ឈាយ៍ជាគម្រប់ ៥ ។

    ២ គណង្គណុបាហនា ហាមការពាក់ស្បែកជើងស្បែក

មានជាន់ ៤ ។

    ៣ ធុវន្ហានំ ហាមការងូតទឹកជានិច្ចកាលតាមត្រូវការ(គឺងូតទឹក

រាល់ៗ ថ្ងៃ) ។

    ៤ ចម្មត្ថរណំ ហាមការប្រើប្រាស់កម្រាលដែលធ្វើដោយស្បែក ។

    សិក្ខាបទ ៤ នេះបើប្រព្រឹត្តកន្លង ត្រូវអាបត្តិចំពោះតែភិក្ខុដែលនៅក្នុងមជ្ឈិមប្រទេស ឯភិក្ខុដែលនៅក្នុងបច្ចន្តប្រទេសពុំត្រូវអាបត្តិឡើយ ។ បណ្ដាសិក្ខាបទទាំង ៤ នោះ មានតែធុវន្ហានសិក្ខាបទមួយទេ ដែលមានមកក្នុងបាតិមោក្ខ សល់ពីនោះជាសិក្ខាបទក្រៅបាតិមោក្ខ ។ បទេសប្បញ្ញត្តិមានចំពោះតែសិក្ខាបទ ៤ នេះ សិក្ខាបទក្រៅពីនោះមិនមានឡើយ សិក្ខាបទក្រៅពីនេះទាំងប៉ុន្មាន ឈ្មោះថា សព្វត្ថប្បញ្ញត្តិទាំងអស់ ។

    សាធារណបញ្ញត្តិ និង អសាធារណប្បញ្ញត្តិ មួយគូ ឯកតោបញ្ញត្តិ និងឧភតោបញ្ញត្តិមួយគូ បញ្ញត្តិទាំងពីរគូនេះ មានរូបសេចក្ដីដូចគ្នា ចាត់ទុកថាជាគូតែមួយ ព្រោះហេតុនោះ លោកលើកទុកអនុប្បន្នប្បញ្ញត្តិ១ បទេសប្បញ្ញត្តិ និង សព្វត្ថប្បញ្ញត្តិមួយគូ ឯកតោបញ្ញត្តិ និងឧភតោបញ្ញត្តិមួយគូជា ៥ បញ្ញត្តិ នៅសល់បញ្ញត្តិ ៤ គឺបញ្ញត្តិ ១ 

អនុប្បញ្ញត្តិ១ សាធារណបញ្ញត្តិ១ អសាធារណប្បញ្ញត្តិ១ ដែលត្រូ​វលើកយកមកវិនិច្ឆ័យក្នុងសិក្ខាបទទាំងពួង ។

៣៧. បុ. អាណត្តិ នោះដូចម្ដេច?

វិ. ការបង្គាប់ ឬ ប្រើគេឱ្យធ្វើ ហៅថា អាណត្តិ ។

៣៨. បុ. អាបត្តិ នោះដូចម្ដេច?

វិ. ប្រភេទនៃអាបត្តិផ្សេងៗ មានអាណត្តិ ជាបុព្វប្រយោគជាដើមហៅថា អាបត្តិ ។

៣៩. បុ. អនាបត្តិ នោះដូចម្ដេច?

វិ. អនាបត្តិនោះ គឺការមិនត្រូវអាបត្តិ ដោយអំណាចនៃការមិនដឹងជាដើម ។

៤០. បុ. វិបត្តិនោះ ដូចម្ដេច? មានប៉ុន្មាន? អ្វីខ្លះ?

វិ. វិបត្តិ គឺសេចក្ដីខូចរបស់ភិក្ខុ សាមណេរ មាន ៤ យ៉ាងគឺ

    ១. សីលវិបត្តិ ខូចសីល

    ២. អាចារវិបត្តិ ខូចមារយាទ

    ៣. ទិដ្ឋិវិបត្តិ ខូចទិដ្ឋិគឺសេចក្ដីយល់ខុស

    ៤. អាជីវវិបត្តិ ខូចអាជីវ គឺការចិញ្ចឹមជីវិត ។

៤១. បុ. សីលវិបត្តិនោះ បានដល់កងអាបត្តិណាខ្លះ?

វិ. បានអាបត្តិ ២ កង គឺ បារាជិក ៤ និងសង្ឃាទិសេស ១៣ 

ទាំងពីរកងនេះ ចាត់ចូលក្នុងសីលវិបត្តិ ។

៤២. បុ. អាចារវិបត្តិនោះ បានដល់កងអាបត្តិណា?

វិ. បានដល់អាបត្តិ ៥ កង គឺថុល្លច្ច័យ១ បាចិត្តិយ១ បាដិទេសនីយ១ ទុក្កដ១ ទុព្ភាសិត១ ទាំង ៥ កងនេះចាត់ចូលក្នុងអាចារវិបត្តិ ។

៤៣. បុ. ទិដ្ឋិវិបត្តិនោះ បានដល់អាបត្តិណា?

វិ. បានដល់អរិដ្ឋសិក្ខាបទ ជាសិក្ខាបទទី៨ នៃសប្បាណកវគ្គ ។

៤៤. អាជីវវិបត្តិនោះ បានដល់អាបត្តិពួកណាខ្លះ?

វិ. បានដល់អាបត្តិទាំង ៧ កង គឺភិក្ខុប្រព្រឹត្តអនេសននិងបាបធម៌ គួរដល់បារាជិកក៏មាន គួរដល់សង្ឃាទិសេសក៏មានជាដើម តាមកិរិយាអាបត្តិប្រព្រឹត្តនៃភិក្ខុនោះៗ ។

៤៥. បុ. អង្គនោះ ដូចម្ដេច?

វិ. អង្គរបស់សិក្ខាបទទាំងអស់ហៅថាអង្គ ។

៤៦. បុ. សមុដ្ឋានវិធីនោះដូចម្ដេច? មានប៉ុន្មាន? អ្វីខ្លះ?

វិ. វិធីសំដែងអំពីសមុដ្ឋាននៃអាបត្តិទាំងពួងហៅថា 

សមុដ្ឋានវិធី មាន ៦ យ៉ាង គឺ

    ១. កាយោ        កាយ

    ២. វាចា        វាចា

    ៣. កាយវាចា    ទាំងកាយទាំងវាចា

    ៤. កាយចិត្តំ     ទាំងកាយទាំងចិត្ត

    ៥. វាចាចិត្តំ    ទាំងវាចាទាំងចិត្ត

    ៦. កាយវាចាចិត្តំ ទាំងកាយទាំងវាចាទាំងចិត្ត ។

បណ្ដាសមុដ្ឋានទាំង ៦ នោះ សមុដ្ឋាន ៣ ខាងដើមមិនមានចិត្តចូលលាយផង ហៅថាអចិត្តកសមុដ្ឋាន សមុដ្ឋាន ៣ ខាងចុងមានចិត្តចូលលាយផងហៅថា សចិត្តកសមុដ្ឋាន ។

    អាបត្តិទាំងឡាយរមែងកើតឡើងដោយសមុដ្ឋានតែមួយក៏មាន ២ ក៏មាន ៣ ក៏មាន ៤ ក៏មាន ៦ ក៏មាន តែកើតឡើងដោយសមុដ្ឋាន ៥ មិនមានឡើយ ។

    អាបត្តិដែលមានសមុដ្ឋានៗ រមែងកើតដោយសមុដ្ឋានទី ៤ ខ្លះ

 ទី៥ខ្លះ ទី ៦ ខ្លះ មិនដែលកើតឡើង ដោយសមុដ្ឋានឯទៀតទេ ។

    អាបត្តិដែលមានសមុដ្ឋាន ២ រមែងកើតដោយសមុដ្ឋានទី ១ និងទី ៤ ខ្លះ ទី២ និងទី៥ខ្លះ ទី៣ និងទី៦ ខ្លះ ទី៤ និងទី៦ ខ្លះ ទី៥ នឹងទី៦ ខ្លះ ។

    អាបត្តិដែលមានសមុដ្ឋាន ៣ រមែងកើតដោយសមុដ្ឋាន ៣ ខាងដើមខ្លះ ៣ ខាងចុងខ្លះ ។

    អាបត្តិដែលមានសមុដ្ឋាន ៤ រមែងកើតដោយសមុដ្ឋាន ទី១ ទី៣ ទី៤ និងទី៦ ខ្លះ ដោយសមុដ្ឋានទី ២ ទី ៣ ទី៥ និងទី៦ ខ្លះ ។

    អាបត្តិដែលមានសមុដ្ឋាន ៦ រមែងកើតដោយសមុដ្ឋានទាំង ៦ រាល់តែសមុដ្ឋាន ។

៤៧. បុ. កិរិយានោះមានប៉ុន្មាន? ចូររាប់?

វិ. មាន ៥ គឺ

    ១. កិរិយតោ សមុដ្ឋាតិ អាបត្តិកើតដោយកិរិយាធ្វើ

    ២. អកិរិយតោ សមុដ្ឋាតិ អាបត្តិកើតដោយកិរិយាមិនធ្វើ

    ៣. កិរិយាកិរិយតោ​សមុដ្ឋាតិ​ អាបត្តិកើតដោយកិរិយាធ្វើនិងកិរិយាមិនធ្វើ

    ៤. សិយា កិរិយតោ​ សិយា អកិរិយតោ សមុដ្ឋាតិ អាបត្តិកើតដោយកិរិយាធ្វើក៏មាន ដោយកិរិយាមិនធ្វើក៏មាន

    ៥. សិយា កិរិយតោ សិយា កិរិយាកិរិយតោ សមុដ្ឋាតិ អាបត្តិកើតដោយកិរិយាធ្វើក៏មាន ដោយកិរិយាធ្វើនិងកិរិយាមិនធ្វើក៏មាន ។

៤៨. បុ. ចូរអធិប្បាយកិរិយាគ្រប់ទាំង ៥ មកមើល?

វិ. អធិប្បាយថា អាបត្តិពួកណារមែងត្រូវដល់ភិក្ខុ កាលប្រព្រឹត្តកន្លងដោយកាយឬដោយវាចា ដូចអាបត្តិក្នុងបឋវិខណនសិក្ខាបទជាដើម អាបត្តិពួកនេះឈ្មោះថា កើតដោយកិរិយាធ្វើ គឺភិក្ខុជីកដីដោយខ្លួនឯងក្ដី ប្រើគេឱ្យជីកដី ត្រូវអាបត្តិបាចិត្តិយ ។

    អាបត្តិពួកណារមែងត្រូវដល់ភិក្ខុកាលមិនធ្វើនូវកិច្ចដែលត្រូវធ្វើដោយកាយឬដោយវាចា ដូចអាបត្តិក្នុងបឋមកឋិនសិក្ខាបទជាដើម អាបត្តិពួកនេះឈ្មោះថា កើតដោយកិរិយាមិនធ្វើគឺមិនធ្វើវិកប្បនិងអធិដ្ឋាននូវអតិរេកចីវរ ដែលកន្លងហួសពី ១០ ថ្ងៃទៅ ។

    អាបត្តិពួកណារមែងត្រូវដល់ភិក្ខុកាលធ្វើខ្លះ មិនធ្វើខ្លះ ដូចអាបត្តិក្នុងចីវរប្បដិគ្គហណសិក្ខាបទ ដែលភិក្ខុត្រូវ ព្រោះការទទួលចីវរអំពីដៃនាងភិក្ខុនី មិនមែនជាញាតិជាដើម អាបត្តិពួកនេះឈ្មោះថា កើតដោយកិរិយាធ្វើនិងកិរិយាមិនធ្វើ កិរិយាធ្វើគឺទទួលចីវរអំពីដៃនាងភិក្ខុនី កិរិយាមិនធ្វើ គឺមិនផ្លាស់ប្ដូរគ្នាជាមុនសិន ។

    អាបត្តិពួកណា រមែងត្រូវដល់ភិក្ខុ កាលធ្វើក៏មាន កាលធ្វើនឹងមិនធ្វើក៏មាន ដូចអាបត្តិក្នុងកុដិការសិក្ខាបទជាដើម អាបត្តិពួកនេះឈ្មោះថាកើតដោយកិរិយាធ្វើក៏មាន គឺធ្វើឲ្យកន្លងហួសប្រមាណ កាលធ្វើនឹងមិនធ្វើក៏មាន គឺមិនបានឱ្យសង្ឃសំដែងទីឲ្យជាមុនសិនហើយសឹមធ្វើ ។

៤៩. បុ. សញ្ញានោះ ដូចម្ដេច? មានប៉ុន្មាន?

វិ. សញ្ញានោះ គឺសេចក្ដីសម្គាល់ មាន ២ គឺ

    ១. សញ្ញាវិមោក្ខា អាបត្តិដែលភិក្ខុរួចខ្លួនដោយសញ្ញា

    ២. នោសញ្ញាវិមោក្ខា អាបត្តិដែលភិក្ខុមិនរួចខ្លួនដោយសញ្ញា ។

៥០. សញ្ញាទាំងពីរនោះ តើដូចម្ដេច? ចូរអធិប្បាយ!

វិ. អធិប្បាយថា អាបត្តិណាមួយ ដែលភិក្ខុរួចខ្លួនដោយមិនមាននៃសញ្ញាក្នុងការប្រព្រឹត្តបទល្មើស គឺថាមិនមានចិត្តក្លែង អាបត្តិពួកនេះឈ្មោះថាសញ្ញាវិមោក្ខា ។

    អាបត្តិពួកណាដែលភិក្ខុមិនរួចខ្លួន ដោយមិនមានសញ្ញាគឺថាក្លែងក្ដី មិនក្លែងក្ដី ក្នុងការប្រព្រឹត្តល្មើស អាបត្តិពួកនេះឈ្មោះថានោសញ្ញាវិមោក្ខា ។

៥១. បុ. ចិត្តនោះចែកជាប៉ុន្មាន? ចូររាប់!

វិ. ចែកជា ២ គឺសចិត្តកា១ អចិត្តកា១ ។

៥២. បុ. ចូរអធិប្បាយចិត្តទាំងពីរឱ្យសព្វគ្រប់មកមើល?

វិ. អធិប្បាយថា អាបត្តិពួកណា រមែងកើតតែដោយសចិត្តកសមុដ្ឋានចិត្តសុទ្ធ អាបត្តិពួកនេះឈ្មោះថាសចិត្តកា គឺប្រកបដោយចិត្ត ។

    អាបត្តិពួកណារមែងកើតដោយអចិត្តកសមុដ្ឋានផង ដោយសចិត្តកមិស្សកសមុដ្ឋាន គឺ សមុដ្ឋានលាយដោយសចិត្តក្លែងក៏ត្រូវមិនមានចិត្តក្លែងក៏ត្រូវ ។

៥៣. បុ. វជ្ជ ចែកតាមប្រភេទមានប៉ុន្មាន?

វិ. មាន ២ គឺ លោកវជ្ជ១ បណ្ណត្តិវជ្ជ១ ។ 

៥៤. ចូរអធិប្បាយ វជ្ជទាំង ២ មកមើល?

វិ. អធិប្បាយថា ក្នុងពួកសចិត្តកាបត្តិ អាបត្តិពួកណាមានចិត្តជាអកុសលសុទ្ធ អាបត្តិពួកនេះឈ្មោះថា លោកវជ្ជ មានទោសតាមផ្លូវលោក ។ អាបត្តិសល់ពីនោះ ឈ្មោះថា បណ្ណត្តិវជ្ជ មានទោសតាម

ពុទ្ធប្បញ្ញត្តិ ។

៥៥. បុ. កម្មចែកតាមប្រភេទមានប៉ុន្មាន?

វិ. ចែកតាមប្រភេទមាន ៣ ។

៥៦. បុ. មាន ៣ គឺអ្វីខ្លះ? ចូររាប់ឲ្យសព្វគ្រប់ហើយអធិប្បាយផង?

វិ. មាន ៣ នោះគឺ 

    ១. កាយកម្ម អាបត្តិជាកាយកម្មប្រព្រឹត្តទៅក្នុងកាយទ្វារ ។

    ២. វចីកម្ម អាបត្តិជាវចីកម្មប្រព្រឹត្តទៅក្នុងវចីទ្វារ ។

    ៣. តទុភយកម្ម អាបត្តិជាកម្មទាំងពីរនោះប្រព្រឹត្តទៅក្នុងទ្វារ

           ទាំងពីរ ។ 

    អធិប្បាយថា អាបត្តិដែលភិក្ខុត្រូវក្នុងកាយទ្វារ ឈ្មោះថា កាយកម្ម ដែលភិក្ខុក្នុងទ្វារ ឈ្មោះថា វចីកម្ម ដែលភិក្ខុត្រូវក្នុងទ្វារទាំងពីរ ឈ្មោះ តទុភយកម្ម ឬកាយកម្ម វចីកម្ម ។ អាបត្តិដែលភិក្ខុត្រូវក្នុងមនោទ្វារមិនមានឡើយ ។

៥៧.បុ. តិកវិធីនោះចែកដូចម្ដេច?

វិ ចែកជាពីរគឺ កុសលត្តិក១ ។

៥៨.បុ. កុសលត្តិក ចែកជាប៉ុន្មានទៀត?

វិ. ចែកជា ៣ ។

៥៩.បុ. បីនោះដូចម្ដេច? ចូររាប់ហើយអធិប្បាយផង?

វិ. កុសលចិត្ត១ អកុសលចិត្ត១ អព្យាកតចិត្ត១ សេចក្ដីថា កាលភិក្ខុ

ត្រូវអាបត្តិរមែងត្រូវទាំងចិត្តជាកុសលក៏មាន ទាំងចិត្តជាអកុសលឬអព្យាកតក៏មាន ។

៦០. បុ. ចុះវេទនត្តិក ចែកទៅមានប៉ុន្មាន?

វិ. មាន ៣ គឺ ទុក្ខវេទនា១ សុខវេទនា១ ឧបេក្ខាវេទនា១ សេចក្ដីថា កាលភិក្ខុត្រូវអាបត្តិ រមែងត្រូវទាំងប្រកបដោយទុក្ខវេទនាក៏មាន ទាំងប្រកបដោយវេទនាក្រៅពីនេះក៏មាន ។ 

    រួមសេចក្ដី កាលបើយ៉ាងនេះគ្រប់សិក្ខាបទទាំងអស់ លោកអ្នកសិក្សាត្រូវចាំប្រភេទដូច្នេះគឺ បើថាចិត្ត១ ត្រូវដឹងថាអកុសលចិត្ត ចិត្ត ២ ត្រូវដឹងថាកុសលចិត្តនិងអព្យាកតចិត្ត ចិត្ត ៣ ត្រូវដឹងថាចិត្តទាំងអស់ វេទនា១ ត្រូវដឹងថា ទុក្ខវេទនា វេទនា២ត្រូវដឹងថា សុខវេទនា និងឧបេក្ខាវេទនា វេទនា ៣ ត្រូវដឹងថាវេទនាទាំងអស់ ។

៦១. បុ. អាបត្តិត្រូវដោយអកុសលចិត្តចុះគួរតែត្រូវព្រោះចិត្តជាអកុសល ចុះចិត្តជាកុសលទេ ហេតុអ្វីក៏ត្រូវអាបត្តិដែរ? តើត្រូវអាបត្តិពួកណា?

វិ. ត្រូវអាបត្តិដោយចិត្តជាកុសលនោះ ដូចធម្មទេសនាសិក្ខាបទភិក្ខុសំដែងធម៌ចំពោះមាតុគ្រាម​ ដែលមិនមានបុរសដឹងក្ដីនៅជាមួយផងឱ្យលើសពី៦ ម៉ាត់ឡើងទៅត្រូវបាចិត្តិយ ចិត្តជាកុសលតែខុសនឹងពុទ្ធប្បញ្ញត្តិ ឬភិក្ខុជ្រះថ្លាកាច់ផ្កាទៅថ្វាយព្រះរត្នត្រ័យដូច្នេះជាដើម ។

៦២. បុ. ត្រូវដោយអពញយាកតចិត្តនោះ តើបានដល់សិក្ខាបទណា? 

វិ. បានដល់អចិត្តកសិក្ខាបទ ដូចភិក្ខុដេកលក់ គេយកស្រាទៅបញ្ច្រាកឱ្យកន្លងហួសបំពង់កចូលទៅទាំងមិនដឹងខ្លួនត្រូវអាបត្តិបាចិត្តិយឬដូចព្រះអរហន្ត មានត្រូវអាបត្តិជាបណ្ណត្តិវជ្ជខ្លះ ។

៦៣. បុ. បានកើតឡើងព្រោះចិត្ត ចុះបើគ្មានចិត្តសោះហេតុអ្វីក៏ត្រូវអាបត្តិដែរ?

វិ. អាបត្តិនោះត្រូវហើយមានទោសក៏មាន មិនមាទោសក៏មាន ព្រោះបញ្ញត្តិមាន ២ គឺសាវជ្ជប្បញ្ញត្តិ១ អនវជ្ជប្បញ្ញត្តិ១ សាវជ្ជបញ្ញត្តិប្រកបដោយទោស បានដល់លោកវជ្ជសិក្ខាបទទាំងអស់ អនវជ្ជប្បញ្ញត្តិ បញ្ញត្តិមិនប្រកបដោយទោសបានដល់លោកវជ្ជសិក្ខាបទទាំងអស់ អនវជ្ជប្បញ្ញត្តិ បញ្ញត្តិមិនប្រកបដោយទោសបានដល់បណ្ណត្តិវជ្ជសិក្ខាបទទាំងអស់ អនវជ្ជសិក្ខាបទនេះ គ្រាន់តែមានទោសក្នុងបច្ចុប្បន្ននេះ ព្រោះប្រព្រឹត្តឱ្យកន្លងពុទ្ធប្បញ្ញត្តិប៉ុណ្ណោះ ចំពោះដែលមិនដឹងខ្លួនមិនក្លែងសោះ ដូចប្រស្នាខាងដើម ។

៦៤. បុ. សិក្ខាបទទាំងអស់ សិក្ខាបទណាដែលភិក្ខុត្រូវហើយកែមិនបាន?

វិ. សិក្ខាបទ ៤ គឺបារាជិកទាំង៤ ជាអតេកិច្ឆា ភិក្ខុត្រូវហើយកែមិនបាន ត្រូវដាច់ចាកភិក្ខុភាវសិក្ខាបទក្រៅពីបារាជិក ៤នោះជាសតេកិច្ឆា នៅកែបាន ។

៦៥. បុ. ភិក្ខុមានចិត្តក្លែងគួរថាត្រូវអាបត្តិ ចុះបើគ្មានចិត្តក្លែងសោះម៉េចក៏ត្រូវអាបត្តិដែរ? តើបំណងព្រះសម្ពុទ្ធដូចម្ដេច? បានជាចាត់ឱ្យត្រូវអាបត្តិ?

វិ. បានជាត្រូវអាបត្តិនោះ ព្រះពុទ្ធបំណង ដើម្បីនឹងស្ទាក់ភិក្ខុជាអលជ្ជីដែលមានពុតត្បុតអាក្រក់ កាលណាប្រព្រឹត្តអាក្រក់ហើយក្លែងថាមិនដឹង វិនយធរ ដែលជាបុថុជ្ជន មិនអាចនឹងដេញពុតត្បុតភិក្ខុអលជ្ជីនោះបាន ហេតុដូច្នេះបានជាព្រះពុទ្ធជាម្ចាស់ទ្រង់បញ្ញត្តថាក្លែងក៏ត្រូវ មិនក្លែងក៏ត្រូវ នេះចំពោះសិក្ខាបទដែលជាអចិត្តក ។

អនុសាសន

៦៦. បុ. អនុសាសន ប្រែដូចម្ដេច?

វិ. ប្រែថា ពាក្យប្រប្រៀនប្រដៅ ។

៦៧. បុ. ពាក្យប្រៀនប្រដៅមានប៉ុន្មានយ៉ាង? ចូររាប់!

វិ. មាន ៨ យ៉ាង គឺ និស្ស័យ ៤ អករណីយកិច្ច ៤ ។

៦៨. បុ. និស្ស័យនោះ ប្រែដូចម្ដេច ? មានប៉ុន្មាន?

វិ. ប្រែថា បច្ច័យជាគ្រឿងអាស្រ័យរបស់បព្វជិត ហៅថា និស្ស័យមាន ៤ យ៉ាងគឺ ដើរបិណ្ឌបាត ១ ស្លៀកដណ្ដប់សំពត់ ១ បង្សុកូល ១ នៅអាស្រ័យក្រោមម្លប់ឈើ ១ ឆាន់ថ្នាំដែលត្រាំដោយទឹកមូត្រ ១ ។

៦៩. បុ. ព្រះពុទ្ធទ្រង់បញ្ញត្តបុគ្គលដែលចូលមកបួសក្នុងពុទ្ធសាសនានោះ ឱ្យវៀរចាកអភព្វបុគ្គល ១១ ចំពូក និងបុគ្គលមានរោគឃ្លង់ស្រែងជាដើម សម្រាំងយកតែអ្នកជាដែលល្អៗ ត្រឹមត្រូវទើបឲ្យចូលមកបួសបាន ហេតុអ្វីបួសហើយបានជាបន្ថោកបន្ទាបឱ្យដើរសូមទានគេឱ្យស្លៀកដណ្ដប់សំពត់បង្សុកូលជាដើមដូច្នេះ? គួរតែលើកកុំតម្កើង!

វិ បានជាព្រះសម្ពុទ្ធទ្រង់បញ្ញត្ត អភព្វបុគ្គលមានឃ្លង់ស្រែង ព្រោះខ្លាចឆ្លងដល់ភិក្ខុផងគ្នា មនុស្សខ្ញុំគេជាដើម មិនជាទីជ្រះថ្លាដល់ទាយក ទាយិកា ដែលឱ្យអាស្រ័យនូវនិស្ស័យ ៤ នោះមិនមែនបន្ថោកបន្ទាបទេ គឺដើម្បីនឹងឱ្យកាន់ធម៌សន្ដោសកុំឱ្យឆ្មើងឆ្នៃច្បិចច្បើមវត្ថុថោកទាប តែបើអតិរេលាភកើតឡើង ក៏ព្រះពុទ្ធអង្គឥតមានហាមឃាត់ដែរ ឱ្យទទួលបានតាមសេចក្ដីពេញចិត្ត ។

៧០. បុ. អករណីយកិច្ចនោះ ប្រែដូចម្ដេច? មានប៉ុន្មាន? ចូររាប់!

វិ. ប្រែថា កិច្ចដែលបព្វជិតមិនត្រូវធ្វើ មាន ៤ យ៉ាងគឺ សេពមេថុនធម្ម១ លួចទ្រព្យ១ សម្លាប់សត្វ១ ពោលអួតគុណវិសេសដែលមិនមានក្នុងខ្លួន១ ។

៧១. បុ. អករណីកិច្ច នឹងបារាជិក មានសេចក្ដីផ្សេងគ្នាឬដូចគ្នា?

វិ. ផ្សេងគ្នាខ្លះ ដូចគ្នាខ្លះ ។

៧២. បុ. ផ្សេងគ្នានោះដូចម្ដេច ? ដូចគ្នានោះដូចម្ដេច?

វិ. ផ្សេងគ្នានោះដូច្នេះ បារាជិកជាឈ្មោះអាបត្តិ អករណីយកិច្ចជាឈ្មោះអំពើដែលភិក្ខុមិនត្រូវធ្វើ សំដៅយកវត្ថុតូច ធំ តាំងអំពីអាបត្តិ ទុក្កដ 

ថុល្លច្ច័យ បារាជិក ឈ្មោះថាអករណីយកិច្ច ឯដូចគ្នានោះ បើត្រូវបារាជិក ក៏ហៅថា អករណីយកិច្ចបានដែរ ។

៧៣. បុ. អករណីយកិច្ច កិច្ចដែលភិក្ខុមិនត្រូវធ្វើ មានច្រើនគគោកសិក្ខាបទរាប់មិនអស់ ហេតុអ្វីក៏ក្នុងអនុសាសន មានត្រឹមតែ ៤ ប៉ុណ្ណេះ?

វិ. ច្រើនក៏ពិតមែន តែសិក្ខាបទទាំងអស់នោះ ជាសតេកិច្ឆាបើភិក្ខុប្រព្រឹត្តហើយនៅកែខ្លួនឯងបាន ឯបារាជិក ៤ នេះជាអតេកិច្ឆា បើភិក្ខុប្រព្រឹត្តឱ្យកន្លងហើយ ត្រូវដាច់ចាកភិក្ខុភាវ នឹងតាំងនៅជាភិក្ខុតទៅទៀតមិនបានដោយដាច់ខាត បានជាលើកយកតែអករណីយកិច្ច ៤ នេះមកប្រដៅបណ្ដោះអាសន្ន ព្រោះពេលខ្លី ដើម្បីនឹងឱ្យភិក្ខុថ្មីប្រព្រឹត្តបណ្ដើរទម្រាំសិក្សាតទៅទៀត ។

៧៤. បុ. សិក្ខាបទ នឹងសិក្ខា ផ្សេងគ្នាដូចម្ដេច?

វិ. ផ្សេងគ្នាដូច្នេះ សិក្ខាបទ គឺវិន័យប្បញ្ញត្តិដែលព្រះពុទ្ធសម្ពុទ្ធទ្រង់ហាមលើកឡើងជាមាត្រាមួយៗ ឈ្មោះថា សិក្ខាបទ ១ នោះមានក្នុងបាតិមោក្ខខ្លះ មិនមានក្នុងបាតិមោក្ខខ្លះ ឯសិក្ខានោះបានដល់ត្រៃសិក្ខា គឺគុណជាតិដែលបព្វជិតត្រូវសិក្សាមាន ៣ យ៉ាង គឺ សីល១ សមាធិ១ បញ្ញា១ ។

៧៥. បុ. សីលនោះដូចម្ដេច?

វិ. ការសង្រួមកាយវាចាដោយប្រពៃ ហៅថា សីល ។

៧៦. បុ. ចុះសមាធិនោះ ដូចម្ដេច?

វិ. ការក្សាចិត្តឱ្យស្ងប់រម្ងាប់ ហៅថា សមាធិ ។

៧៧. បុ. ចុះបញ្ញានោះ ដូចម្ដេច?

វិ. ការដឹងច្បាស់ក្នុងកងសង្ខារហៅថា បញ្ញា ។

បារាជិក ៤

៧៨. បុ. មេថុនធម្ម ប្រែដូចម្ដេច?

វិ. មេថុនធម្ម ប្រែថា ធម៌ជាគូៗ នៃជនស្មើគ្នា ។

៧៩. បុ. មេថុនធម្ម ភិក្ខុសេពដូចម្ដេចត្រូវបារាជិក? សេពដូចម្ដេចត្រូវ

ថុល្លច្ច័យ? សេពដូចម្ដេចត្រូវទុក្កដ?

វិ. ភិក្ខុសេពចំពោះទ្វារមគ្គទាំង ៣០ ទ្វារណាមួយត្រូវិបារាជិក ភិក្ខុសេពមាត់កូនក្អាត់ធំ តែធ្គាមវារឹងនិមិត្តចូលទៅមិនបានត្រូវថុល្លច្ច័យ ឬទ្វារមគ្គដាច់ម្ខាង នៅសល់ម្ខាងត្រូវអាបត្តិថុល្លច្ច័យ បើដាច់បីភាគនៅសល់មួយភាគភិក្ខុសេពត្រូវទុក្កដ ។

៨០. បុ. ទ្វារមគ្គ ៣០ នោះតើទ្វារមគ្គអ្វីខ្លះ? ចូររាប់!

វិ. ទ្វារមគ្គ ៣០ នោះគឺទ្វារមនុស្ស ១០ ទ្វារអមនុស្ស ១០ ទ្វារសត្វតិរច្ឆាន ១០ ត្រូវជា ៣០ ។

៨១. បុ. ទ្វារមនុស្ស ១០ នោះ តើរាប់ដូចម្ដេច?

វិ. រាប់ដូច្នេះ មនុស្សស្រីមានទ្វារ ៣ គឺមុខមគ្គ១ វច្ចមគ្គ១ បស្សាវមគ្គ១

មនុស្សប្រុសមានទ្វារ ២ គឺមុខមគ្គ១ វច្ចមគ្គ១ មនុស្សឧភតោព្យព្ជានក(មនុស្សមានភេទពីរ) មានទ្វារ៣ គឺមុខមគ្គ១ វច្ចមគ្គ១ បស្សាមគ្គ១  បណ្ឌក មនុស្សខ្ទើយមាន ទ្វារ ២ គឺមុខមគ្គ១ វច្ចមគ្គ១ រួមជា ១០ ទ្វារមគ្គអមនុស្ស ១០ ទ្វារមគ្គសត្វតិរច្ឆាន ១០ (វិធីចែកដូចទ្វារមនុស្ស) រួមជា ៣០ ។

៨២. បុ. មេថុនធម្មសិក្ខាបទនេះ ព្រះអង្គទ្រង់បញ្ញត្ត?

វិ. សិក្ខាបទនេះ កាលព្រះអង្គគង់នៅក្រុងវេសាលី ទ្រង់បញ្ញត្តចំពោះសុទិន្នភិក្ខុជាបុត្រនៃកលន្ទកសេដ្ឋី ព្រោះសេពមេថុនធម្ម នឹងនាងបុរាណទុតិយិកា ។

៨៣. បុ. មេថុនធម្មសិក្ខាបទនេះមានអង្គប៉ុន្មាន?

វិ. មានអង្គ ២ គឺ

    ១. សេវនចិត្តំ ចិត្តគិតនឹងសេព

    ២. មគ្គេន មគ្គប្បដិបាទនំ ញុំាងមគ្គនឹងមគ្គឱ្យដល់គ្នា ។

ចំពោះទ្វារមគ្គទាំង ៣០ នោះ ទ្វារមគ្គណាមួយ បើព្រមដោយអង្គទាំងពីរទោះត្រូវបារាជិក ។

៨៤. បុ. អនាបត្តិ ក្នុងមេថុនធម្មសិក្ខាបទនេះ មានប៉ុន្មានយ៉ាង? ចូររាប់!

វិ. អនាបត្តិ ក្នុងមេថុនធម្មសិក្ខាបទនេះមាន ៦ យ៉ាងគឺ

    ១. អជានន្តស្ស ភិក្ខុកាលមិនដឹង

    ២. អសាទិយន្តស្ស ភិក្ខុកាលមិនត្រេកអរ

    ៣. ឧម្មត្តកស្ស ភិក្ខុឆ្កួត

    ៤. ខិត្តចិត្តស្ស ភិក្ខុវក់ចិត្ត ឬក្រឡកចិត្ត

    ៥. វេទនដ្ដស្ស ភិក្ខុដែលទុក្ខវេទនាគ្របសង្កត់

    ៦. អាទិកម្មិកស្ស ភិក្ខុដែលប្រព្រឹត្តបទល្មើសជាដំបូង 

ភិក្ខុដើមបញ្ញត្តិ ។

៨៥. បុ. ចូរអធិប្បាយ អានាបត្តិទាំង៦ ឱ្យសព្វគ្រប់មកមើល?

វិ. អធិប្បាយ ភិក្ខុកំពុងតែដេកលក់ស៊ប់ មានបុគ្គលដទៃមកព្យាយាមនូវនិមិត្តរបស់ខ្លួនមិនដឹង ឈ្មោះថា ភិក្ខុមិនដឹង ។ ភិក្ខុដឹងដែរតែមិនត្រេកអរផង ឈ្មោះថា ភិក្ខុមិនត្រេកអរ ។ ភិក្ខុឆ្កួតចិត្តដល់កម្រិតតែមិនឡើង ឈ្មោះថា ភិក្ខុឆ្កួត ។ ភិក្ខុដែលយក្សចូលទៅធ្វើបង្វែងចិត្ត ឈ្មោះថា ភិក្ខុវក់ចិត្តឬក្រឡកចិត្ត ។ ភិក្ខុពីរពួកនេះ លុះតែដល់នឹងខ្លឹមចន្ទន៍ជា ដើម ទើបយកជាប្រមាណបាន ។ ភិក្ខុដែលមានទុក្ខវេទនាធ្ងន់លើសប្រមាណ ធ្វើឱ្យក្ដៅក្រហាយអន្ទះអន្ទែងមិនដឹងអ្វីសោះ ឈ្មោះថាភិក្ខុដែលទុក្ខវេទនាគ្របសង្កត់ ។ ភិក្ខុដែលជាដើមអាទិ៍ ដែលប្រព្រឹត្តបទល្មើសក្នុងវត្ថុនោះៗ ឈ្មោះថា ភិក្ខុប្រព្រឹត្តបទល្មើសជាដំបូង អំពើប្រព្រឹត្តបទល្មើសរបស់ភិក្ខុទាំង ៦ ពួកនេះ ឈ្មោះថា អនាបត្តិ ។

    សិក្ខាបទនេះ ឈ្មោះ បឋមបារាជិកសមុដ្ឋាន អាបត្តិកើតដោយសមុដ្ឋានទី ៤ គឺ កាយចិត្ត ជាសញ្ញាវិមោក្ខ មានផ្លូវឲ្យភិក្ខុរួចខ្លួន ដោយមិនមានសេចក្ដីសម្គាល់ក្នុងការសេព ជាសចិត្តក ប្រកបដោយចិត្តក្លែង ជាលោកវជ្ជ មានទោសតាមផ្លូវលោក ជាកាយកម្ម ចាត់ជាអំពើផ្លូវកាយ ប្រព្រឹត្តទៅក្នុងកាយទ្វារ មានវេទនា គឺ សុខវេទនា ឧបេក្ខាវេទនា ។

ចប់មេថុនធម្មសិក្ខាបទទី១

អទិន្នាទានសិក្ខាបទទី ២

៨៦. បុ. អទិន្នាទាន ប្រែ ដូចម្ដេច?

វិ. ប្រែថា កាន់យកនូវវត្ថុ ដែលគេមិនបានឱ្យ ដោយកាយឬវាចា ដោយថេយ្យចិត្ត ។

៨៧.បុ. ភិក្ខុលួចទ្រព្យគេដូចម្ដេចត្រូវបារាជិក? ដូចម្ដេចត្រូវថុល្លច្ច័យ? ដូចម្ដេចត្រូវទុក្កដ?

វិ. ភិក្ខុលួចទ្រព្យគេកំណត់ ៥ មាសក ឬ ១ បាទ ឬ ជាង ១ បាទឡើងទៅត្រូវបារាជិក បើ ២ មាសក ៣ មាសក ៤ មាសក ត្រូវថុល្លច្ច័យ ១ មាសកត្រូវទុក្កដ ។

៨៨. បុ. ប្រភេទអទិន្នានមានប៉ុន្មាន? ចូររាប់!

វិ. មាន ៦ យ៉ាងគឺ

    ១. អាទិយន ភិក្ខុចោទប្រកាន់របស់គេត្រូវទុក្កដ ម្ចាស់របស់នៅសង្ស័យថា បានមកអញ ឬមិនបាន ត្រូវថុល្លច្ច័យ ម្ចាស់ដាច់អាស្រ័យត្រូវបារាជិក ។

    ២. ហរណ ការនាំទៅ គឺភិក្ខុនាំរបស់គេដោយក្បាលជាដើម បើមានថេយ្យចិត្តចង់លួចរបស់គេ គ្រាន់តែចាប់ពាល់របស់នោះត្រូវទុក្កដ ធ្វើឱ្យកម្រើកត្រូវថុល្លច្ច័យ ចាប់យកមកដាក់ហួសខេត្តក្បាលត្រឹមស្មាត្រូវបារាជិក ។

    ៣. ការនាំយក គឺភិក្ខុទទួលរបស់បញ្ញើគេទុក លុះម្ចាស់គេមកសួរយកវិញ ក្លែងថាមិនដឹង ត្រូវទុក្កដម្ចាស់របស់គេនៅសង្ស័យថា បានវិញ ឬ មិនបានត្រូវថុល្លច្ច័យ ម្ចាស់របស់ដាក់ធុរដាច់អាល័យត្រូវបារាជិក ។

    ៤. ឥរិយាបថវិកោបន ការញុំាងឥរិយាបថឱ្យកម្រើក គឺភិក្ខុលួចរបស់គេមានទូកជាដើម ព្រមទាំងម្ចាស់របស់ បើម្ចាស់ភ្ញាក់ឡើងហើយរត់ទៅភិក្ខុដេញតាម លើកជើងជាបឋមបាទឡើង ត្រូវថុល្លច្ច័យ ឈានជើងជាទុតិយបាទ គឺជំហានទីពីរត្រូវបារាជិក ។

    ៥. ឋានាចាវន ការកម្រើកឃ្លាតចាកទី(១) គឺភិក្ខុលួចរបស់គេនៅលើគោក ឬក្នុងទឹក ឬទីណាមួយ គ្រាន់តចាប់របស់គេនោះ ត្រូវទុក្កដ ធ្វើឱ្យកម្រើកត្រូវថុល្លច្ច័យ ធ្វើឱ្យឃ្លាតចាកកន្លែងដើម សូម្បីប៉ុនចម្រៀកសក់ ត្រូវបារាជិក ។

    ៦. សង្កេតវិតិនាមន កន្លែងសង្កេត គឺភិក្ខុរត់រំលងគយដែលម្ចាស់ផែនដីកំណត់ មានទីចន្លោះភ្នំ កំពង់ ទ្វារនគរជាដើម បើភិក្ខុចាប់ពាល់របស់ដែលខ្លួនបម្រុងនឹងរត់រំលងគយ មានតម្លៃគួរបង់ពន្ធ១ បានឡើងទៅត្រូវថុល្លច្ច័យ ឈានជំហានជាគម្រប់ពីរហួសទៅត្រូវបារាជិក ។ ម៉្យាងទៀត បើភិក្ខុឃើញភណ្ឌអ្នកដទៃទៅក្នុងទីផ្សេងៗមានល្វែងផ្ទះជាដើមក្នុងទីណាមួយ ទុកជាទីសង្កេតកំណត់បានហើយ ក៏គិតថា «ក្នុងគិតឧកាសនេះ បើម្ចាស់គេឃើញ អញធ្វើជារើសលេងហើយនឹងឱ្យទៅជាម្ចាស់គេវេញ បើម្ចាស់របស់គេមិនឃើញអញទេ អញនឹងលួចយក» ភិក្ខុកំណត់ដូច្នេះហើយនាំរបស់នោះដើរទៅ លើកជំហានឈានជាបឋមឈានកន្លងទ្វារល្វែងផ្ទះជាដើម ដែលសង្កេតទុកនោះ ត្រូវ

ថុល្លច្ច័យ លុះលើកជំហានជាគម្រប់ពីរឈានតទៅទៀត ត្រូវបារាជិក ។

៨៩. បុ. អវហារ អាការដែលលួចមានប៉ុន្មាន? ចូររាប់?

វិ. មាន ២៥ ចាត់ជា បញ្ចក មាន ៥ ពួកគឺ

    ១. នានាភណ្ឌបញ្ចក ពួក ៥ នៃអាការលួចមានភណ្ឌផ្សេងៗ ។

    ២.​ ឯកភណ្ឌបញ្ចក ពួក ៥ នៃអាការលួចមានភណ្ឌតែ ១ មុខ ។

    ៣. សាហត្ថិកបញ្ចក ពួក ៥ នៃអាការលួច ត្រូវអាបត្តិមុនប្រយោគលួច ។

    ៤. បុព្វប្បយោគបញ្ចក ពួក ៥ នៃអាការលួច ត្រូវអាបត្តិមុនប្រយោគលួច ។

    ៥. ថេយ្យាវហារបញ្ចក ពួក ៥ នៃអាការលួច ដោយការលាក់បំបិទបាំងដោយថេយ្យចិត្ត ។


៩០. បុ. នានាភណ្ឌបញ្ចក ទី១ នោះអធិប្បាយដូចម្ដេច?

វិ. មានសេចក្ដីអធិប្បាយដូចតទៅនេះ 

    អាទិយន ភិក្ខុរំលោភយកសួនច្បារគេ ត្រូវអាបត្តិទុក្កដ ញុំាងសេចក្ដីសង្ស័យឱ្យកើតដល់អ្នកម្ចាស់ត្រូវថុល្លច្ច័យ អ្នកម្ចាស់ដាក់ធុរថា «នឹងមិនបានមកអញ» ត្រូវបារាជិក ។

    ហរណ ភិក្ខុជួយនាំភណ្ឌអ្នកដទៃ បែរជាមានថេយ្យចិត្តគិតលួចលូកចាប់ទ្រនូលលើក្បាលត្រូវទុក្កដ ធ្វើទ្រនូលឱ្យរញ្ជួយត្រូវថុល្លច្ច័យ ដាក់ទ្រនូលចុះមកដល់ក ត្រូវបារាជិក ។

    អវហរណ ភិក្ខុទទួលបញ្ញើគេ ដល់ម្ចាស់បញ្ញើមកទារយករបស់គេទៅវិញថា «លោកចូរឱ្យភណ្ឌដែលខ្ញុំផ្ញើទុកមកខ្ញុំវិញ» ភិក្ខុនិយាយប្រកែកថា «មិនបានទទួលបញ្ញើទេ» ត្រូវទុក្កដ ញុំាងសេចក្ដីសង្ស័យឱ្យកើតដល់អ្នកម្ចាស់ត្រូវថុល្លច្ច័យអ្នកម្ចាស់ដាច់អាល័យថា «នឹងមិនបានអញវិញទេ» ត្រូវបារាជិក ។

    ឥរិយាបថវិកោបន ភិក្ខុគិតក្នុងចិត្តថា “អញនឹងនាំយកទាំងភណ្ឌ ទាំងបុគ្គលអ្នកនាំភណ្ឌ ហើយធ្វើអ្នកនាំភណ្ឌឱ្យឈានជំហានទី១ ដំបូងត្រូវថុល្លច្ច័យ ឱ្យឈានជំហានទី២ ត្រូវបារាជិក ។

    ឋានចាវន ភិក្ខុមានថេយ្យចិត្ត គិតលួចភណ្ឌដែលគេដាក់លើគោកជាដើម លូកដៃទៅចាប់ពាល់ត្រូវទុក្កដ ធ្វើឲ្យរញ្ជួយ ត្រូវថុល្លច្ច័យ ធ្វើឱ្យឃ្លាតចាកទីត្រូវបារាជិក ។

៩១. បុ. ឯកភណ្ឌបញ្ចក ទី ២ អធិប្បាយដូចម្ដេច?

វិ. ឯកភណ្ឌបញ្ចក ទី ២ នេះ អធិប្បាយកំណត់ឈ្មោះតាមអវហារទាំង ៥. ថា «អាទិយន” ហរណ អវហរណ ឥរិយាបថវិកោបននឹងឋានចាវន តាមន័យមុនដែលពោលរួចហើយតែត្រង់ភណ្ឌគ្រាន់តែផ្លាស់ថា ទាសឬសត្វតិរច្ឆាន ឬក៏ព្រមទាំងអ្នកម្ចាស់ផងតែប៉ុណ្ណោះ ហើយឱ្យអធិប្បាយតាមលំនាំន័យមុនចុះ ។

៩២. សាហត្ថិកបញ្ចក ចាត់ជាអវហារយ៉ាងណាខ្លះ? សេចក្ដីអធិប្បាយដូចម្ដេច?

វិ. ចាត់ជាអវហារ ៥ ដូច្នេះ 

    ១. សាហត្ថិក អាការលួច ដោយផ្ទាល់ដៃខ្លួន

    ២. អាណត្តិក អាការលួច ដោយបង្គាប់គេ ឬប្រើគេ

    ៣. និស្សគ្គិយ អាការលួច ដោយបោះឬពួយ

    ៤. អត្ថសាធក អាការលួច ដោយញុំាងប្រយោជន៍ឱ្យសម្រេច

    ៥. ធុរនិក្ខេប អាការលួច ដោយការដាក់ធុរ ។

    អធិប្បាយថា ភិក្ខុលួចយកភណ្ឌរបស់បុគ្គលដទៃ ផ្ទាល់ដៃខ្លួនហៅថា សាហត្ថិក ។

    ភិក្ខុបង្គាប់បុគ្គលដទៃឱ្យលួចគេ ដោយកំណត់វត្ថុនឹងទីកន្លែងនឹងម្ចាស់របស់ ដោយពាក្យថា “អ្នកចូរលួចយកភណ្ឌឯណោះរបស់បុគ្គលនោះ ហៅថា អាណត្តិក ។

    ភិក្ខុស្ថិតនៅក្នុងឱកាសដែលលោកកំណត់ថា ជាខែត្ររបស់គយ ឬផាស៊ី ហើយទម្លាប់ឬបោះភណ្ឌដែលត្រូវជាប់ពន្ធឱ្យធ្លាក់ចុះផុតទៅខាងក្រៅខែត្រ ដើម្បីកុំឱ្យជាប់ពន្ធ ហៅថា និស្សគ្គិយ ។

    ភិក្ខុបង្គាប់បុគ្គលដទៃថា “កាលណាអ្នកអាចលួចយកភណ្ឌរបស់បុគ្គលឯណាបាន អ្នកចូរលួចយកភណ្ឌនោះក្នុងកាលនោះ បើបុគ្គលអ្នកទទួលយកភណ្ឌនោះក្នុងកាលនោះ បើបុគ្គលអ្នកទទួលបង្គាប់មិនមានអន្តរាយ មុខជាលួចភណ្ឌនោះបានមែន បើភណ្ឌនោះមានតម្លៃដល់ ១បាទ ភិក្ខុអ្នកបង្គាប់ត្រូវបារាជិកក្នុងខណដែលបង្គាប់ ពុំនោះភិក្ខុយកវត្ថុមានស្បែកជើងជាដើម ដែលអាចជក់ប្រេងបានដល់កម្រិតថ្លៃ១ បាទជាពិតប្រាកដ ដាក់ចុះទៅក្នុងភាជន៍ប្រេងរបស់បុគ្គលដទៃគ្រាន់តែផុតស្រឡះពីដៃទៅ ត្រូវបារាជិក អវហរារបែបនេះ ហៅថា អត្ថសាធក ។    ធុរនិក្ខេប អាការលួចកំណត់ដោយការដាក់ធុរនោះ គប្បីដឹងដោយអាការរំលោភយកសួនច្បារអ្នកដទៃ អាការប្រវញ្ចន៍យកភណ្ឌដែលគេផ្ញើទុក អាការមិនព្រមឱ្យភណ្ឌដែលខ្លួនខ្ចីគេនឹងភណ្ឌដែលខ្លួនត្រូវសងគេ ដែលហៅថាភណ្ឌទេយ្យនោះចុះ ។

៩៣. បុ. បុព្វប្បយោបញ្ចក ចាត់ជាអវហារដូចម្ដេចខ្លះ?ចូររាប់ហើយអធិប្បាយឱ្យសព្វគ្រប់?

វិ. ចាត់ជាអវហារ ៥ ដូច្នេះគឺ

    ១. បុព្វប្បយោគ ការលួចត្រូវអាបត្តិមុនប្រយោគលួច

២. សហប្បយោគ អាការលួច ត្រូវអាបត្តិតំណាលនឹងប្រយោគលួច

    ៣. សំវិធាវហារ អាការលួចដោយបបួលគ្នា

    ៤. សង្កេតកម្ម អាការលួចដោយធ្វើសង្កេត

    ៥. និមិត្តកម្ម អាការលួចដោយធ្វើនិមិត្ត ។

អធិប្បាយ បុព្វប្បយោគ ត្រូវដឹងតាមប្រយោគបង្គាប់ ។

សហប្បយោគ ត្រូវដឹងតាមប្រយោគលួច ដោយធ្វើភណ្ឌឱ្យឃ្លាតចាកទី នឹងរំកិលគោលយកដីរបស់បុគ្គលដទៃជាដើម ។

    សំវិធារហារ អាការបបួលគ្នាប្រឹក្សាគ្នាថា “យើងនឹងលួចភណ្ឌ

ឯណោះ “ ជាមុនហើយទើបទៅលួច ។ កាលបើភិក្ខុទាំងនោះបបួលគ្នាដើរទៅយ៉ាងនេះ សូម្បីតែភិក្ខុ ១ រូបលួចយកភណ្ឌនោះបាន ក៏ចាត់ជាអវហារទាំងអស់គ្នា ។ វណ្ណនានៃសិក្ខាបទនេះ លោកឈោងយកបញ្ហាកម្ម ដែលព្រះធម្មសង្គាហកត្ថេរទាំងឡាយ សំដែងទុកក្នុងបរិវារមកអាងទុកថា ចតុភាជនា សំវិធាយ គរុភណ្ឌំ អវហរុំ តយោ បារាជិកា 

ឯកោ ន បារាជិកោ បញ្ហាមេសា កុសលេហិ ចិន្តិតា

ជន ៤ រូបបបួលគ្នាទៅលួចគរុភណ្ឌ ៣ រូបត្រូវបារាជិក ១រូបមិនត្រូវបារាជិក បញ្ហាបែបនេះឱ្យអ្នកឈ្លាសវៃគិតចុះ ។

    សេចក្ដីក្នុងបញ្ហាកម្មនេះថា ជន ៤ រូបគឺ អាចារ្យ ១រូប អន្តេវាសិក ៣ រូបត្រូវជា៤រូប ត្រូវការចង់លួចគរុភណ្ឌឱ្យបាន ៦ មាសក អាចារ្យ បង្គាប់អន្តេវាសិកថា អ្នកនេះចូរយក១ មាសក អ្នកនេះចូរយក ១មាសក អ្នកនេះចូរយក ១ មាសក ខ្ញុំនឹងយក ១ មាសក អន្តេវាសិក ២ រូបទៀតក៏បង្គាប់បែបគ្នាដែរ ។ ដល់ទីបំផុតអន្តេវាសិកទាំង ៣ រូបលួចបានផ្ទាល់ដៃខ្លួន១មាសកម្នាក់ ត្រូវបារាជិក ៣ រូប ឯអាចារ្យលួចបាន៣មាសក ផ្ទាល់ដៃខ្លួន ត្រូវថុល្លច្ច័យ ដែលបង្គាប់គេឱ្យលួចបាន ៣ មាសក ត្រូវថុល្លច្ច័យដែរ ។ ន័យ១ ទៀតថា បើកុំឲ្យភ័ន្តច្រឡំក្នុងអវហារនេះត្រូវឱ្យកំណត់ចាំសេចក្ដី ១ ចតុក្កតទៅទៀតដូច្នេះ

    ១. ឯកភណ្ឌំ ឯកដ្ឋានំ ភណ្ឌ ១ មានឋាន ១

    ២. ឯកភណ្ឌំ នានាឋានំ ភណ្ឌ ១ មានឋានផ្សេងៗ

    ៣. នានាភណ្ឌំ ឯកដ្ឋានំ ភណ្ឌផ្សេងៗ មានឋាន ១

    ៤. នានាភណ្ឌំ នានាឋានំ ភណ្ឌផ្សេងៗ មានឋានផ្សេងៗ ។

    អធិប្បាយថា ទី១ ភិក្ខុច្រើនរូបឃើញមាសក ៥ របស់ត្រកូល១ ដែលគេទុកមិនល្អនៅរានផ្សារ ១ ហើយបង្គាប់ភិក្ខុ១ រូបឲ្យទៅលួចយក គ្រាន់តែភិក្ខុនោះលើកឡើង ត្រូវបារាជិកទាំងអស់គ្នា ។

    ទី២ ភិក្ខុច្រើនរូបឃើញមាសកមួយៗ ដែលគេទុកនៅរានផ្សារ៥មាសក គ្រាន់តែភិក្ខុនោះលើកឡើងនូវមាសកទី៥ ត្រូវបារាជិកទាំងអស់គ្នា ។

    ទី៣ ភិក្ខុច្រើនរូប ប្រើឲ្យលួចមាសក ៥ របស់ត្រកូលច្រើនដែលគេទុកនៅរួមគ្នានៅកន្លែងតែ ១ គ្រាន់តែលើកឡើងត្រូវបារាជិកទាំងអស់គ្នា ។

    ទី៤ ភិក្ខុច្រើនរូបប្រើឱ្យលួចមាសកមួយៗ របស់ត្រកូល៥ដែលគេទុកនៅរានផ្សាររបស់គេរៀងខ្លួន គ្រាន់តែលើកឡើងនូវមាសកទី៥ ត្រូវបារាជិកទាំងអស់គ្នា ។

    ការធ្វើសេចក្ដីកំណត់បញ្ជាក់ហៅថា សង្កេតកម្ម គឺធ្វើអាការលួចដោយធ្វើសេចក្ដីកំណត់បញ្ជាក់ជាមុន សេចក្ដីថា ភិក្ខុបង្គាប់បុគ្គលដទៃថា “អ្នកចូរលួចភណ្ឌឈ្មោះនេះក្នុងកាលឯណោះ” កំណត់កាលណាមួយ មានកាលមុនភត្តជាដើម បើអ្នកទទួលបង្គាប់មុខជាទៅលួចភណ្ឌនោះបាន មិនមុនមិនក្រោយអំពីកាលកំណត់នោះ ភិក្ខុអ្នកកំណត់បង្គាប់ត្រូវអវហារក្នុងបុព្វប្បយោគបញ្ចក មានឈ្មោះក្នុងអវហារដូចបានអធិប្បាយមកនេះ ។

៩៤. បុ. ថេយ្យាវហារបញ្ចកនោះចាត់ជាអវហារដូចម្ដេចខ្លះ? ចូររាប់ហើយអធិប្បាយផង?

វិ. ចាត់ជាអវហារ ៥ យ៉ាងដូច្នេះគឺ

    ១. ថេយ្យាវហារ អាការលួចដោយលបលាក់

    ២. បសយ្ហាវហារ អាការលួចដោយកំហែងសង្កត់សង្កិន

    ៣. បរិកប្បាវហារ អាការលួចដោយកំណត់ទុកជាមុន

    ៤. បដិច្ឆន្នាវហារ អាការលួចបិទបាំងទុកជាមុន

    ៥. កុសាវហារ អាការលួដោយប្ដូរស្លាក ។

    អធិប្បាយថា ភិក្ខុណាលបលាក់បំបាំងខ្លួនធ្វើអំពើអាក្រក់មានលួចកាត់ជញ្ជាំងជាដើម ឮបោកប្រាសដោយខ្នាតរង្វាស់រង្វល់ ឬជញ្ជីងកោងមិនត្រឹមត្រូវ នឹងកហាបណរបស់ភិក្ខុយ៉ាងនេះ ហៅថា ថេយ្យា

វហារ ។  ភិក្ខុណាកាន់យកភណ្ឌរបស់បុគ្គលដទៃ ដោយការកំហែងដណ្ដើមដោយកម្លាំងកាយដូចជាចោរប្លន់ជាដើម ពុំនោះកាន់យកលើសអំពីពលីរង្វាន់ដែលត្រូវបានខ្លួន ដោយការកំហែងការកាន់យកដោយអាការរបស់ភិក្ខុយ៉ាងនេះហៅថា បសយ្ហាវហារ ។

        បរិប្បការកំណត់នោះចែកជា ២ យ៉ាងគឺ

    ១. ភណ្ឌបរិកប្ប ការកំណត់ភណ្ឌ

    ២. ឧកាសបរិកប្ប ការកំណត់ឧកាស ។

    អធិប្បាយថា ភិក្ខុត្រូវការសាដក ចូលទៅក្នុងបន្ទប់បុគ្គលដទៃដោយកំណត់ក្នុងចិត្តថា បើមានសាដកអញនឹងយក បើជាវត្ថុដទៃក្រៅអំពីសាដកអញនឹងមិនយកទេ ហើយកាន់យកការុងចូលទៅក្នុងទីងងឹត បើការុងនោះមានសាដកត្រូវបារាជិកក្នុងពេលដែលលើកការុងនោះ បើជាវត្ថុដទៃទេនៅមិនទាន់ជាអ្វី លុះដល់នាំចេញទៅ ស្រាយការុងមើល ដឹងថាវត្ថុដទៃ មិនមែនជាសាដក ហើយត្រឡប់យកទៅទុកវិញក៏នៅមិនទាន់ជាអ្វីដែរ លុះណាតែដឹងថាជាវត្ថុដទៃ ផ្សេងអំពីសាដកហើយ ក៏ប្ដេជ្ញាខ្លួនថា “បើបានរបស់ណា អញនឹងយករបស់នោះ “ ហើយចៀសចេញទៅ ភិក្ខុនោះច្បាប់តម្រូវឱ្យនិយាយធរកាត់អាបត្តិតាមវារនៃជំហាន ។ បើដាក់ការុងនោះដល់ទៅលើផែនដីហើយ ដល់គិតឃើញដូច្នោះត្រឡប់កាន់យកមកវិញ ត្រូវបារាជិកក្នុងកាលដែលលើកឡើង បើមិនទាន់លើកឡើងទេ ហើយមានគរស្រែកថា “ចោរ” ដេញតាមមកក៏រត់ចោលការុងនោះទៅ នេះនៅរក្សាបាន ដល់អ្នកម្ចាស់មកឃើញរើសកាន់យកវិញក៏នៅរក្សាបានដដែល បើបុគ្គលដទៃមិនមែនម្ចាស់របស់កាន់យកទៅ ត្រូវភណ្ឌទេយ្យ កាលបើម្ចាស់របស់ត្រឡប់ទៅវិញហើយដល់កាលជាខាងក្រោយ ភិក្ខុនោះមកឃើញខ្លួនឯងក៏កាន់យកដោយបង្សុកូលសញ្ញាថា “របស់នេះហើយដែលអញយកឥឡូវត្រូវបានជារបស់អញវិញ” យ៉ាងនេះក៏ត្រូវភណ្ឌទេយ្យដែរ 

អាការដែលកំណត់ទុកក្នុងចិត្តចំពោះភណ្ឌយ៉ាងនេះហៅថា 

ភណ្ឌបរិកប្ប ។

៩៥. បុ. ភណ្ឌទេយ្យ បានសេចក្ដីដូចម្ដេច?

វិ. បានសេចក្ដីថា ត្រូវសងដល់ម្ចាស់របស់គេវិញ បើភិក្ខុមិនព្រមសងទេ ម្ចាស់គេដាច់អាល័យត្រូវបារាជិក កំណត់របស់ពី ៥ មាសកឡើងទៅ ។

    ភិក្ខុណាមួយចូលទៅកាន់កុដិជាដើមរបស់បុគ្គលដទៃ បានឃើញទ្រព្យណាមួយដែលគួរចង់បាន ក៏កត់ចំណាំចាំទីដែលទុកនូវទ្រព្យនោះមានទ្វារកុដិ មុខបន្ទប់ ឬទីក្រោមប្រាសាទ ឬទ្វារនឹងខ្លោងទ្វារជាដើម ហើយកំណត់ក្នុងចិត្តថា “បើគេឃើញអញឬទាន់អញក្នុងពេលនេះ អញនឹងធ្វើកល់ដូចជាកាន់ ចង់មើលហើយឱ្យទៅគេវិញ បើគេមិនឃើញអញទេ អញនឹងយក ពេលដែលកាន់យកទ្រព្យកន្លងផុតព្រំដែន នៃទីដែលខ្លួនកំណត់ភិក្ខុនោះត្រូវអវហារ ។

    ការលាក់បំបាំងហើយយក ហៅថា បដិច្ឆន្នាវហារ ។

បដិច្ឆន្នាវហារនោះ គឺភិក្ខុណាឃើញភណ្ឌរបស់បុគ្គលដទៃមានចិញ្ចៀនជាដើម ដោះទុកនៅទីណាមួយមានបន្ទប់ទឹកជាដើម គិតថាអញនឹងកាន់យកក្នុងកាលជាខាងក្រោយ ហើយលាក់បំបាត់ទុក ដោយកប់ក្នុងអាចម៍ក្ដី សម្រាមស្លឹកឈើក្ដី បើគ្រាន់តែកំណត់ក្នុងចិត្តដូច្នេះ មិនទាន់រើសយកទេ ក៏មិនទាន់ចាត់ជាអវហារដែរ លុះតែអ្នកម្ចាស់របស់ទៅរកមិនឃើញកាលណា នៅអាល័យថា “អញនឹងដឹងដល់ទៅថ្ងៃស្អែក” ហើយចៀសចេញទៅ ។ ដល់កាលជាខាងក្រោយមក បើភិក្ខុនោះទៅរើសយកភណ្ឌនោះមក ទើបចាត់ជាអវហារ បើភិក្ខុនោះទៅរើសយកភណ្ឌនោះមក ទើបចាត់ជាអវហារ បើភិក្ខុកាន់យកដោយសម្គាល់ថាជារបស់ខ្លួន ព្រោះក្នុងកាលដែលខ្លួនលាក់បំបាំងទុកនោះ សម្គាល់ថា “ភណ្ឌនេះជារបស់អញ” ឬកាន់យកដោយបង្សុកូលសញ្ញាថា “ឥឡូវនេះ ជនជាម្ចាស់ទៅបាត់ហើយ ភណ្ឌនេះគេចោលហើយ យ៉ាងនេះត្រូវភណ្ឌទេយ្យ ។ ដល់ថ្ងៃទី ២ បើជនជាម្ចាស់ មកទៀតជ្រាវរកមិនឃើញ ក៏ដាក់ធុរថា លែងរកហើយទៅ ភណ្ឌដែលភិក្ខុកាន់យកមកនោះ ក៏នៅជាភណ្ឌទេយ្យដដែល ។ ដល់ពេលមកជាខាងក្រោយបើម្ចាស់គេដឹង ទៅតឹងទារ ភិក្ខុមិនព្រមឱ្យដល់ម្ចាស់ដាក់ធុរដាច់អាល័យត្រូវអវហារព្រោះដោយសារតែប្រយោគរបស់ភិក្ខុនោះ ទើបបានជនជាម្ចាស់របស់គេរកភណ្ឌនោះមិនឃើញ ។ ឬភិក្ខុមានថេយ្យចិត្តយកជើងជាន់ពន្លិចភណ្ឌ ឱ្យលិចចុះទៅក្នុងភក់ក្ដី ដីខ្សាច់ក្ដី តែកន្លែងដដែល អាការរបស់នោះត្រូវចាត់ជាអវហារ ក្នុងកាលដែលជាន់ពន្លិចភណ្ឌនោះតែម្ដង អាការលួចបែបនេះហៅថាបដិច្ឆន្នាវហារ ។

    អាការរំកិលស្លាកឬប្ដូរស្លាក ហើយលួចយកហៅថា កុសាវហារ ។

    ភិក្ខុណា កាលបើសង្ឃដាក់ស្លាកបែបណា១ ដែលគេធ្វើជាគ្រឿងចំណាំ ទោះគេធ្វើដោយវត្ថុអ្វី មានឫស្សីឬស្លឹកត្នោតជាដើមក្ដី ដើម្បីនឹងចែកចីវរ ខ្លួនប្រាថ្នាចង់បានចំណែករបស់ភិក្ខុដទៃ ដែលស្ថិតនៅជិតចំណែករបស់ខ្លួន ទោះមានតម្លៃតិចជាងច្រើនជាង ឬស្មើគ្នាក្ដី ហើយលើកយកស្លាកដែលគេទម្លាក់លើចំណែករបស់ខ្លួន ប្រុងនឹងទម្លាក់ចុះទៅលើចំណែករបស់ភិក្ខុដទៃប៉ុណ្ណេះនៅរក្សាបាន ដល់ទម្លាក់ចុះទៅលើចំណែករបស់ភិក្ខុដទៃហើយស្រង់ស្លាករបស់ភិក្ខុដទៃអំពីចំណែករបស់គេឱ្យហើយោឡើង ទើបចាត់បានថាជាអវហារ ។

បើភិក្ខុលើកស្លាកអំពីចំណែកភិក្ខុដទៃមុនប្រុងនឹងទម្លាប់ចុះទៅលើចំណែករបស់ខ្លួន ត្រង់ខណដែលលើកឡើង រក្សាបាន ខណដែលទម្លាក់ទៅលើចំណែករបស់ខ្លួន ក៏នៅរក្សាបាន ភិក្ខុស្រង់ស្លាករបស់ខ្លួន

អំពីចំណែករបស់ខ្លួន ប្រុងនឹងទម្លាក់ទៅលើចំណែកភិក្ខុដទៃ ក្នុងខណដែលស្រង់ឡើងក៏នៅរក្សាបានដែរត្រាតែស្រង់ស្លាករបស់ខ្លួននោះមក ហើយទម្លាក់ចុះទៅលើចំណែកភិក្ខុដទៃវិញ គ្រាន់តែទម្លាក់ចុះផុតអំពីដៃទៅលោកចាត់ថាជាអវហារ ក្នុងពេលនោះ អវហារបែបនេះហៅថាកុសាវហារ ។

            ចប់អវហារ ២៥ តែប៉ុណ្ណេះ

៩៦. បុ. វិនយធរអ្នកវិនិច្ឆ័យទោសក្នុងអវហារ ២៥ ប្រកបដោយហេតុប៉ុន្មាន?

វិ. ប្រកបដោយហេតុ ៥ យ៉ាង ។

៩៧. ៥ យ៉ាងគឺអ្វីខ្លះ? ចូរារាប់ហើយអធិប្បាយ?

វិ. វត្ថុ១ កាល១ បទេស១ អគ្ឃ១ បរិភោគ១ ។

អធិប្បាយ ភណ្ឌ ហៅថាវត្ថុ ។ សេចក្ដីថា បើភិក្ខុលួចហើយឆ្លើយថាខ្លួនលួចមែនលោកហាមថាកុំអាលកាត់អាបត្តិត្រូវពិនិត្យមើល តើភណ្ឌនោះមានម្ចាស់ឬមិនមាន បើឃើញថាមាន តើម្ចាស់នៅមានអាល័យ ឬមិនមាន ក្នុងកាលដែលភិក្ខុ ក្នុងកាលដែលភិក្ខុលួចនោះ បើឃើញថាមានម្ចាស់ ឬ មិនមានក្នុងកាលដែលភិក្ខុលួច ជនជាម្ចាស់នៅមានអាល័យភណ្ឌនោះ ឬមិនមាន ត្រូវឲ្យវិនិច្ឆ័យតាមហេតុនោះ ។

    កាលដែលភិក្ខុលួចហៅថា កាល ។ សេចក្ដីថា ភណ្ឌនោះជួនកាលនៅនឹងថ្លៃដូចដើម ជួនកាលចុះថ្លៃ ជួនកាលឡើងថ្លៃច្រើន បើកាលដែលភិក្ខុលួចនោះ នៅក្នុងរយកាលណាត្រូវឱ្យកាត់អាបត្តិតាមតម្លៃក្នុងរយកាលនោះ ។

    ប្រទេសដែលភិក្ខុលួចហៅថា បទេស ។ សេចក្ដីថា ភិក្ខុលួចភណ្ឌនោះក្នុងប្រទេសណា ត្រូវឱ្យកាត់អាបត្តិតាមតម្លៃក្នុងប្រទេសនោះ ព្រោះធម្មតា ក្នុងប្រទេសណាដែលជាដើមកំណើតនៃភណ្ឌនោះ ក្នុងប្រទេសនោះរមែងនៅនឹងថ្លៃ ឯក្នុងប្រទេសឯទៀតរមែងឡើងថ្លៃច្រើន ត្រូវឱ្យវិនិច្ឆ័យអាបត្តិតាមតម្លៃក្នុងប្រទេសដែលភិក្ខុលួចនោះ ។

    តម្លៃរបស់ភណ្ឌ ហៅថា អគ្ឃ ។ កាលភណ្ឌនៅថ្មីមានតម្លៃប៉ុន្មាន ដល់ខាងក្រោយមកតម្លៃនោះរមែងតែថយចុះ ព្រោះហេតុនោះវិនយធរត្រូវវិនិច្ឆ័យលៃទៅតាមតម្លៃនោះ មិនត្រូវឱ្យវិនិច្ឆ័យតែតាមតម្លៃដដែលសព្វកាលឡើយ ។

    កាលដែលប្រើប្រាស់ភណ្ឌហៅថា បរិភោគ ។ ភណ្ឌសម្រាប់ប្រើប្រាស់ផ្សេងៗរមែងចុះថ្លៃដោយការប្រើប្រាស់ ព្រោះហេតុនោះត្រូវឱ្យវិនយធរប្រៀបធៀបកាត់អាបត្តិ ទៅតាមការប្រើប្រាស់នោះចុះ ។

    ក្នុងសិក្ខាបទនេះកាន់យកដោយសម្គាល់ថាជារបស់ខ្លួន កាន់យកស្និទ្ធស្នាល កាន់យកដោយខ្ចី កាន់យកវត្ថុដែលប្រេតហួងហែង ដែលសត្វតិរច្ឆានហួងហែង កាន់យកសម្គាល់ថាជាអនាបត្តិ ។

៩៨. បុ. ចុះអទិន្នាទានសិក្ខាបទមានអង្គប៉ុន្មាន?

វិ. មានអង្គ ៥ ដូច្នេះគឺ

    ១. អញ្ញស្ស មនុស្សជាតិកស្ស វសេន បរបរិគ្គហិតំ វត្ថុដែលបុគ្គលដទៃមានជាតិមនុស្សហួងហែងរក្សា ។

    ២. បរបរិគ្គហិតសញ្ញិតា សេចក្ដីសម្គាល់ថាវត្ថុដែលមានបុគ្គលដទៃមានជាតិមនុស្សហួងហែងរក្សា ។

    ៣. គរុបរិក្ខារោ បរិក្ខារមានទម្ងន់ គឺវត្ថុមានតម្លៃដល់កម្រិតៗ បាទ ឬ គួរដល់ថ្លៃ១បាទ ឬច្រើនលើសទៅ ។

    ៤. ថេយ្យចិត្តំ ចិត្តចង់លួច

    ៥. អវហរណំ លួចដោយអរហារ ២៥ ណាមួយ ។​

៩៩. បុ. អទិន្នាទាននេះ ព្រះអង្គទ្រង់បញ្ញត្តនឹងបុគ្គលណា?

 ក្នុងទីណា?

វិ. ទ្រង់បញ្ញត្តនឹងធនិយត្ថេរ ជាកុម្ភការបុត្រក្នុងវេឡុវនក្រុងរាជគ្រឹះ ។

សិក្ខាបទនេះឈ្មោះអទិន្នាទានសមុដ្ឋាន អាបត្តិកើតដោយសចិត្តកសមុដ្ឋាន ៣ ខាងចុង ជាកិរិយា ត្រូវអាបត្តិដោយកិរិយាធ្វើ ជាសញ្ញាវិមោក្ខ រួចចាកអាបត្តិដោយមិនមានសេចក្ដីសម្គាល់ប្រុងប្រព្រឹត្តកន្លង ជាសចិត្តកប្រកបដោយចិត្តក្លែង ជាលោកវជ្ជ មានទោសតាមផ្លូវលោក ជាកាយកម្ម វចីកម្ម ប្រព្រឹត្តទៅក្នុងកាយទ្វារក៏មាន ក្នុងវចីទ្វារក៏មាន មានចិត្តជាអកុសល មានវេទនា៣ ។

                ចប់អទិន្នាទានសិក្ខាបទទី២

មនុស្សវិគ្គហសិក្ខាបទទី៣

១០០. បុ. ភិក្ខុក្លែងសម្លាប់មនុស្សដូចម្ដេច ត្រូវបារាជិក? សម្លាប់ដូចម្ដេចត្រូវថុល្លច្ច័យ ? សម្លាប់ដូចម្ដេចត្រូវទុក្កដ?

វិ. មនុស្សបែបណាក៏ដោយ ឱ្យតែជាតិជាមនុស្សរាប់តាំងអំពីមនុស្សដែលមានវិញ្ញាណជាបឋមមកចាប់បដិសន្ធិ ក្នុងផ្ទៃនៃមាតា កកើតជាកលលះរួចឡើងទៅ ភិក្ខុធ្វើឱ្យដាច់ចាកជីវិតដោយដាក់ថ្នាំរំលូតក្ដី ឬច្របាច់រំលូតក្ដី ឬក៏កម្កល់ទុកគ្រឿងសាស្ដ្រាវុធផ្សេងៗ ទុកដើម្បីនឹងប្រហារមនុស្សកាចជាដើមក្ដីឬពណ៌នាលួងលោម ចង់ឱ្យមនុស្សជរាពិការស្លាប់ ហើយក៏មនុស្សនោះស្លាប់សេចក្ដីបាន ក៏សុខចិត្តស្លាប់តាមពាក្យពណ៌នានោះត្រូវបារាជិក សម្លាប់អមនុស្សគីយក្សនឹងប្រេត ត្រូវ

ថុល្លច្ច័យ កាន់គ្រឿងសាស្ដ្រាវុធ ត្រូវអាបត្តិទុក្កដ ។

១០១.​ បុ. វិធីដែលនឹងសម្លាប់នោះ ចែកជាប្រយោគមានប៉ុន្មាន? 

ចូររាប់ហើយអធិប្បាយផង!

វិ. ប្រយោគដែលនឹងសម្លាប់នោះមាន ៦ គឺ

    ១. សាហត្តិក ប្រយោគផ្ទាល់ដៃខ្លួន

    ២. និស្សគ្គិយ ប្រយោគពួយ

    ៣. អាណត្តិក ប្រយោគប្រើគេ

    ៤. ថាវរ ប្រយោគប្រចាំការ

    ៥. វិជ្ជាមយ ប្រយោគសម្រេចដោយវិជ្ជា

    ៦. ឥទ្ធិមយ ប្រយោគសម្រេចដោយឫទ្ធិ ។

អធិប្បាយ ការប្រហារដោយកាយ ឬប្រហារដោយវត្ថុដែលជាប់ដោយកាយ របស់បុគ្គលដែលសម្លាប់គេផ្ទាល់ដៃខ្លួន ហៅថាសាហត្តិក ។

ការបាញ់ឬពួយ លំពែង យន្ដ ថ្មជាដើមដោយកាយ ឬដោយវត្ថុ ដែលជាប់ដោយកាយ របស់បុគ្គលដែលត្រូវការសម្លាប់បុគ្គលដែលស្ថិតនៅក្នុងទីឆ្ងាយ ហៅថា និស្សគ្គិយ ។ 

    ប្រយោគពីរនេះ ប្រយោគមួយៗ ចែកចេញទៅជាពីរៗ តាមប្រភេទនៃប្រយោគដែលបុគ្គលសំដៅនឹងមិនសំដៅ ។

    ក្នុងប្រយោគសំដៅ ភិក្ខុព្យាយាមសម្លាប់សំដៅបុគ្គលណាគ្រាន់តែបុគ្គលនោះស្លាប់ ទើបត្រូវអាបត្តិ ។ ក្នុងប្រយោគមិនសំដៅតាមតែនរណាមួយស្លាប់ក៏ដោយ ឱ្យតែមានបុគ្គលណាមួយស្លាប់ ដោយការប្រហារជាបច្ច័យ ភិក្ខុនោះក៏ត្រូវអាបត្តិ ។ ក្នុងប្រយោគទាំង២នេះទោះអ្នកដែលត្រូវភិក្ខុសម្លាប់ស្លាប់ ក្នុងខណដែលប្រហារនោះតែម្ដងក្ដីខាងក្រោយមកទើបស្លាប់ដោយការប្រហារនោះក្ដី ចំណែកភិក្ខុអ្នកសម្លាប់ ត្រូវអាបត្តិ ដូចគ្នានឹងក្នុងខណដែលប្រហារ ។

    ការបង្គាប់របស់ភិក្ខុ ដែលបង្គាប់បុគ្គលដទៃថា “អ្នកចូរសម្លាប់បុគ្គលឈ្មោះឯនោះ” ហៅថា អាណត្តិក មានអាណត្តិនិយាមក លក្ខណ កំណត់ការបង្គាប់ ៦ យ៉ាងគឺ

    ១. វត្ថុ បុគ្គលដែលភិក្ខុតម្រូវឱ្យគេសម្លាប់

    ២. កាល ពេលកំណត់ដែលភិក្ខុតម្រូវឱ្យគេសម្លាប់

    ៣. ឱកាស ឱកាសគឺទីកន្លែងដែលភិក្ខុតម្រូវឱ្យគេសម្លាប់

    ៤. អាវុធ អាវុធដែលភិក្ខុតម្រូវឱ្យគេសម្លាប់មានដាវជាដើម

    ៥. ឥរិយាបថ ឥរិយាបថដែលភិក្ខុតម្រូវឱ្យគេសម្លាប់

    ៦. កិរិយាវិសេស អំពើប្លែកៗ នៃវិធីសម្លាប់ មានបាញ់ចាក់ កាប់ជាដើម ដែលភិក្ខុតម្រូវឱ្យគេធ្វើ ។

    អធិប្បាយទី១ បុគ្គលដែលភិក្ខុតម្រូវឱ្យគេសម្លាប់ហៅថាវត្ថុ ។ ភិក្ខុបង្គាប់បុគ្គលដទៃឱ្យសម្លាប់បុគ្គលណា បើបុគ្គលទទួលបង្គាប់ទៅសម្លាប់បុគ្គលនោះបានមែន ទើបភិក្ខុអ្នកបង្គាប់ត្រូវអាបត្តិ បើមិនដូច្នោះ បុគ្គលអ្នកទទួលបង្គាប់ បែរជាទៅសម្លាប់បុគ្គលដទៃដោយចិត្តឯង ទៅសម្លាប់បុគ្គលដទៃ ដោយស្មានថាបុគ្គលនោះ ភិក្ខុអ្នកបង្គាប់រួចខ្លួន តែមិនមែនរួចស្រឡះសោះទេ គឺត្រូវអាបត្តិទុក្កដៗ ត្រង់ដែលប្រើឱ្យគេសម្លាប់ ។

    ២. វេលាដែលភិក្ខុតម្រូវបង្គាប់គេឱ្យទៅសម្លាប់ ដោយកំណត់កាល មានកាលមុនភត្តជាដើម ហៅថាកាល ។ បើភិក្ខុបង្គាប់ថាសម្លាប់ក្នុងកាលមុនភត្ត ហើយបុគ្គលអ្នកទទួលបង្គាប់ ទៅសម្លាប់បានក្នុងកាលមុនភត្តមែនទើបភិក្ខុអ្នកបង្គាប់ត្រូវអាបត្តិ ។ បើមិនដូច្នោះភិក្ខុកំណត់ថាឱ្យសម្លាប់ក្នុងកាលណាមួយ បើបុគ្គលអ្នកទទួលបង្គាប់ទៅសម្លាប់មុនក្ដី ក្រោយក្ដីអំពីកាលកំណត់នោះ ភិក្ខុអ្នកបង្គាប់រួចខ្លួន ។     សេចក្ដីវិនិច្ឆ័យក្នុងលក្ខណ ទី៣ ទី៤ ទី៥ និងទី៦ ក៏មានទំនងប្រហែលៗ គ្នាដែរ អ្នកសិក្សាគប្បីជ្រាបតាមន័យដែលវិនិច្ឆ័យមកហើយនុះចុះ ។

    ឧបាយសម្លាប់ផ្សេងៗ របស់ភិក្ខុដែលត្រូវការចង់សម្លាប់បុគ្គលដទៃដោយមរណូបករណ៍ជាអសង្ហារិម មានការជិកខ្នាចចាត់ចែងទីបង្អែកបង្កប់សាស្ដ្រាវុធមានដាវជាដើម បង់ថ្នាំពិសក្នុងស្រះជីកជាដើម ឬ លងបន្លាចដោយរូបបូបហារជាដើម ហៅថា ថាវរ ។ ក្នុងថាវរប្បយោគនេះក៏មានចែកចេញទៅតាមប្រភេទដែលបុគ្គលត្រូវសម្លាប់ ដែលភិក្ខុសំដៅនឹងមិនសំដៅនោះដែរ អ្នកសិក្សាគប្បីជ្រាបតាមន័យមុនសំដៅនោះដែរ អ្នកសិក្សាគប្បីជ្រាបតាមន័យមុននុះចុះ ។

    ការជបមន្ដវិជ្ជាដើម្បីធ្វើបុគ្គលដទៃឱ្យស្លាប់ហៅថាវិជ្ជាមយ ។ 

ការប្រកបឫទ្ធិដែលកើតអំពីកម្មវិបាក ហៅថា ឥទ្ធិមយ ។

១០២. បុ. ភិក្ខុបង្គាប់ឱ្យគេសម្លាប់មនុស្សប្រុស អ្នកទទួលបង្គាប់ស្ដាប់មិនបាន ត្រឡប់ទៅសម្លាប់មនុស្សស្រី ពានទៅលើមាតារបស់ភិក្ខុអ្នកប្រើនោះស្លាប់ទៅ តើភិក្ខុអ្នកប្រើត្រូវបារាជិកឬទេ?

វិ. បើតាមប្រយោគនេះ មិនត្រូវបារាជិកភិក្ខុអ្នកប្រើទេ ព្រោះខុស

សង្កេត តែបើតាមច្បាប់អនន្តរិយកម្ម ភិក្ខុអ្នកប្រើត្រូវអនន្តរិយកម្ម ព្រោះអនន្តរិយកម្មទុកណាជាខុសសង្កេតក៏ដោយឱ្យតែមានបំណងនឹងសម្លាប់ ហើយពានទៅលើមាតា ឬបិតា សុទ្ធតែត្រូវអនន្តរិយកម្មពេញ

ទី ។

១០៣. បុ. បើមិនត្រូវបារាជិកទេ ត្រូវអនន្តរិយកម្ម តើនឹងតាំងនៅជាភិក្ខុភាវតទៅទៀតបានឬទេ?

វិ. តាំងនៅជាភិក្ខុភាវមិនបានទេ ពិតមែនតែមិនត្រូវបារាជិក ប៉ុន្ដែទោសអនន្តរិយកម្មធ្ងន់ជាងបារាជិកទៅតទៀត ។

១០៤. បុ. ដែលចាត់ជាអនាបត្តិនោះដូចម្ដេច?

វិ. ចាត់ដូច្នេះ ការប្រព្រឹត្តបទល្មើសរបស់ភិក្ខុដែលមិនបានក្លែងសម្លាប់ ភិក្ខុដែលមិនដឹង ភិក្ខុដែលមិនមានប្រាថ្នានឹងសម្លាប់ នឹងភិក្ខុឆ្កួតជាដើមចាត់ជាអនាបត្តិ ។

១០៥. បុ. មនុស្សវិគ្គហសិក្ខាបទនេះមានអង្គប៉ុន្មាន? ចូររាប់?

វិ. មានអង្គ ៥ ដូច្នេះគឺ 

    ១. មនុស្សជាតិប្បាណោ សត្វមានជីវិតជាមនុស្សជាតិ

    ២. បាណសញ្ញិតា សេចក្ដីសម្គាល់ថាសត្វមានជីវិត

    ៣. វធកចិត្តំ ចិត្តប្រុងនឹងសម្លាប់

    ៤. ឧបក្កមោ ព្យាយាមក្នុងការសម្លាប់

    ៥. តេនមរណំ ស្លាប់ដោយការព្យាយាមនោះ ។

    សិក្ខាបទនេះឈ្មោះអទិន្នាទានសមុដ្ឋាន អាបត្តិកើតដោយសចិត្តកសមុដ្ឋាន ៣ ខាងចុង ជាកិរិយាត្រូវអាបត្តិដោយកិរិយាធ្វើ ជាសញ្ញាវិមោក្ខ រួចចាកអាបត្តិដោយមិនមានសញ្ញាក្នុងការប្រព្រឹត្ត ជាសចិត្តក ប្រកបដោយចិត្តក្លែង ជាលោកវជ្ជមានទោសតាមផ្លូវលោក ជាកាយកម្ម វចីកម្ម ប្រព្រឹត្តទៅក្នុងកាយទ្វារផង វចីទ្វារផង មានចិត្តជាអកុសលមានវេទនាជាទុក្ខ ។

១០៦. បុ. សិក្ខបទនេះ ព្រះអង្គទ្រង់គង់ក្នុងទីណា? ប្រារព្ធចំពោះបុគ្គលណា ?

វិ. សិក្ខាបទនេះ កាលព្រះអង្គគង់ក្នុងកូដាគារសាលាទៀបព្រៃមហាវន ជិតនគរវេសាលីទ្រង់បញ្ញត្តប្រារព្ធនឹងភិក្ខុច្រើនរូប ដែលពិចារណាអសុភកម្មដ្ឋានមានសេចក្ដីនឿយណាយនឹងរាងកាយខ្លួនឯង ក៏ផ្ដាច់ជីវិតគ្នាទៅវិញទៅមកខ្លះ ចូរទៅរកសមណកុត្តកឈ្មោះមិគលណ្ឌិតក ដែលជាអ្នកធ្វើការបម្រើសមណឱ្យសម្លាប់ខ្លួនឯងខ្លះ ។

១០៧. ភិក្ខុសម្លាប់ខ្លួនឯង ត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិទុក្កដ ។

១០៨. បុ. ហេតុអ្វីបានជាត្រូវទុក្កដ?

វិ. បានជាត្រូវទុក្កដ ព្រោះត្រូវមុនតាំងពីចាប់គ្រឿងអាវុធម៉្លេះ 

ដល់ស្លាប់ទៅមិនមានអ្នកណាទទួលអាបត្តិបារាជិក បានជាថា

ត្រូវតែអាបត្តិទុក្កដ ។

                    ចប់មនុស្សវិគ្គហសិក្ខាបទទី៣

ឧត្តរិមនុស្សធម្មសិក្ខាបទទី៤

១០៩.បុ. ភិក្ខុពោលអួតឧត្តរិមនុស្សធម្មដូចម្ដេចត្រូវបារាជិក? ដូចម្ដេចត្រូវថុល្លច្ច័យ? ដូចម្ដេចត្រូវទុក្កដ?

វិ. ពោលអួតគុណវិសេសដែលមិនមានក្នុងខ្លួន ដែលខ្លួនមិនបានត្រាស់ដឹងពិត ហើយប្រាថ្នាចង់បានលាភ ចង់បានសេចក្ដីសរសើរហើយពោលអួតថាយើងដឹង យើងឃើញនូវឧត្តរិមនុស្សធម្ម ដោយកាយក្ដី ដោយវាចាក្ដី ដល់មនុស្សជាតិលុះស្ដាប់សេចក្ដីបានហើយគេជឿ ភិក្ខុនោះត្រូវបារាជិក ដែលត្រូវថុល្លច្ច័យនោះដូច្នេះគឺភិក្ខុដែលឱ្យគេសរសើរខ្លួនឯងតែពោលអាងអ្នកដទៃថា​ “អាត្មាឮគេថាលោកនៅវិហារឯនោះ ឬកុដិឯនោះ លោកនោះបានឈានមានបឋមជ្ឈានជាដើម” បើអ្នកស្ដាប់ដឹងសេចក្ដីថា “ប្រហែលលោកគ្រូនឹងទេដឹង” ភិក្ខុនោះត្រូវ

ថុល្លច្ច័យ បើអ្ន​កស្ដាប់មិនដឹងសេចក្ដី ស្ដាប់មិនបានត្រូវទុក្កដ ។

១១០. បុ. មនុស្សដ៏ក្រៃលែងនោះដូចម្ដេច? ធម៌នោះដូចម្ដេច?

វិ. មនុស្សដ៏ក្រៃលែងនោះសំដៅយកព្រះអរិយបុគ្គល ជាមនុស្សជាន់ខ្ពស់ ជាងមនុស្សសាមញ្ញ ធម៌នោះ គឺធម៌សម្រាប់មនុស្សជាន់ខ្ពស់មាន ១០ យ៉ាង គឺឈាន១, វិមោក្ខ១, សមាធិ១, សមាបត្តិ១, ញាណទស្សន១, មគ្គភាវនា១, ផលសច្ឆិកិរិយា១, កិលេសប្បហាន១, ចិត្តស្សវិនីវរណតា១, សុញ្ញាគារេអភិរតិ១, រួមត្រូវជា១០, ទាំង១០ នេះឈ្មោះថា

ឧត្តរិមនុស្សធម្ម ។ ម៉្យាងទៀតបានដល់មហគ្គតធម៌ នឹងលោកកុត្តរធម៌ ធម៌ទាំងនេះមិនបានអធិប្បាយទេ គ្រាន់តែរាប់ជាគោលប៉ុណ្ណេះ ។

១១១. បុ. ឧត្តរិមនុស្សធម្ម មានអង្គប៉ុន្មាន? ចូរារប់?

វិ. មានអង្គ ៥ គឺ

    ១. ឧត្តរិមនុស្សធម្មស្ស អត្តនិ អសន្តតា ភាពនៃឧត្តរិមនុស្សធម្មមិនមានកក្នុងខ្លួន

    ២. បាបិច្ឆតាយ តស្ស អារោចនំ ការប្រាប់នូវ ឧត្តរិមនុស្សធម្មនោះដោយសេចក្ដីប្រាថ្នាដ៏លាមក

    ៣. អនញ្ញាបទេសោ ការអួតមិនមានបុគ្គលដទៃជាទីអាង

    ៤. យស្ស អារោចេតិ តស្ស មនុស្សជាតិកតា ភាពនៃបុគ្គលដែលភិក្ខុប្រាប់ជាមនុស្សជាតិ

    ៥. តង្ខណំ វិជាននំ ការដឹងច្បាស់ក្នុងខណនោះ ។

លក្ខណឯទៀតមានសមុដ្ឋានជាដើម ដូចអទិន្នាទានសិក្ខាបទ ។

១១២. បុ. ឧត្តរិមនុស្សនេះព្រះអង្គទ្រង់បញ្ញត្តក្នុងទីណា? ប្រារព្ធចំពោះបុគ្គលណា? ព្រោះរឿងរ៉ាវដូចម្ដេច?

វិ. កាលព្រះអង្គគង់នៅទៀបឆ្នេរស្ទឹងវគ្គុមុទា ទ្រង់ប្រារព្ធចំពោះភិក្ខុច្រើនរូប ព្រោះហេតុតែភិក្ខុទាំងនោះ អត់ភត្តាហារហើយពោលអួត

ឧត្តរិមនុស្សធម្ម ។ ដូចមានរឿងតំណាលទុកថា 

    ភិក្ខុគ្រប់តំបន់ផ្សេងៗតែដល់ពេលចេញវស្សារួចហើយ តែងនាំគ្នាមកថ្វាយបង្គំព្រះមានព្រះភាគ ។ ឯភិក្ខុមកពីទីដទៃៗ ឃើញសុទ្ធតែ

ស្គមៗ ព្រោះអាហារមិនបរិបូណ៌ ។ ចំណែកភិក្ខុដែលមកពីស្ទឹងវគ្គុមុទានោះសុទ្ធតែធាត់ៗ មានសាច់ឈាម នឹងរូបឆោមលោមពណ៌ក៏ស្រស់បស់គ្រប់ៗរូប ភិក្ខុទាំងនោះថ្វាយបង្គំព្រះមានព្រះភាគហើយក៏អង្គុយទីដ៏សមគួរ ព្រះមានព្រះភាគក៏មានពុទ្ធតម្រាស់ត្រាស់សួរថា”ម្នាលភិក្ខុទាំងឡាយ យន្ដ គឺសរីរ របស់អ្នកទាំងឡាយរាល់គ្នាមានចក្រ ៤ ទ្វារ ៩ តើអ្នកទាំងឡាយអាចនឹងប្រព្រឹត្តទៅបានដោយស្រួលឬទេ ? មិនមានអន្តរាយបៀតបៀនទេឬ? មានសាមគ្គីធម៌ស្មោះស័្មគ្រនឹងគ្នាទេ? មិនលំបាកដោយអាហារបិណ្ឌបាតទេឬ? ឯភិក្ខុមកពីស្ទឹងវគ្គុមុទាឆ្លើយថា ”ខ្ញុំព្រះអង្គទាំងអស់គ្នាស្មោះស្ម័គ្រស្រួលបួលទេមិនលំបាកដោយអាហារទេ ព្រោះខ្ញុំព្រះអង្គពោលអួតនូវឧត្តរិមនុស្សធម្មប្រាប់ដល់មនុស្សក្នុងទីនោះ គេក៏ជ្រះថ្លាហើយប្រគេនចង្ហាន់បិណ្ឌបាតបរិបូណ៌ឥតខ្វះខាតទេ ។ ព្រះមានព្រះភាគទ្រង់ត្រាស់បញ្ជាក់ទៀតថា “ម្នាលភិក្ខុទាំងឡាយអ្នកធ្វើយ៉ាងនេះពិតមែនឬ? ភិក្ខុទាំងនោះទទួលតបព្រះពុទ្ធដីកាថា ពិតមែនព្រះអង្គព្រះមានព្រះភាគទ្រង់ជ្រាបដូច្នោះហើយ ក៏ទ្រង់ត្មះតិះដៀលជាអនេកប្បរិយាយ លុះទ្រង់ត្មះតិះដៀលរួចហើយ ទើបទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកប្រជុំគ្នា ទ្រង់សំដែងធម្មីកថាតទៅត្រាស់ហៅភិក្ខុទាំងឡាយក្នុងលោកនេះមានភិក្ខុជាមហាចោរ ៥ ពួក ។ ភិក្ខុមហាចោរនោះមានសេចក្ដីត្រិះរិះដូចមហាចោរ ៥ ពួកដែលមានក្នុងលោកនេះគឺគិតថា បើកាលណាអាត្មាអញបានបរិវារ១ រយ ​ឬ ១ពាន់ចោមរោមជាគ្នាហើយ នឹងដើរចូលទៅកាន់ស្រុកនិគមជនបទរាជធានី ហើយនឹងប្លន់វាយសំពងផ្ដាច់ជីវិតពួកអ្នកស្រុកទាំងនោះដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យដុតរោលអ្នកស្រុកយ៉ាងណាមិញ ឯភិក្ខុដែលមានសេចក្ដីត្រិះរិះលាមកខ្លះដែលមានបរិស័ទ ១ រយ ឬ ១ ពាន់ជាដើមចោមរោមជាគ្នាហើយនឹងត្រាច់ទៅកាន់ចារិក ក្នុងស្រុកនិគមជនបទរាជធានី នឹងបាននូវចីវរបិណ្ឌបាត សេនាសន គិលានភេសជ្ជ ឬភេសជ្ជបរិក្ខារជាដើមដែលពួកគ្រហស្ថក្ដី បព្វក្ដី ធ្វើសក្ការគោរពកោតក្រែងរាប់អានបូជានោះ ។ ធ្វើយ៉ាងនេះ ហៅថា មហាចោរពួកទី១ ក្នុងលោក ។

    ម្នាលភិក្ខុទាំងឡាយក្នុងសាសនានេះ មានភិក្ខុបានខ្លះរៀនសូត្រធម៌វិន័យដែលតថាគតបានសំដែងហើយដុតកំដៅខ្លួនឯងចោល គឺភិក្ខុចេះប្រៀបធៀបបាលីអដ្ឋកថា ហើយប្រសប់ធ្វើសំឡេងទេសនា ខាងផ្លូវព្រះសូត្រ ឱ្យយ៉ាងពីរោះក្បោះក្បាយកាលណាមានគេសួរថា លោកម្ចាស់រៀនពីគ្រូណាមក? ភិក្ខុនោះក៏ឆ្លើយថាឥតមានរៀនពីគ្រូអាចារ្យណាទេ រៀនចេះដឹងតែខ្លួនឯង យ៉ាងនេះហៅថា ដុតកំដៅខ្លួនឯង ។

ភិក្ខុធ្វើយ៉ាងនេះហៅថា ពួកមហាចោរទី២ ក្នុងលោក ។

    ម្នាលភិក្ខុទាំងឡាយក្នុងសាសនានេះ មានភិក្ខុបានខ្លះពោលចោទភិក្ខុដែលប្រព្រឹត្តធម៌ដ៏ប្រសើរបរិសុទ្ធ ចោទដោយការមិនប្រសើររកមូលរកហេតុគ្មាន យ៉ាងនេះហៅថា មហាចោរពួកទី ៣ ក្នុងលោក ។

    ម្នាលភិក្ខុទាំងឡាយក្នុងសាសនានេះមានភិក្ខុបាបខ្លះសង្គ្រោះផ្គាប់ផ្គុនគ្រហស្ថដោយគ្រឿងគរុភណ្ឌដែលជារបស់សង្ឃ ឬបរិក្ខារបស់ខ្លួន ។ ឯគរុភណ្ឌនោះ គឺគុម្ពផ្កានឹងដើមឈើ១ ទីដែលសម្រាប់ដាំឈើនឹងគុម្ពផ្កា១ កុដិ១ ទីដែលសម្រាប់សង់កុដិ១ គ្រែ ១ តាំង១ ពូក ១ ខ្នើយ ១ ឆ្នាំងលោហ ១ ស្នូកលោហ ១ ក្អមលោហ ១ កាំបិតលោហ ១ ប៉ូថៅ ១ ដឹង ១ ចប ១ ពន្លាកឬដែកកណ្ដារ ១ វល្លិប្រវែងមួយលូកឡើងទៅ១ ឬស្សីប្រវែង ៣ ធ្នាប់ ១ ដីឥដ្ឋ ១ គ្រឿងធ្វើនឹងឈើ ១ គ្រឿងធ្វើនឹងដី ១ ។ ម្នាលភិក្ខុទាំងឡាយភិក្ខុនោះហៅថា មហាចោរពួកទី ៤ ក្នុងលោក ។

    ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាពោលអួតឧត្តរិមនុស្សធម្ម ដែលមិនមានប្រាកដក្នុងខ្លួន ភិក្ខុនោះជាមហាចោរទី៥ ជាចោរធំផុតក្នុងលោកព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វព្រមទាំងសមណនឹងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព នឹងមនុស្សដ៏សេសទាំងឡាយ ។ ហេតុអ្វីបានជាតថាគតពោលដូច្នេះ? ម្នាលភិក្ខុទាំងឡាយ ព្រោះបាយរបស់ជនអ្នកនៅក្នុងដែន តែងប្រគេនចំពោះលោកអ្នកមានសីលបរិសុទ្ធ ភិក្ខុនោះឯងលួចយកដោយឧបាយដ៏លាមកយកមកបរិភោគ ។

១១៣. បុ. ដែលចាត់ជាអនាបត្តិ គឺអាការដែលមិនត្រូវអាបត្តិនោះដូចម្ដេច? ចូររាប់!

វិ. ចាត់ជាអនាបត្តិនោះដូច្នេះគឺ ភិក្ខុប្រាប់គេដោយសម្គាល់ថាខ្លួនបាន ១ ប្រាប់ដោយមិនប្រាថ្នានឹងអួត ១ ភិក្ខុឆ្កួត ១ ភិក្ខុដើមបញ្ញត្តិ ១ ។

ចប់ឧត្តរិមនុស្សធម្មសិក្ខាបទទី៤

១១៤. បុ. បារាជិកមានត្រឹមតែប៉ុណ្ណឹង ឬមានតទៅទៀត? ចូររាប់!

វិ. បារាជិកមាន ២៤ តទៅទៀតដូច្នេះគឺ បារាជិកដែលមានមកក្នុងបាលីសម្រាប់ភិក្ខុ ៤ សម្រាប់ភិក្ខុនី ដែលជាអសាធារណ ៤ រួមជា ៨ ផ្សំនឹងបារាជិក ១១ អភព្វបុគ្គល ១១ ពួកមានបណ្ឌកជាដើមត្រូវជា ១៩ ថែមបារាជិករបស់ភិក្ខុនី ដែលប្រាថ្នាភាពជាគ្រហស្ថហើយសឹកចេញទៅ១ ទៀតត្រូវជា ២០ មានបារាជិក ៤ ដងទៀតហៅថាអនុលោមបារាជិកគឺ បុគ្គលមានអង្គជាតយារអាចបត់ចូលទៅក្នុងវច្ចមគ្គរបស់ខ្លួនបាន១ បុគ្គលបៀមអង្គជាតរបស់បុគ្គលដទៃ ១ បុគ្គលអង្គុយសង្កត់អង្គជាតរបស់បុគ្គលដទៃ គឺបណ្ដោយឲ្យបុគ្គលដទៃសេពវច្ចមគ្គរបស់ខ្លួន១ ត្រូវជា ៤ រួមនឹងបារាជិក ២០ ត្រូវជា ២៤ ។

ចប់បារាជិក ៤ ដោយសង្ខេបតែប៉ុណ្ណេះ

សង្ឃាទិសេស ១៣

សុក្កវិសដ្ឋិសិក្ខាបទទី១

១១៥. បុ. ភិក្ខុមានតម្រេក ក្លែងធ្វើទឹកសុក្កឱ្យឃ្លាតកម្រើចាកទីដូចម្ដេចត្រូវសង្ឃាទិសេស? ដូចម្ដេចត្រូវថុល្លច្ច័យ? ដូចម្ដេចត្រូវទុក្កដ?

វិ.​ ភិក្ខុដឹង ចាំច្បាស់ មានតម្រេក ព្យាយាមធ្វើទឹកសុក្កឱ្យឃ្លាត កម្រើកចាកទី ត្រូវសង្ឃាទិសេស ភិក្ខុព្យាយាមមែនតែទឹកសុក្កមិនឃ្លាតចេញ ត្រូវថុល្លច្ច័យ ភិក្ខុគ្រាន់តែគិតក្នុងចិត្តដោយកម្រេកដូចជាភិក្ខុឃើញអង្គជាតរបស់ស្ត្រី ហើយសម្លឹងមើល ទឹកសុក្កក៏ធ្លាក់ចេញមក ទើបភិក្ខុដឹងខ្លួន ឈប់មើលទៅវិញ ត្រូវទុក្កដ ។

    វិធីត្រូវសង្ឃាទិសេស នឹងថុល្លច្ច័យទុក្កដនោះ មានច្រើនទៅទៀត តែស្រង់យកមកតែប៉ុណ្ណេះជាឧទារហណ៍ ។

១១៦. បុ. ទឹកសុក្កនោះមានប៉ុន្មានយ៉ាង?

វិ មាន ១០ យ៉ាងគឺ ទឹកសុក្កខៀវ១, ពណ៌លឿង១, ពណ៌ក្រហម១, ពណ៌ស១, ពណ៌ដូចទឹកដោះជូរឡើងពពុះ១, ពណ៌ដូចទឹក១, ពណ៌ប្រេង១, ពណ៌ដូចទឹកដោះស្រស់១, ពណ៌ដូចទឹកដោះជូរ១, ពណ៌ដូចទឹកដោះថ្លា១, រួមជាទឹកសុក្កមាន១០យ៉ាង ។

១១៧. បុ. សុក្កវិសដ្ឋិសិក្ខាបទនេះ មានអង្គប៉ុន្មាន?

វិ. មានអង្គ ៣គឺ

    ១. ចេតនា ចង់ឱ្យឃ្លាតចាក

    ២. ឧបក្កមោ ទឹកសុក្កបានឃ្លាតចេញ

    ៣. មោចនំ ទឹកសុក្កបានឃ្លាតចេញ ។

១១៨. បុ. សុក្កវិសដ្ឋិមានអនាបត្តិប៉ុន្មាន?

វិ. មានអនាបត្តិ ៦ គឺ

    ១. ភិក្ខុយល់សប្ដិ

    ២. ភិក្ខុមិនមានបំណងនឹងឱ្យទឹកសុក្កឃ្លាតចេញ

    ៣. ភិក្ខុឆ្កួត

    ៤. ភិក្ខុមានចិត្តរវើរវាយ

    ៥. ភិក្ខុដែលទុក្ខវេទនាគ្របសង្កត់

    ៦. ភិក្ខុដើមបញ្ញត្តិ ។

១១៩. បុ. សុក្កវិសដ្ឋិសិក្ខាបទនេះ ព្រះអង្គទ្រង់គង់ក្នុងទីណា? 

ប្រារព្ធនឹងបុគ្គលណា? ព្រោះហេតុអ្វី?

វិ. កាលព្រះអង្គគង់នៅវត្តជេតពន ទៀបក្រុងសាវត្ថី ទ្រង់ប្រារព្ធនឹង

សេយ្យសកភិក្ខុដែលជាសទ្ធិវិហារិក នៃព្រះឧទាយី ព្រោះហេតុភិក្ខុនោះអផ្សុក ហើយព្យាយាមញុំាងទឹកសុក្ក របស់ខ្លួនឱ្យឃ្លាតចេញដោយដៃខ្លួនឯង ។

    សិក្ខាបទនេះ មានសមុដ្ឋានវិធីជាដើម ដូចបឋមបារាជិក ។

កាយសំសគ្គសិក្ខាបទទី២

១២០. ភិក្ខុចាប់ពាល់កាយស្ត្រី ដូចម្ដេចត្រូវសង្ឃាទិសេស? ដូចម្ដេចត្រូវថុល្លច្ច័យ? ដូចម្ដេចត្រូវទុក្កដ?

វិ. ភិក្ខុចាប់ពាល់កាយស្ត្រីដោយតម្រេកត្រូវសង្ឃាទិសេសស្ត្រីពិតមែនភិក្ខុមានសេចក្ដីសង្ស័យ មានតម្រេកក៏យកកាយរបស់ខ្លួនទៅស្ទាបអង្អែលកាយស្ត្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ ស្ត្រីពិតមែនភិក្ខុក៏សម្គាល់ថាស្ត្រីមែន ត្រេកអរហើយស្ទាបអង្អែលនិស្សគ្គិយវត្ថុស្ត្រីនោះ ដោយ

និស្សគ្គិយវត្ថុរបស់ខ្លួនត្រូវអាបត្តិទុក្កដ ។

១២១. បុ. ភិក្ខុចាប់ពាល់កាយ យក្សស្រី ត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិថុល្លច្ច័យ ។

១២២. បុ. ភិក្ខុចាប់ពាល់កាយសត្វតិរច្ឆានញី ត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិទុក្កដ ។

១២៣. បុ. ប្រុសប្រាកដ ភិក្ខុដឹងជាប្រុសពិត ចាប់ពាល់ដោយតម្រេកត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិទុក្កដ ។

១២៤. បុ. ភិក្ខុចាប់ពាល់មាតាក្ដី បិតាក្ដី កូនស្រីក្ដី(១) ប្អូនស្រីក្ដី ដោយសេចក្ដីស្រលាញ់រាប់អាន ត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិទុក្កដ ។

១២៥. សិក្ខាបទនេះមានអង្គប៉ុន្មាន? អ្វីខ្លះ?

វិ. មានអង្គ ៥ គឺ

    ១. មនុស្សិត្ថី ស្ត្រីមនុស្ស

    ២. ឥត្ថីសញ្ញីតា ស្ត្រីមនុស្ស

    ៣. កាយសំសគ្គរាគោ ដឹងជាក់ជាស្ត្រីមែន

    ៤. តេន រាគេន វាយាមោ ការព្យាយាមដោយតម្រេកនោះ

    ៥. ហត្ថគ្គាហាទិសមាបជ្ជនំ ការចាប់ពាល់ត្រូវដៃជាដើម ។

១២៦. បុ. អនាបត្តិក្នុងសិក្ខាបទនេះ មានប៉ុន្មាន?

វិ. មាន ៨ គឺភិក្ខុមិនក្លែង១ ភិក្ខុភ្លេចស្មារតី១ ភិក្ខុមិនដឹងខ្លួន១

 ភិក្ខុត្រេកអរ១ ភិក្ខុឆ្កួត១ ភិក្ខុមានចិត្តរវើរវាយ១ ភិក្ខុដែលវេទនាគ្របសង្កត់១ ភិក្ខុដើមបញ្ញត្តិ១ ។

១២៧. បុ. សិក្ខាបទនេះ ព្រះអង្គទ្រង់គង់ក្នុងទីណា? ទ្រង់ប្រារព្ធនឹងបុគ្គលណា? ព្រោះហេតុដូចម្ដេច?

វិ. កាលព្រះអង្គគង់នៅវត្តជេតពន ក្រុងសាវត្ថី ប្រារព្ធនឹងឧទាយិត្ថេរ ព្រោះស្ទាបអង្អែលនាងព្រាហ្មណី ដែលចូលទៅមើលកុដិជាមួយនឹងស្វាមី ។  សិក្ខាបទនេះ ជាអនាណត្តិក មានសមុដ្ឋានវិធីជាដើមដូចបឋមបារាជិក ។

 ទុដ្ឋល្លវាចាសិក្ខាបទទី ៣

១២៨. បុ. ភិក្ខុនិយាយពាក្យអាក្រក់ចំពោះទ្វារមគ្គនឹងស្ត្រី ដូចម្ដេចត្រូវសង្ឃាទិសេស? ដូចម្ដេចត្រូវថុល្លច្ច័យ? ដូចម្ដេចត្រូវទុក្កដ?

វិ. ភិក្ខុមានតម្រេក និយាយពាក្យអាក្រក់ចំពោះទ្វារមគ្គនឹងស្ត្រីត្រូវសង្ឃាទិសេស ស្ត្រីមែន តែភិក្ខុសម្គាល់ថាខ្ទើយក្ដី ថាប្រុសក្ដី ថាតិរច្ឆានក្ដី ក៏មានសេចក្ដីតម្រេកនិយាយពាក្យអាក្រក់ចំពោះទ្វារមគ្គនោះ ត្រូវអាបត្តិថុល្លច្ច័យ ប្រុសជាប្រាកដ ភិក្ខុសម្គាល់ថាប្រុសមែនក្ដី មានតម្រេកពោលពាក្យអាក្រក់ចំពោះទ្វារមគ្គនោះ ត្រូវអាបត្តិទុក្កដ ។

១២៩. ភិក្ខុមានតម្រេកនោះដូចម្ដេច?

វិ. ភិក្ខុមានចិត្តប្រែប្រួលហៅថាមានតម្រេក គឺមានចិត្តប្រតិព័ទ្ធដោយកាមរាគ ។

១៣០. បុ. ចុះភិក្ខុពោលពាក្យអាក្រក់នោះដូចម្ដេច?

វិ. ភិក្ខុនិយាយចែចង់ស្ត្រី ដូចកំលោះនឹងក្រមុំចែចង់គ្នា ទោះពោលសរសើរក្ដី ពោលបង្អាប់ក្ដីនូវទ្វារមគ្គថា ប្រដាប់អូនឯងនេះល្អមែន ឬអាក្រក់មែន ឬក៏ធំ តូច រាក់ ជ្រៅយ៉ាងណាដូច្នេះជាដើម ចំពោះមុខស្ត្រី ហៅថា ពោលពាក្យអាក្រក់ ។

១៣១. បុ. ភិក្ខុមានតម្រេកនិយាយចែចង់ស្ត្រី តែស្ត្រីនោះស្ដាប់សេចក្ដីមិនបាន ត្រូវអាបត្តិអ្វី?

១៣២. ត្រូវអាបត្តិទុក្កដ ។

១៣៣. ភិក្ខុពោលពាក្យអាក្រក់ចំពោះស្ត្រី ដោយទោសចិត្តត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិទុក្កដ ។

១៣៤. បុ. ភិក្ខុមានតម្រេក និយាយបញ្អិតបញ្ឆៀងចែចង់ស្ត្រី ស្រីនោះស្ដាប់សេចក្ដីបាន តើត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិទុក្កដ ។


១៣៥. សិក្ខាបទនេះ មានអង្គប៉ុន្មាន?

វិ. មានអង្គ ៥ គឺ

    ១. មនុស្សិត្ថី ស្ត្រីមនុស្ស

    ២. ឥត្ថីសញ្ញិតា សម្គាល់ថាជាស្ត្រី

    ៣. ទុដ្ឋល្លវាចស្សាទរាគោ មានតម្រេកក្នុងការពោលពាក្យអាក្រក់

    ៤. តេន រាគេន ឧភាសនំ ការពោលដោយតម្រេកនោះ

    ៥. តង្ខណំ វិជានន ញុំាងស្ត្រីឲ្យដឹងច្បាស់ក្នុងខណនោះ ។

១៣៦. អនាបត្តិក្នុងសិក្ខាបទនេះមានប៉ុន្មាន?

វិ. មាន ៥ គឺ ភិក្ខុកំពុងតែអធិប្បាយសេចក្ដី១ ភិក្ខុដែលកំពុងតែបង្រៀនធម៌១ ភិក្ខុដែលកំពុងតែប្រៀនប្រដៅ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១ ។

១៣៧. បុ. សិក្ខាបទនេះព្រះអង្គទ្រង់គង់ក្នុងទីណា? បញ្ញត្តចំពោះបុគ្គលណា? ព្រោះហេតុអ្វី?

វិ. កាលព្រះអង្គគង់នៅក្នុងវត្តជេតពនជិតក្រុងសាវត្ថី ទ្រង់បញ្ញត្តចំពោះឧទាយិត្ថេរ ព្រោះពោលពាក្យអាក្រក់ នឹងស្ត្រីច្រើននាក់ ដែលនាំគ្នាចូលទៅក្នុងកុដិរបស់ខ្លួន ។ សិក្ខាបទនេះ មានសមុដ្ឋានវិធីជាដើម ដូច

អទិន្នាទានសិក្ខាបទ ប្លែកតែមានវេទនា ២ ប៉ុណ្ណោះ ។

            អត្តកាមបារិចរិយាសិក្ខាបទទី៤

១៣៨. បុ. ភិក្ខុនិយាយលួងលោមមាតុគ្រាមឱ្យបម្រើខ្លួនដោយកាមដូចម្ដេច ទើបត្រូវសង្ឃាទិសេស ?

វិ. ភិក្ខុមានចិត្តតម្រេកនិយាយលួងលោមមាតុគ្រាមឱ្យបម្រើខ្លួនដោយកាមមានពាក្យថា ម្នាលប្អូនស្រី! បើប្អូនចង់បានបុណ្យដ៏លើសលប់ ចូរនាងឱ្យមេថុនធម្មជាទាននេះ បានផលខ្ពង់ស្ពស់ជាងបណ្ដាទានទាំងអស់ ដូច្នេះជាដើម ត្រូវសង្ឃាទិសេស ។

១៣៩. បុ. ស្ត្រីដូចម្ដេចហៅថាមាតុគ្រាម?

វិ. ស្ត្រីដែលដឹងសេចក្ដីឆ្លៀវឆ្លាស់ហៅថា មាតុគ្រាម ។

១៤០. បុ. យក្សស្រី ប្រេតស្រី តិរច្ឆានញី ហៅថាមាតុគ្រាមបានឬទេ?

វិ. ហៅថាមាតុគ្រាមមិនបានទេ ព្រោះមិនមែនជាស្ត្រីមនុស្ស ។


១៤១. បុ. ស្ត្រីពិតមែន ភិក្ខុមានសេចក្ដីសង្ស័យក្ដី សម្គាល់ថាខ្ទើយក្ដី សម្គាល់ថាប្រុសក្ដី ថាតិរច្ឆានក្ដី ក៏មានសេចក្ដីតម្រេកនិយាយលួងលោមឱ្យបម្រើខ្លួនដោយកាម ត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិថុល្លច្ច័យ ។

១៤២. បុ. ខ្ទើយពិតមែន ភិក្ខុសង្ស័យ ក៏មានតម្រេកនិយាយលួងលោមឱ្យបម្រើខ្លួនដោយកាម ត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិទុក្កដ ។

១៤៣. បុ. ប្រុសពិតមែនភិក្ខុសម្គាល់ថាប្រុសក្ដី មានសេចក្ដីសង្ស័យក្ដី សម្គាល់ថាតិរច្ឆានក្ដី ថាស្រីក្ដី ថាខ្ទើយក្ដី ក៏មានតម្រេកនិយាយលួងលោមឱ្យបម្រើខ្លួនដោយកាម តើត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិទុក្កដ ។

១៤៤. សិក្ខាបទនេះ មានអង្គប៉ុន្មាន?

វិ. មានអង្គ ៥ គឺ

    ១. មនុស្សិត្ថី ស្ត្រីមនុស្ស 

    ២. ឥត្ថីសញ្ញិតា ស្ត្រីមនុស្ស

    ៣. អត្តកាមបារិចយាយ សម្គាល់ថាស្ត្រី

    ៤. តេន រាគេន វណ្ណភណនំ ការពោលសរសើរដោយតម្រេកនោះ

    ៥. តង្ខណំ វិជាននំ ញុំាស្ត្រីឲ្យដឹងច្បាស់ក្នុងខណនោះ ។

១៤៥. បុ. អនាបត្តិក្នុសិក្ខាបទនេះ មានប៉ុន្មាន? អ្វីខ្លះ?

វិ. មាន ៣ គឺ ភិក្ខុពោលថា នាងចូរបម្រើអាត្មាដោយចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យ នឹងគិលានប្បច្ច័យ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១ ។

១៤៦. បុ. សិក្ខាបទនេះ ព្រះអនាវរណញ្ញណទ្រង់ប្រថាប់នៅទីណា? ប្រារព្ធចំពោះបុគ្គលណា? និមិត្តរឿងរ៉ាវដូចម្ដេច?

វិ. កាលព្រះអង្គប្រថាប់នៅវត្តជេតពន ក្រុងសាវត្ថី ទ្រង់ប្រារព្ធចំពោះឧទាយិត្ថេរ និមិត្តរឿងរ៉ាវដូច្នេះ

    សេចក្ដីថា សម័យនោះឯង ឧទាយិត្ថេរភិក្ខុចូលទៅកាន់ត្រកូលស្ត្រីមេម៉ាយម្នាក់ស្លាប់ក្ដី ឆាន់ក្នុងពេលព្រឹក ។ នាងនោះមានសេចក្ដីជ្រះថ្លាបវារណាថា លោកម្ចាស់ត្រូវការវត្ថុណាដែលខ្ញុំព្រះករុណាល្មមប្រគេនបាន ទោះជាចីវរក្ដី បិណ្ឌបាតក្ដី សេសនក្ដី គិលានភេសជ្ជក្ដី សូមលោកម្ចាស់ប្រាប់ខ្ញុំករុណាចុះ ខ្ញុំនឹងរកប្រគេន ។ ឧទាយិភិក្ខុថា ម្នាលនាង! បច្ច័យទាំង ៤ មានចីវរប្បច្ច័យជាដើមអាត្មាមិនក្រប៉ុន្មានទេ របស់ណាដែលយើងបានដោយកម្រ នាងចូរឲ្យរបស់នោះដល់អាត្មាចុះ ។ ស្ត្រីនោះសួរថា របស់អ្វីដែលក្រលោកម្ចាស់? ឧទាយិភិក្ខុឆ្លើយថា មេថុនធម្ម ។ ស្ត្រីនោះសួរថា លោកម្ចាស់ត្រូវការមេថុនធម្មមែនឬ? ឧទាយិភិក្ខុឆ្លើយថា ម្នាលប្អូនស្រីអាត្មាត្រូវការដែរ ។ ស្ត្រីនោះថាលោកម្ចាស់និមន្ដមកចុះ ហើយចូលទៅក្នុងបន្ទប់តូច ១ ក៏ដោះសំពត់ចេញដេកផ្ងាចង្គ្រាងនៅលើគ្រែ ។ ឧទាយិភិក្ខុចូលទៅ ឃើញហើយ ស្ដីឲ្យថា “អ្នកណានឹងហ៊ានស្ទាបអង្អែលស្ត្រីអាក្រក់ មានក្លិនស្អុយបែបនេះ! ថាហើយក៏ខាកស្ដោះដើរចេញទៅ ។

    គ្រានោះឯង ស្ត្រីនោះពោលបង្អាប់បន្ដុះថា សមណនេះ ជាកូនចៅព្រះពុទ្ធជាសក្យបុត្រ គ្មានសេចក្ដីអៀនខ្មាសទ្រុស្ដសីលនិយាយពាក្យកុហក សាមញ្ញគុណក្ដី ព្រហ្មញ្ញគុណក្ដីរបស់សមណនេះគ្មានទេ ។ ភិក្ខុណាដែលជាអ្នកមានសេចក្ដីប្រាថ្នាតិច មានសន្ដោស មានសេចក្ដីអៀនខ្មាស មានសេចក្ដីរង្កៀសក៏ពោលតិះដៀលបន្ដុះបង្អាប់ដោយប្រការផ្សេងៗ ហើយក្រាបទូលសេចក្ដីនុះចំពោះព្រះមានព្រះភាគឱ្យប្រជុំភិក្ខុសង្ឃហើយសួរបញ្ជាក់ឧទាយិភិក្ខុ ហើយទើបទ្រង់បញ្ញត្តសិក្ខាបទនេះ ។ លក្ខណ មានសមុដ្ឋានវិធីជាដើម ដូច

ទុដ្ឋល្លវាចាសិក្ខាបទ ។

សញ្ចរិត្តសិក្ខាបទទី ៥

១៤៧. បុ. ភិក្ខុនិយាយដឹកនាំបុរសស្ត្រីឱ្យបានគ្នាជាប្ដីប្រពន្ធ ដូចម្ដេច ត្រូវសង្ឃាទិសេស?

វិ. ភិក្ខុនិយាយដឹកនាំបុរសស្ត្រីឱ្យបានគ្នាជាប្ដីប្រពន្ធ គឺបើចូលទៅកាន់ត្រកូលកូនប្រុស ក៏និយាយសរសើរខាងត្រកូលកូនស្រីថា “កូនស្រីក្នុងត្រកូលឯនោះៗ មានរូបសម្បត្តិ ចរិយាសម្បត្តិ សមរម្យនឹងកូនប្រុសរបស់អ្នកណាស់” បើចូលទៅកាន់ត្រកូលកូនស្រី ក៏សរសើរខាងត្រកូលប្រុសថា “ត្រកូលឯនោះ មានកូនប្រុសសមរម្យនឹងកូនស្រីរបស់អ្នកណាស់” ត្រកូលទាំងពីរស្ដាប់សេចក្ដីបានចូលចិត្ត ក៏ផ្សំផ្គុំកូនប្រុសស្រីរបស់ខ្លួនៗ ឱ្យបានគ្នាជាប្ដីប្រពន្ធ តាមពាក្យដឹកនាំរបស់ភិក្ខុនោះដូច្នេះត្រូវសង្ឃាទិសេស ។

១៤៨. បុ. ភិក្ខុទទួលពាក្យគេទៅនិយាយល្បងមើលដែរ តែមិនបាន 

ត្រឡប់មកប្រាប់គេវិញ ត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិថុល្លច្ច័យ ។

១៤៩. បុ. ភិក្ខុទទួលពាក្យគេរួចហើយ តែមិនបានទៅនិយាយល្បងមើលឡើយ ហើយត្រឡប់មកប្រាប់គេវិញ ត្រូវអាបត្តិអ្វី? 

វិ. ត្រូវអាបត្តិថុល្លច្ច័យ ។

១៥០. បុ. ចុះបើភិក្ខុទទួលពាក្យគេរួចហើយ មិនបានទៅនិយាយល្បងមើល ថែមទាំងមិនបានត្រឡប់មកប្រាប់គេវិញ ត្រូវអាបត្តិអ្វី?

វិ. ភិក្ខុនោះត្រូវអាបត្តិទុក្កដ ។

១៥១. បុ. ភិក្ខុមិនទទួលពាក្យ ថែមទាំងមិនបាននិយាយល្បងមើល តែបាននាំសេចក្ដីមកប្រាប់គេវិញ តើត្រូវាអាបត្តិអ្វី?

វិ. ភិក្ខុនោះត្រូវអាបត្តិទុក្កដ ។

១៥២. ភិក្ខុមិនដឹង បានទទួលបញ្ញើសំបុត្រ និយាយពីរឿងដឹកនាំបុរសស្ត្រី ឲ្យបានគ្នាជាប្ដីប្រពន្ធ ហើយត្រឡប់មកប្រាប់គេវិញ តើត្រូវអាបត្តិអ្វី?

វិ. ត្រូវអាបត្តិសង្ឃាទិសេស ។

១៥៣. បុ. ហេតុដូចម្ដេចបានជាត្រូវអាបត្តិសង្ឃាទិសេស បើភិក្ខុគ្មានដឹងសេចក្ដីក្នុងសំបុត្រនោះ បន្ដិចបន្ដួចសោះ?

វិ. ពិតមែនតែភិក្ខុនោះមិនដឹងសេចក្ដី តែសិក្ខាបទនេះជាអចិត្តក 

ទោះក្លែងក្ដី មិនក្លែងក្ដី ត្រូវអាបត្តិដូចគ្នា ។

១៥៤. បុ. មាតាបិតាភិក្ខុ លែងលះគ្នាដាច់ស្រឡះហើយ ភិក្ខុនិយាយសម្រុះសម្រួលឱ្យរួបរួមគ្នាវិញត្រូវអាបត្តិអ្វី?

វិ ត្រូវអាបត្តិសង្ឃាទិសេស ។

១៥៥. បុ. ស្ត្រីម្នាក់ឈ្លោះគ្នានឹងប្ដី រត់ទៅនៅផ្ទះម្ដាយវិញ ភិក្ខុទៅនិយាយផ្សះផ្សាឱ្យជានឹងគ្នាវិញ ស្ត្រីនោះក៏បានជានឹងប្ដីវិញ តើភិក្ខុនោះត្រូវអាបត្តិអ្វី? ព្រោះហេតុដូចម្ដេច?

វិ. ភិក្ខុនោះមិនមានត្រូវអាបត្តិអ្វីទេ ព្រោះគេមិនទាន់លែងគ្នាដាច់ស្រឡះ បម្រុងតែជានឹងគ្នាវិញ ។

១៥៦. សិក្ខាបទនេះ មានអង្គប៉ុន្មាន? អ្វីខ្លះ?

វិ. មានអង្គ ៥ គឺ

  ១. យេសំ សញ្ចរិត្តំ សមាបជ្ជតិ តេសំ មនុស្សជាតិកតា

 ភិក្ខុដឹកនាំអ្នកណា អ្នកនោះជាមនុស្សជាតិ ។

   ២. ននាលំ វចនីយតា មិនមែនជាប្ដីប្រពន្ធនឹងគ្នាអំពីដើម ឬជាប្ដីប្រពន្ធដែរ តែលែងលះគ្នា ដាច់ស្រឡះគ្នាហើយ ។

   ៣. បដិគ្គហណំ ទទួលពាក្យគេ ។

   ៤. វិមំសនំ ការប្រាប់ល្បងមើល ។

   ៥. បច្ចាហរណំ ការត្រឡប់មកប្រាប់វិញ ។

១៥៧. បុ. អនាបត្តិក្នុងសិក្ខាបទនេះ មានប៉ុន្មានដែរ? អ្វីខ្លះ?

វិ. មាន ៥ គឺ ភិក្ខុទៅកាន់សំណាក់ស្រីនឹងប្រុសដោយកិច្ចដែលត្រូវធ្វើចំពោះសង្ឃ១ ចំពោះចេតិយ១ ចំពោះបុគ្គលឈឺ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១ ។

១៥៨. បុ. សិក្ខាបទនេះ កាលព្រះអង្គគង់ក្នុងទីណា? 

និមិត្តហេតុដូចម្ដេច?

វិ. កាលព្រះអង្គគង់នៅក្នុងវត្តជេតពន ជិតក្រុងសាវត្ថីប្រារព្ធចំពោះ

ឧទាយិត្ថេរ  ព្រោះការដឹកនាំបុរសស្ត្រី ឱ្យបានគ្នាជាប្ដីប្រពន្ធ ។

       សិក្ខាបទនេះ មានសមុដ្ឋាន ៦ ជាកិរិយា ជានោសញ្ញាវិមោក្ខ ជាអចិត្តក ជាបណ្ណត្តិវជ្ជ ជាកាយកម្មនឹងវចីកម្ម មានចិត្ត ៣ មានវេទនា ៣ ។

        សញ្ញាចិកសិក្ខាបទទី ៦

១៥៩. បុ. ភិក្ខុធ្វើកុដិ បូកដោយកំបោរឬដីស្អិត ដូចម្ដេចត្រូវ

សង្ឃាទិសេស ?

វិ. ភិក្ខុធ្វើកុដិបូកដោយកំបោរឬដីស្អិត មិនមានអ្នកណាមួយជាម្ចាស់របស់ ចំពោះជាទីនៅរបស់ខ្លួន ត្រូវធ្វើឲ្យត្រូវនឹងប្រមាណផង ឲ្យសង្ឃសំដែងទីឱ្យជាមុនផង ធ្វើដោយខ្លួនឯងផង ត្រូវសង្ឃាទិសេស ។

១៦០. បុ. ប្រមាណនោះដូចម្ដេច?

វិ. ប្រមណនោះដូច្នេះគឺបណ្ដោយ ១២ ចំអាប ទទឹង ៧ ចំអាបដោយ

ចំអាបព្រះសុគតឈ្មោះថាប្រមាណ ។

១៦១​. ភិក្ខុធ្វើកុដិឱ្យធំហួសប្រមាណក្ដី មិនបានឲ្យសង្ឃសំដែងទីឱ្យសិនក្ដី ដោយបណ្ដោយ ទទឹងធំហួសប្រមាណក្ដី ដោយញត្តិទុតិយកម្មវាចាក្ដី តើភិក្ខុត្រូវអាបត្តិយ៉ាងណា?

វិ. ភិក្ខុធ្វើកុដិឱ្យធំហួសប្រមាណនោះ សូម្បីតែធំលើសចម្រៀកសក់ជាដើមោឡើងទៅ ភិក្ខុនោះត្រូវអាបត្តិទុក្កដរាល់ប្រយោគ លុះបូកនៅសល់តែ ១ ដុំនោះហើយស្រេច ត្រូវសង្ឃាទិសេស ។

១៦២. បុ. ភិក្ខុធ្វើកុដិដែលឥតពួកមានភិក្ខុសំដែងទីឱ្យមានហេតុទាល់ គឺមានអន្តរាយ មិនមានឧបចារ ភិក្ខុនោះត្រូវអាបត្តិអ្វី?

វិ. ភិក្ខុនោះត្រូវអាបត្តិទុក្កដ ២ ត្រូវសង្ឃាទិសេស ១ ។

១៦៣. បុ. ភិក្ខុធ្វើកុដិឥតមានភិក្ខុសំដែងទីឱ្យមានហេតុទាល់ 

តែមានឧបចារ ត្រូវអាបត្តិអ្វី?

វិ ភិក្ខុនោះត្រូវអាបត្តិទុក្កដនឹងសង្ឃាទិសេស ។

១៦៤. បុ. ភិក្ខុធ្វើកុដិធំហួសប្រមាណផង មានហេតុទាល់ផង មិនមានឧបចារផង ភិក្ខុត្រូវអាបត្តិអ្វី?

វិ. ភិក្ខុនោះត្រូវអាបត្តិទុក្កដ ២ សង្ឃាទិសេស ១ ។

១៦៥. បុ. ភិក្ខុធ្វើកុដិមិនមានសង្ឃសំដែងទីឲ្យផង ហួសប្រមាណផងមានហេតុទាល់ផង មិនមានឧបចារផង ត្រូវអាបត្តិអ្វីខ្លះ?

វិ. ត្រូវអាបត្តិទុក្កដ ២ សង្ឃាទិសេស ២ ។

១៦៦. បុ. ភិក្ខុធ្វើកុដិប្រកបដោយប្រមាណ មានសង្ឃសំដែងទីឱ្យតែមានហេតុទាល់ មិនមានឧបចារ ត្រូវអាបត្តិអ្វីខ្លះ?

វិ. ភិក្ខុនោះត្រូវអាបត្តិទុក្កដ ២ ។

១៦៧. បុ. ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា “អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ” ភិក្ខុទាំងឡាយក៏ធ្វើកុដិឲ្យភិក្ខុនោះ មិនមានសង្ឃសំដែងទីឲ្យផង មានហេតុទាល់ផង មិនមានឧបាចារផង ភិក្ខុទោះត្រូវអាបត្តិអ្វី?

វិ. ភិក្ខុនោះត្រូវអាបត្តិទុក្កដ ២ ត្រូវសង្ឃាទិសេស ១ ។

១៦៨. បុ. ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា “អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ” ហើយភិក្ខុអ្នកបង្គាប់នោះចៀសចេញទៅ ប៉ុន្ដែមិនបានប្រាប់ថា “ធ្វើកុដិនោះត្រូវឱ្យសង្ឃសំដែងទីឲ្យផង មិនមានហេតុទាល់ផង មានទីឧបចារផង ដូច្នេះឡើយ ភិក្ខុទាំងឡាយក៏ធ្វើកុដិដើម្បីភិក្ខុអ្នកបង្គាប់នោះ ឥតមានសង្ឃសំដែងទីឲ្យ មានហេតុទាល់មិនមានឧបចារ តើភិក្ខុអ្នកបង្គាប់ត្រូវអាបត្តិអ្វី?

វិ. ភិក្ខុអ្នកបង្គាប់នោះ ត្រូវអាបត្តិទុក្កដ ២ ត្រូវសង្ឃាទិសេស ១ ។

១៦៩. បុ. ទីឧបចារនោះដូចម្ដេច?

វិ ទីឧបចារនោះលោកឲ្យកំណត់ត្រឹមរបង ដែលគេចងធ្វើទុកឲ្យមានមុមពីរនៅខាងមុខវត្ត មានដាក់រនុកឈើត្រង់កណ្ដាល ដើម្បីការពារកុំឲ្យគោចូលបាន រវាងទីទាំងនេះ ហៅថា ឧបចាររបស់វត្ត ។

១៧០. បុ. សិក្ខាបទនេះមានអង្គប៉ុន្មាន? អ្វីខ្លះ?

វិ. សិក្ខាបទនេះមានអង្គ ៧ (១) គឺ

   ១. ឧល្លិត្តាទីនំ អញ្ញតរតា លាបបូកទួទៅ

   ២. ហេដ្ឋិមប្បមាណសម្ភវោ មិនបានប្រកបដោយប្រមាណ

            ខាងក្រោម 

   ៣. អទេសិតវត្ថុកតា សង្ឃមិនបានសំដែងទីឱ្យ

   ៤. បមណាតិក្កន្តតា ធ្វើហួសប្រមាណ

   ៥. អត្តុទ្ទេសិកតា ធ្វើដោយចំពោះខ្លួន

   ៦. វាសាគារតា កុដិជាទីលំនៅ

   ៧. លេបឃដនា លាបជាប់គ្នាទាំងដំបូលនឹងជញ្ជាំង ។

១៧១. បុ. អនាបត្តិក្នុងសិក្ខាបទនេះ ដូច្នេះ?

វិ. គឺ ភិក្ខុធ្វើលេណ ឬគុហាសម្រាប់ជ្រក កុដិស្មៅនឹងកុដិសម្រាប់បុគ្គលដទៃ មានឧបជ្ឈាយ៍ជាដើមនឹងទីសេនាសនទាំងពួង មានរោងឧបោសថជាដើម វៀលែងតែធ្វើកុដិសម្រាប់នៅរបស់ខ្លួន នឹងភិក្ខុឆ្កួត ភិក្ខុដើមបញ្ញត្តិ ។

១៧២. បុ. សិក្ខាបទនេះព្រះអង្គគង់នៅទីណា? ប្រារព្ធបុគ្គលណា? មានហេតុដូចម្ដេច?

វិ. កាលព្រះអង្គគង់នៅវត្តវេឡុវន ក្រុងរាជគ្រឹះ ប្រារព្ធចំពោះភិក្ខុច្រើនរូប ដូចសេចក្ដីតំណាលតទៅនេះថា គ្រានោះភិក្ខុទាំងឡាយនៅក្នុងដែនអាឡាវី ប្រើគេឱ្យសាងកុដិទាំងឡាយដោយគ្រឿងឧបករណ៍ដែលសូមពីគេមកខ្លួនឯង ឥតមានទាយកជាម្ចាស់របស់ចំពោះជាទីនៅរបស់ខ្លួន ធំហួសប្រមាណ កុដិនោះធ្វើមិនងាយស្រេច ក៏សូមគេញឹកៗ ណាស់គឺសូមបុរស សូមគ្រឿងហត្ថកម្មនៃបុរស មានគោ រទេះ កាំបិត ពូថៅ ពន្លាកជាដើម ។ មនុស្សដែលភិក្ខុទាំងនោះចេះតែសូមញឹកញយហួសពេកលុះឃើញពួកភិក្ខុហើយ ក៏ភ្ញាក់ផ្អើលរត់ទៅខ្លះគេចទៅនៅទីដទៃខ្លះបែរមុខទៅទីដទៃខ្លះបិទទ្វារផ្ទះខ្លះ សូម្បីគ្រាន់តែឃើញគោញីទាំងឡាយក៏គេចរត់ ដោយស្មានថាភិក្ខុនោះមកទៀតហើយ ខណនោះព្រះមហាកស្សបដ៏មានអាយុ គង់ចាំវស្សាក្នុងក្រុងរាជគ្រឹះគ្រប់ត្រៃមាស ក៏និមន្ដទៅដែនអាឡាវីសម្រេចឥរិយាបថនៅអាគាឡវចេតីយក្នុងដែនអាឡវីនោះ ។ លុះព្រឹកឡើងព្រះមហាកស្សបចូលទៅបិណ្ឌបាត មនុស្សទាំងឡាយឃើញហើយ គ៏គេចរត់ទៅពួនទីដទៃៗ ។ ព្រះមហាកស្សប ក៏នឹកឆ្ងល់ថាឧបាសកអស់ទាំងនេះហេតុអ្វីក៏បានជារត់ ក៏សួរសេចក្ដីនេះនឹងភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយក៏បានទទួលសេចក្ដីនុះ ព្រះមហាកស្សបជ្រាបសេចក្ដីនោះហើយ លុះថ្ងៃក្រោយមកព្រះមានព្រះភាគយាងទៅទីនោះ ព្រះកស្សបក៏ក្រាបទូលរឿងរ៉ាវ ចំពោះព្រះមានព្រះភាគ ។ ព្រះអង្គក៏ប្រជុំភិក្ខុទាំងឡាយហើយទ្រង់បញ្ញត្តសិក្ខាបទនេះនឹងភិក្ខុទាំងឡាយនោះ ។ លក្ខណមានសមុដ្ឋានវិធីជាដើម ដូចសញ្ចរិត្តសិក្ខាបទ ។

            មហល្លកសិក្ខាបទទី៧

១៧៣. បុ. ភិក្ខុធ្វើកុដិដូចម្ដេច ត្រូវសង្ឃាទិសេស?

វិ. កុដិដែលភិក្ខុធ្វើនោះ បើមានទាយកជាម្ចាស់របស់ធ្វើឱ្យកន្លងហួសប្រមាណនោះ បានតែត្រូវឲ្យសង្ឃសំដែងទីឱ្យហើយធ្វើដោយខ្លួនឯង ធ្វើដូច្នេះត្រូវសង្ឃាទិសេស ។

១៧៤. បុ. ភិក្ខុធ្វើវិហារ គឺកុដិធំៗ សម្រាប់នៅ ឬ វត្តទាំងមូលមិនមានសង្ឃសំដែងទីឱ្យ ប្រកបដោយរង្កៀស មិនមានឧបចារត្រូវអាបត្តិអ្វី?

វិ. ភិក្ខុធ្វើត្រូវអាបត្តិទុក្កដនឹងសង្ឃាទិសេស ។

១៧៥. បុ. ភិក្ខុធ្វើវិហារ តែសង្ឃសំដែងទីឱ្យហើយ តែជាទីប្រកបដោយសេចក្ដីរង្កៀសផង មិនមានឧបាចារផង តើត្រូវអាបត្តិអ្វី?

វិ. ភិក្ខុនោះត្រូវអាបត្តិទុក្កដ ២ ។

១៧៦. បុ. ភិក្ខុធ្វើវិហារខុសច្បាប់ដោយខ្លួនឯង មិនទាន់ហើយស្រេចទេ តែឱ្យអ្នកដទៃធ្វើបង្ហើយឱ្យតើត្រូវអាបត្តិអ្វី?

វិ. ត្រូវភិក្ខុអាបត្តិសង្ឃាទិសេស ។

១៧៧. បុ. ភិក្ខុដទៃធ្វើវិហារមិនទាន់ហើយ ក៏ភិក្ខុជាម្ចាស់វិហារមកធ្វើបង្ហើយដោយខ្លួនឯង ត្រូវអាបត្តិអ្វី ?

វិ. ត្រូវភិក្ខុអាបត្តិសង្ឃាទិសេស ។

១៧៨. បុ. សិក្ខាបទនេះមានអង្គប៉ុន្មាន?

វិ. មានអង្គ ៧ ដូចសញ្ញាចិកសិក្ខាបទ ។ 

១៧៩. បុ. សិក្ខាបទនេះមានអនាបត្តិដូចម្ដេច?

វិ. មានអនាបត្តិដូចសញ្ញាចិកសិក្ខាបទខាងដើម ។

១៨០. បុ. សិក្ខាបទនេះ ព្រះអង្គគង់នៅក្នុងទីណា? 

ទ្រង់ប្រារព្ធបុគ្គលណា? ព្រោះហេតុអ្វី?

វិ. កាលព្រះអង្គគង់ក្នុងវត្តឃោសិតារាម ក្រុងកោសម្ពីប្រារព្ធចំពោះ

ឆន្នត្ថេរ ព្រោះប្រើគេឱ្យកាប់ឈើធំៗ ដែលអ្នកស្រុកធ្លាប់គោរពបូជា យកមកធ្វើជាកុដិ ។ លក្ខណមានសមុដ្ឋានវិធីជាដើម ដូចសញ្ចរិត្តសិក្ខាបទ ។

            អមូលកសិក្ខាបទទី ៨

១៨១. បុ. ភិក្ខុក្រោធខឹងនឹងភិក្ខុឯទៀត ហើយក្លែងចោទដោយអាបត្តិបារាជិក ដូចម្ដេចដែលត្រូវសង្ឃាទិសេស?

វិ. ភិក្ខុក្លែងចោទដោយមិនមានមូល ត្រូវសង្ឃាទិសេស ។

១៨២. បុ. ភិក្ខុចោទដោយមិនមានមូលនោះដូចម្ដេច?

វិ. ភិក្ខុចោទដោយមិនបានឃើញក្ដី មិនបានឮក្ដី មិនមានសេចក្ដីរង្កៀសក្ដី ហៅថាចោទដោយមិនបានមូល ។

១៨៣. បុ. ភិក្ខុត្រូវអាបត្តិបារាជិកពិតមែនហើយ តែភិក្ខុអ្នកចោទមិនបានឃើញក្ដី មិនបានឮក្ដី មិនមានទោសសេចក្ដីរង្កៀសក្ដី ហើយចោទភិក្ខុនោះដោយអាបត្តិបារាជិក តើត្រូវអាបត្តិអ្វី?

វិ. ភិក្ខុអ្នកចោទនោះ ត្រូវអាបត្តិសង្ឃាទិសេស ។ 

១៨៤. បុ. ភិក្ខុត្រូវអាបត្តិបារាជិកណាមួយហើយ មិនមានសេចក្ដីបរិសុទ្ធិ តែភិក្ខុអ្នកចោទយល់ថា ភិក្ខុនោះបរិសុទ្ធល្អទេ ហើយមិនឱ្យភិក្ខុនោះធ្វើឧកាសដោយសមគួរជាមុន មានប្រាថ្នាឱ្យភិក្ខុនោះឃ្លាតចាកព្រហ្មចរិយធម៌ ក៏ពោលចោទភិក្ខុនោះដោយអាបត្តិបារាជិក 

តើភិក្ខុអ្នកចោទនោះ ត្រូវអាបត្តិអ្វី?

វិ. ភិក្ខុនោះត្រូវអាបត្តិទុក្កដនឹងសង្ឃាទិសេស ។

១៨៥. ហេតុដូចម្ដេច បានជាត្រូវ បើភិក្ខុនោះបារាជិកមែន?

វិ. បានជាត្រូវព្រោះខ្លួនក្លែងចោទដោយមិនមានមូល ។

១៨៦. បុ. ភិក្ខុត្រូវបារាជិកមែន អ្នកចោទយល់ថាភិក្ខុនោះ មិនបរិសុទ្ធដែរ តែមិនឱ្យឱកាសទុកជាមុន ចង់ឱ្យសឹកទើបចោទទៅ តើត្រូវអាបត្តិអ្វី?

វិ. ភិក្ខុអ្នកចោទនោះ ត្រូវអាបត្តិទុក្កដ ។

១៨៧. បុ. ចុះបើយល់ថា មិនបរិសុទ្ធិហើយ ថែមទាំងធ្វើឱ្យកាសទុកជាមុនហើយទើបចោទ តើត្រូវអាបត្តិអ្វី?

វិ. ភិក្ខុអ្នកចោទនោះ មិនមានត្រូវអាបត្តិអ្វីឡើយ ។

១៨៨. បុ. សិក្ខាបទនេះមានអង្គប៉ុន្មាន? អ្វីខ្លះ?

វិ. សិក្ខាបទនេះមានអង្គ៥ គឺ

   ១. ឧបសម្បន្នោតិ សង្ឃូបគមនំ ចោទចំពោះបុគ្គលណាមួយបុគ្គល       នោះ ជាឧបសម្បន្ន

   ២. តស្មឹ សុទ្ធសញ្ញិតា សេចក្ដីសម្គាល់ថា អ្នកនោះជាមនុស្សបរិសុទ្ធ 

   ៣. អមូលកតា ចោទដោយមិនមានមូល 

   ៤. ចាវនាធិប្បាយេន សម្មុខា ចោទនា វា ចោទាបនា វា ចោទខ្លួនឯងឬប្រើគេឱ្យចោទក្នុទីចំពោះមុខដោយបំណងនឹងឱ្យឃ្លាតចាកទី

   ៥. តស្ស តង្ខណំ វិជាននំ ញុំាងភិក្ខុនោះឱ្យដឹងច្បាស់ក្នុង

ខណដែលចោទនោះ ។

១៨៩. បុ. អនាបត្តិក្នុងសិក្ខាបទនេះមានប៉ុន្មាន? អ្វីខ្លះ?

វិ. មានអនាបត្តិ ៤ គឺភិក្ខុយល់ឃើញថាមិនបរិសុទ្ធក្នុងបុគ្គលដែលបរិសុទ្ធ១ យល់ឃើញថាបរិសុទ្ធក្នុងបុគ្គលដែលមិនបរិសុទ្ធ១ ភិក្ខុឆ្កួត១ ភិក្ខុដើមបញ្ញត្តិ១ ។

១៩០. បុ. សិក្ខាបទនេះ កាលព្រះអង្គគង់ក្នុងទីណា? ប្រារព្ធចំពោះបុគ្គលណា?

វិ. កាលព្រះអង្គគង់នៅវេឡុវនារាម ក្រុងរាជគ្រឹះ ប្រារព្ធចំពោះ

មេត្តិយភិក្ខុ នឹងភុម្មជកភិក្ខុ ព្រោះពោលចោទដោយអាបត្តិបារាជិក 

មិនមានមូលចំពោះព្រះទព្វមល្លបុត្តត្ថេរ ។

សិក្ខាបទនេះ ជាសាធារណប្បញ្ញត្តិ ជាសាណត្តិកលក្ខណមានសមុដ្ឋានវិធីជាដើម ដូចអទិន្នាទានសិក្ខាបទ ។

        អញ្ញភាគិយសិក្ខាបទទី ៩ 

១៩១. បុ. ភិក្ខុក្លែងរកលេសនោះដូចម្ដេច? មានប៉ុន្មានយ៉ាង? ចូររាប់!

វិ ភិក្ខុក្រោធខឹងនឹងភិក្ខុឯទៀត​ ហើយក្លែងរកលេសមកចោទមាន ១០ យ៉ាង គឺ ជាតិ ១ នាម ១ គោត្រ ១ ភេទ ១ អាបត្តិ ១ បាត្រ ១ ចីវរ ១ ឧបជ្ឈាយ៍ ១ អាចារ្យ ១ សេនាសន ១ ត្រូវជា ១០ ។

១៩២. បុ. ភិក្ខុក្លែងរកលេសមានជាតិជាដើមមកចោទនោះ 

តើចោទដូចម្ដេច? 

វិ. ភិក្ខុក្លែងរកលេសមានជាតិជាដើមមកចោទនោះ ដូច្នេះលេសគឺជាតិនោះចែកទៅទៀតមាន៤យ៉ាងគឺ ជាតិក្សត្រិយ៍១ ជាតិព្រាហ្មណ៍១ ជាតិអ្នកឈ្មួញ១ ជាតិអ្នកគ្រួ១ លេសទាំង ៤ យ៉ាងនេះ ភិក្ខុចោទបានឃើញភិក្ខុជាតិជាក្សត្រិយ៍ក្ដី ជាព្រាហ្មណ៍ក្ដី ជាឈ្មួញក្ដី ជាអ្នកគ្រួក្ដី ត្រូវអាបត្តិបារាជិក តែមិនបានចោទភិក្ខុមានជាតិជាក្សត្រិយ៍ជាដើមនោះៗ ទេ លុះឃើញភិក្ខុដទៃមានជាតិជាក្សត្រិយ៍ជាដើមដូចគ្នាដែរ ដោយខ្លួនខឹងនឹងគេក៏ក្លែងយកហេតុនោះមកចោទថា ខ្ញុំបានឃើញភិក្ខុមានជាតិជាក្សត្រិយ៍ជាដើម ត្រូវអាបត្តបារាជិកហើយលោកនោះមិនមែនជាសមណ មិនមែនជាសក្យបុត្រទេ ឧបោសថកម្មក្ដី បវារណាកម្មក្ដី សង្ឃកម្មក្ដី មិនមានជាមួយនឹងលោកនោះទេ ភិក្ខុអ្នកក្លែងចោទភិក្ខុផងគ្នា ថាភិក្ខុនេះត្រូវអាបត្តិដូចភិក្ខុនោះដែរ ។

១៩៣. បុ. សិក្ខាបទនេះមានអង្គប៉ុន្មាន?

វិ. មានអង្គ ៥ ដូចអមូលកសិក្ខាបទទី៨ ។

១៩៤. បុ. អនាបត្តិក្នុងសិក្ខាបទនេះមានប៉ុន្មាន? អ្វីខ្លះ?

វិ. អនាបត្តិក្នុងសិក្ខាបទនេះមាន ៣ គឺ ភិក្ខុអ្នកចោទដោយមានសេចក្ដីសម្គាល់ពិតហើយ ចោទដោយខ្លួនឯង ឬប្រើគេឱ្យចោទ ១ ភិក្ខុភ្លេចស្មារតី ១ ភិក្ខុដើមបញ្ញត្តិ ១ ។

១៩៥. សិក្ខាបទនេះកាលព្រះអង្គគង់នៅទីណា? ទ្រង់ប្រារព្ធចំពោះបុគ្គលណា? 

វិ. កាលព្រះអង្គគង់នៅវេឡុវនារាមក្រុងរាជគ្រឹះ ទ្រង់ប្រារព្ធចំពោះ

មេត្តិយភិក្ខុនឹងភុម្មជកភិក្ខុ ព្រោះក្លែងរកលេសមកចោទដោយអាបត្តិបារាជិកមិនមានមូល ។ លក្ខណមានសមុដ្ឋានវិធីជាដើម ដូចអមូលកសិក្ខាបទទី ៨ ។ 

            សង្ឃភេទសិក្ខាបទទី ១០

១៩៦. បុ. ភិក្ខុព្យាយាមបំបែកសង្ឃនោះដូចម្ដេចដែលត្រូវ

សង្ឃាទិសេស?

វិ. ភិក្ខុព្យាយាមបំបែកសង្ឃដូច្នេះ គឺសង្ឃនោះម្ខាង ៤ ម្ខាង ៤ ជា ៨​ ខ្លួនឯងអ្នកបំបែក១ ទៀតត្រូវជា ៩ សង្ឃទាំង ៨ នេះព្រមព្រៀងគ្នា ភិក្ខុអ្នកបំបែកយកភេទករណវត្ថុទាំង ១៨ ណាមួយមកពោលញុះញង់បំបែក តែសង្ឃមិនទាន់បែកគ្នាទេ សង្ឃឯទៀតបានដឹងហើយក៏បានសូត្រសមនុភាសនកម្ម ហាមប្រាម ដើម្បីឲ្យភិក្ខុអ្នកប្រព្រឹត្តនោះលះបង់ចេញ សូត្រ១ ចប់ មិនលះបង់ ត្រូវទុក្កដ សូត្រ ២ ចប់មិនលះបង់ ត្រូវថុល្លច្ច័យ សូត្រ ៣ ចប់មិនលះបង់ត្រូវសង្ឃាទិសេស ។

១៩៧. បុ. ចុះបើសង្ឃបែកគ្នាជា ២ តើភិក្ខុអ្នកបំបែកនោះត្រូវ

ទោសអ្វី?

វិ. ភិក្ខុនោះត្រូវអនន្តរិយកម្ម ។

១៩៨. បុ. ភេទករណវត្ថុ ១៨ នោះដូចម្ដេច ?

វិ. ភេទករណវត្ថុ ១៨ នោះដូច្នេះគឺ

   ១. មិនមែនធម៌សំដែងថាធម៌

   ២. ធម៌សំដែងថាមិនមែនធម៌

   ៣. មិនមែនវិន័យសំដែងថាវិន័យ

   ៤. វិន័យសំដែងថាមិនមែនវិន័យ

   ៥. ពាក្យដែលតថាគតមិនបានសំដែង ថាតថាគតសំដែង

   ៦. ពាក្យដែលតថាគតមិនសន្សំទុក ថាតថាគតសន្សំទុក

   ៧. អំពើដែលតថាគតមិនសន្សំទុក ថាតថាគតសន្សំទុក

   ៨. អំពើដែលតថាគតសន្សំទុក ថាតថាគតមិនបានសន្សំទុក

   ៩. សេចក្ដីដែលតថាគតមិនបញ្ញត្ត ថាសេចក្ដីដែលតថាគត

         បានបញ្ញត្ត

   ១០. សេចក្ដីដែលតថាគតបានបញ្ញត្ត ថាសេចក្ដីដែលព្រះតថាគតមិនបានបញ្ញត្ត 

   ១១. សំដែងអាបត្តិ ថាជាអនាបត្តិ

   ១២. សំដែងអនាបត្តិ ថាជាអាបត្តិ

   ១៣. សំដែងគរុកាបត្តិ ថាជាលហុកាបត្តិ

   ១៤. សំដែងលហុកាបត្តិ ថាជាគរុកាបត្តិ

   ១៥. សំដែងសាវសេសាបត្តិ(១)ថាជាអនវសេសាបត្តិ

   ១៦. សំដែងអនវសេសាបត្តិ ថាជាសាវសេសាបត្តិ

   ១៧. សំដែងទុដ្ឋុល្លាបត្តិ ថាជាអទុដ្ឋុល្លាបត្តិ ។

   ១៨. សំដែងអទុដ្ឋុល្លាបត្តិ ថាជាទុដ្ឋុល្លាបត្តិ ។

១៩៩. បុ. ភិក្ខុព្យាយាមបំបែកសង្ឃ ភិក្ខុឯទៀតដឹងហើយមិនហាមប្រាម ភិក្ខុអ្នកមិនហាមប្រាមនោះ ត្រូវអាបត្តិអ្វី ?

វិ. ភិក្ខុអ្នកមិនហាមប្រាមនោះ ត្រូវអាបត្តិទុក្កដ ។

២០០. បុ. សិក្ខាបទនេះ មានអង្គប៉ុន្មាន? អ្វីខ្លះ?

វិ. មានអង្គ ៤ គឺ

   ១. ភេទាយ បរក្កមនំ ព្យាយាមដើម្បីបំបែកសង្ឃ

   ២. ធម្មកម្មេន សមនុភាសនំ សង្ឃបានធ្វើកម្មនោះ ប្រកបដោយធម៌

   ៣. កម្មវាចាបរិយោសានំ សូត្រចប់ចតុត្ថកម្មវាចា

   ៤. អប្បដិនិស្សជ្ជនំ មិនលះបង់នូវទិដ្ឋិ ។

២០១. អនាបត្តិសិក្ខាបទនេះ មានប៉ុន្មាន? អ្វីខ្លះ?

វិ. មាន ៣ គឺ 

   ១. សង្ឃមិនបានសូត្រសមនុភាសនកម្ម 

   ២. ភិក្ខុដែលបានលះបង់ស្រឡះ

   ៣. ភិក្ខុឆ្កួត ។

២០២. សិក្ខាបទនេះ ព្រះអង្គគង់ក្នុងទីណា? ទ្រង់ប្រារព្ធចំពោះ

បុគ្គលណា? ព្រោះហេតុអ្វី?

វិ. កាលព្រះអង្គគង់នៅក្នុងវេឡុវន ជាកលន្តកនិវាបស្ថានជិត

ក្រុងរាជគ្រឹះ ទ្រង់ប្រារព្ធចំពោះទេវទត្ត ព្រោះទេវទត្តព្យាយាម

ដើម្បីបំបែកសង្ឃ ។

   សិក្ខាបទនេះ ជាសមនុភាសនសមុដ្ឋាន ជាអកិរិយា ជាសញ្ញាវោមោក្ខ ជាសចិត្តក ជាលោកវជ្ជ ជាកាយកម្មនឹងវចីកម្ម ជាអកុសលចិត្ត ជាទុក្ខវេទនា ។

            ភេទានុវត្តកសិក្ខាបទទី ១១

២០៣. បុ. ភិក្ខុប្រព្រឹត្តតាមភិក្ខុឯទៀត ដែលបំបែកសង្ឃនោះដូចម្ដេចដែលត្រូវសង្ឃាទិសេស ?

វិ. ភិក្ខុទាំងឡាយ តាំងពី ៣ អង្គចុះមក ជាបក្សពួកភិក្ខុអ្នកព្យាយាមបំបែកសង្ឃនោះ ជួយរាំងរាសេចក្ដីទាស់ទែងភិក្ខុដទៃថា លោកទាំងឡាយកុំស្រីដីអ្វីឱ្យភិក្ខុនោះឡើយ ព្រោះភិក្ខុនោះគេពោលតាម
ធម៌វិន័យ ជាទីពេញចិត្តរបស់យើង លុះសង្ឃដឹងហើយក៏ហៅមកប្រជុំសូត្រសមនុភាសនកម្មហាមប្រាម ភិក្ខុនោះនៅតែមិនទាន់លះបង់ សង្ឃសូត្រសមនុភាសនកម្ម ១ ចប់ហើយមិនលះបង់ត្រូវទុក្កដ ២ ចប់នៅតែមិនលះបង់ត្រូវថុល្លច្ច័យ បើ ៣ ចប់ហើយ នៅតែមិនលះបង់ទៀតត្រូវសង្ឃាទិសេស ។ 

សិក្ខាបទនេះមានអង្គនឹងសមុដ្ឋានដូចសង្ឃភេទសិក្ខាបទ ។

២០៤. បុ. សិក្ខាបទនេះ មានអនាបត្តិប៉ុន្មាន?

វិ. មានអនាបត្តិ ៥ គឺ

   ១. ភិក្ខុដែលសង្ឃមិនបានសូត្រសមនុភាសនកម្ម

   ២. ភិក្ខុដែលបានលះបង់ស្រឡះ

   ៣. ភិក្ខុឆ្កួត

   ៤. ភិក្ខុមានចិត្តរវើរវាយ

   ៥. ភិក្ខុដើមបញ្ញត្តិ ។

២០៥. បុ. សិក្ខាបទនេះ កាលព្រះអង្គគង់នៅទីណា? ប្រារព្ធចំពោះបុគ្គលណា?

វិ. កាលព្រះអង្គគង់នៅវេឡុវន ជិតក្រុងរាជគ្រឹះ ទ្រង់ប្រារព្ធចំពោះកោកាលិកភិក្ខុ ដែលសមគំនិតនឹងទេវទត្ត ហើយហាមប្រាមភិក្ខុឯទៀតមិនឱ្យតិះដៀលទេវទត្ត ។

        ទុព្វចជាតិកសិក្ខាបទទី ១២ 

២០៦. បុ. ភិក្ខុប្រកបដោយជាតិជាអ្នករបឹងរឹងរូសប្រដៅក្រ 

ហើយត្រូវអាបត្តិសង្ឃាទិសេសនោះតើដូចម្ដេច?

វិ. ភិក្ខុប្រកបដោយជាតិជាអ្នករបឹងរឹងរូសនោះ គឺភិក្ខុជាតិក្សត្រិយ៍ មុខរឹងចចេសប្រព្រឹត្តខុសធម៌វិន័យ មិនស្ដាប់បង្គាប់ភិក្ខុឯទៀតៗ សង្ឃបានដឹង បានសូត្រសមនុភាសនកម្ម ហាមប្រាមគម្រប់ ៣ ដង នៅតែមិនលះបង់ចេញ ត្រូវសង្ឃាទិសេស ។ 

   សិក្ខាបទនេះ មានអង្គនិងសមុដ្ឋានដូចសង្ឃភេទសិក្ខាបទ ។

២០៧. សិក្ខាបទនេះ មានអនាបត្តិប៉ុន្មាន? អ្វីខ្លះ?

វិ. មាន ៤ គឺ

   ១. ភិក្ខុដែលសង្ឃមិនទាន់សូត្រសមនុភាសនកម្ម

   ២. ភិក្ខុដែលបានលះបង់ស្រឡះ

   ៣. ភិក្ខុឆ្កួត

   ៤. ភិក្ខុដើមបញ្ញត្តិ ។

២០៨. សិក្ខាបទនេះ កាលព្រះអង្គគង់ក្នុងទីណា? 

ប្រារព្ធចំពោះបុគ្គលណា?

វិ. កាលព្រះអង្គគង់នៅឃោសិតារាម ជិតក្រុងកោសម្ពី ប្រារព្ធចំពោះ

ឆន្នត្ថេរ ដែលប្រព្រឹត្តអនាចារ ។

            កុលទូសកសិក្ខាបទទី១៣

២០៩. បុ. ភិក្ខុទ្រុស្ដត្រកូលដូចម្ដេចដែលត្រូវសង្ឃាទិសេស ?

វិ. ភិក្ខុទ្រុស្ដត្រកូលនោះ គឺភិក្ខុដែលប្រចុបប្រចែងផ្គាប់គុណគ្រហស្ថចង់បានលាភសក្ការ ប្រកបអនេសន សង្ឃបានបណ្ដេញចេញអំពីវត្ត ហើយត្រឡប់ពោលតិះដៀល សង្ឃវិញ សង្ឃបានសូត្រសមនុភាសនកម្មហាមប្រាម ដើម្បីឱ្យលះបង់អំពើដែលប្រព្រឹត្តនោះចេញ បើមិនលះបង់ត្រូវសង្ឃាទិសេស ។

សិក្ខាបទនេះមានអង្គនឹងសមុដ្ឋានដូចសង្ឃភេទសិក្ខាបទ ។

២១០. បុ. សិក្ខាបទនេះ មានអនាបត្តិប៉ុន្មាន? អ្វីខ្លះ?

វិ. មានអនាបត្តិ ៦ គឺ

   ១. ភិក្ខុដែលសង្ឃមិនបានសូត្រសមនុភាសនកម្ម

   ២. ភិក្ខុដែលបានលះបង់ស្រឡះ

   ៣. ភិក្ខុឆ្កួត

   ៤. ភិក្ខុមានចិត្តរវើរវាយ

   ៥. ភិក្ខុមានវេទនាគ្របសង្កត់

   ៦. ភិក្ខុដើមបញ្ញត្តិ ។

២១១. បុ. សិក្ខាបទនេះ កាលព្រះអង្គគង់ទីណា?

 ប្រារព្ធចំពោះបុគ្គលណា?

វិ. កាលព្រះអង្គគង់នៅវត្តជេតពន ក្រុងសាវត្ថី ទ្រង់ប្រារព្ធចំពោះ

អស្សជ្ជិភិក្ខុ និងបុនព្វសុករភិក្ខុ ដែលធ្វើកុលទូសករនេសន ។

២១២. បុ. សង្ឃាទិសេសទាំង១៣ សិក្ខាបទនេះ លោកចែកចេញ

ជាប៉ុន្មានពួក? អ្វីខ្លះ?

វិ. ចែកចេញជា ២ ពួក គឺតាំងពីសុក្កវិសដ្ឋិសិក្ខាបទ មកទល់នឹងអញ្ញភាគិយសិក្ខាបទ ទាំង ៩ សិក្ខាបទនេះ ឈ្មោះថា បឋមាបត្តិកា ព្រោះអាបត្តិត្រូវក្នុងវេលាប្រព្រឹត្តកន្លងពុទ្ធប្បញ្ញត្តិជាដំបូង ៤ សិក្ខាបទខាងចុង ឈ្មោះថាយាវតតិយកា ព្រោះអាបត្តិ ត្រូវក្នុងវេលាសង្ឃសូត្រប្រកាសចប់សមនុភាសនកម្មជាគម្រប់ ៣ ដងហើយ នៅតែមិនលះបង់ចេញ ទើបត្រូវអាបត្តិជាចុងក្រោយ ។

        ចប់សង្ឃាទិសេស១៣តែប៉ុណ្ណេះ

                អនិយត ២

                អលំកម្មនិយ

ភិក្ខុអង្គុយក្នុងទីកំបាំងភ្នែកតែ ២ នាក់នឹងស្ត្រី បើមានមនុស្សដែលគួរជឿពាក្យបាន មកពោលចោទដោយអាបត្តិ៣ យ៉ាងគឺ បារាជិក សង្ឃាទិសេស បាចិត្តិយ អាបត្តិណាមួយ បើភិក្ខុទទួលប្ដេជ្ញា ដោយអាបត្តិណា គប្បីឱ្យភិក្ខុជាវិនយធរកាត់ទោសតាមអាបត្តិនោះ ឬគេចោទ ចំពោះអាបត្តិណា ក៏គប្បីកាត់ទោស ចំពោះអាបត្តិនោះ ។

២១៣ បុ ភិក្ខុអង្គុយ ក្នុងទីកំបាំងភ្នែក ដែលគួរចោទអាបត្តិ ៣ យ៉ាងគឺបារាជិក តើសិក្ខាបទទីប៉ុន្មាន? សង្ឃាទិសេសសិក្ខាបទទីប៉ុន្មាន? 

បាចិត្តិយសិក្ខាបទទីប៉ុន្មាន?

វិ. អង្គុយកំបាំងភ្នែកគឺត្រចៀកឮ បើនិយាយអ្វីក៏ដឹង ត្រូវបារាជិកនោះ

 គឺគួរចោទ មេថុនធម្ម សិក្ខាបទទី១០ សង្ឃាទិសេស គឺកាយសំសគ្គ សិក្ខាបទទី២ បាចិត្តិយ គឺរហោនិស្សជ្ជ សិក្ខាបទ ៥ នៃអចេលកវគ្គ

ទី ៥ ។

                នាលំកម្មនិយ

ភិក្ខុអង្គុយកំបាំងត្រចៀក តែ ២ នាក់នឹងស្ត្រី បើមានឧបាសិកាដែលគួរជឿពាក្យបាន មកពោលចោទដោយអាបត្តិ ២ យ៉ាង គឺសង្ឃាទិសេស និងបាចិត្តិយ អាបត្តិណាមួយ បើភិក្ខុប្ដេជ្ញាដោយអាបត្តិណា ភិក្ខុជាវិនយធរគប្បីកាត់ទោសតាមអាបត្តិនោះ ឬគេចោទចំពោះអាបត្តិណា ក៏កាត់ទោសចំពោះអាបត្តិនោះ ។

២១៤. បុ. អង្គុយកំបាំងត្រចៀក គួរចោទបានអាបត្តិ ២ គឺ

 សង្ឃាទិសេស និងបាចិត្តិយ សង្ឃាទិសេសបានប៉ុន្មានសិក្ខាបទ?

 ទីប៉ុន្មាន? បាចិត្តិយ បានប៉ុន្មានបាចិត្តិយ? ទីប៉ុន្មាន? 

វិ. សង្ឃាទិសេសបាន ២ សិក្ខាបទ គឺទុដ្ឋល្លវាចា សិក្ខាបទទីបី១ 

អត្តកាមបារិចរិយាសិក្ខាបទទីបួន ១ បាចិត្តិយបានដល់រហោបដិច្ឆន្នសិក្ខាបទទី៤ និងរហោនិស្សជ្ជសិក្ខាបទទី៥ នៃអចេលកវគ្គទី ៥ ។

            ប្រស្នាបាតិមោក្ខ

                ភាគទី ១

        (មានភាគទី ២ តទៅទៀត)




Comments

Popular posts from this blog

វិវត្តន៍នៃភាសាខ្មែរមាន៣លើកធំៗ,វិវត្តន៍នៃភាសាខ្មែរ,ភាសាខ្មែរយើង,ខ្មែរក្រោមនិងភាសាខ្មែរ

ខ្នាតរង្វាស់រង្វាល់បុរាណខ្មែរ,របៀបរាប់តាមខ្មែរសម័យដើម

ស្រូវ ៧ យ៉ាង, មហាផល ៩ យ៉ាង